ក្រុង​មុយ​និក: លោក Jupp Heynckes គ្រូ​បង្វឹក​របស់​ក្រុម Bayern Munich​ បាន​ទទួល​ស្គាល់​ថា ​លោក​កំពុង​តែ​ឈឺ​ក្បាល​ក្នុង​ការ​ជ្រើស​រើស​កីឡាករ​ និង​ការ​រៀប​ចំ​ក្រុម សម្រាប់​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​​ ១៦ ​ក្រុម​​ចុងក្រោយ​ ជើង​ទី​ ១ ជាមួយ​នឹង​ក្រុម Besiktas នៅ​រាត្រីនេះ​។

ក្រុម Bayern នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ដោយ​​គ្មាន​ការ​បារម្ភ​ពី​បញ្ហា​របួស​កីឡាករ​សោះ ខណៈ​ដែល​រាល់​​​កីឡាករ​ទាំង​អស់​របស់​ពួក​គេ​សុទ្ធ​សឹង​អាច​ចូល​លេង​បាន​សម្រាប់​ការប្រកួ​ត​នា​រាត្រី​​នេះ នៅ​កីឡដ្ឋាន Allianz Arena​។

លោក Heynckes​ ដែល​បាន​ដឹកនាំ​​ឲ្យ​ក្រុម Bayern ឈ្នះ​ពាន Champions League កាល​ពីឆ្នាំ ​២០១៣ ​នោះ នឹង​ឈាន​ចូល​វ័យ​ ៧ ៣​ឆ្នាំ​ នៅ​ខែ​ឧស​ភា​ខាង​មុខ​នេះ ប៉ុន្តែ គ្រូ​បង្វឹក​រូបនេះ​បាន​បញ្ជាក់​ថា លោក​នៅ​តែ​មាន​​អារម្មណ៍​តាន​តឹង​​ចំពោះ​​ការ​ត្រៀម​លក្ខណៈ​ផ្សេង​ៗ​ សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​មួយ​នេះ​។

លោក​​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​​​ដ៏​លំ​បាក​ៗ​ជាច្រើន ខណៈ អ្នក​ចាំ​ទី Manuel Neuer គឺ​ជា​កីឡាករ​តែម្នាក់​ដែល​អវត្ត​មាន ក្រោយពី​រូប​គេ​ទើប​តែ​​ជា​សះ​ស្បើយ​ពី​បញ្ហា​របួស​ប្រអប់​ជើង​របស់​គេ​​។

លោក Heynckes បាន​​​និយាយ​ក្នុង​​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​​មាន​ក្រុម A ឬ ក្រុម B ឡើយ​ ប៉ុន្តែ មាន​តែ​ក្រុម Bayern តែមួយ​​ប៉ុណ្ណោះ​​។ រាល់​​កីឡាករ​ទាំង​អស់​ដឹង​ពី​តួនាទី​របស់​ពួក​គេ និង​យល់​គ្នា​ទៅ​វិញ​ទៅមក ហេតុនេះ ខ្ញុំ​គិត​ថា យើង​មិន​មាន​បញ្ហា​ច្រើន​ឡើយ​ក្នុងការ​​ដាក់​ឲ្យ​កីឡាករ​លេង​ចុះ​ឡើង​នោះ​»​។

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ ២:៤៥ ​ទៀប​ភ្លឺ​៕ IS

ខ្សែ​បម្រើ Franck Ribery (ឆ្វេង) និង​ខ្សែ​បម្រើ Javier Martinez របស់ក្រុម Bayern Munich កម្តៅ​សាច់​ដុំ​មុន​ការ​ប្រកួត​នៅ​រាត្រីនេះ​។ AFP