ភ្នំពេញ: កីឡាករប្រដាល់ជើងខ្លាំងជំនាន់ក្រោយ សៅ វណ្ណា ដែលទើបតែឈ្នះជើងឯកពានរង្វាន់ TV5 Knock Out Series By Kcement ថ្មីៗកន្លងមកនេះ កំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីស្វែងរកការប្រកួតជាមួយគូអន្តជាតិ និងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នៃសង្វៀនប្រដាល់ណាមួយបន្ថែមទៀតដើម្បីកិត្តិយស និងប្រាក់រង្វាន់ ក៏ដូចជាតម្លៃខ្លួនកាន់តែខ្ពស់។
ក្នុងប្រវត្តិឡើងសង្វៀនប្រកួតចំនួន ៣០ លើកក្នុងរយៈពេលកន្លះឆ្នាំមកនេះ សៅ វណ្ណា បានសាងឈ្មោះល្បីលឿនបំផុតតាមរយៈការឈ្នះ ២៩ លើក និងផ្តួលម្ចាស់ខ្សែក្រវាត់ ២ នាក់ឲ្យចុះចាញ់ក្រោមថ្វីដៃរបស់ខ្លួនគឺង៉ែត្រ រដ្ឋា និង ពុយ វណ្ណៈ ដើម្បីឈានទៅឈ្នះអ៊ុំ វណ្ណេត ដើម្បីយកពាន TV5 Knock Out Series By Kcement ក្នុងទម្ងន់ ៦៥ គីឡូក្រាម។
អ្នកលេងគុនខ្មែរពូកែជង្គង់ និងកែងរូបនេះ មានស្រុកកំណើតមកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានចាកចេញពីមុខរបរកម្មករផ្សារដែកមកចាប់អាជីពឡើងប្រដាល់នៅក្លិបវាលស្បូវច្បារអំពៅនៃក្រសួងមហាផ្ទៃ។
សៅ វណ្ណា បាននិយាយថា៖ «ខ្ញុំចង់មានឱកាសឈានដល់វាយជាមួយកីឡាករបរទេសលក្ខណៈមិត្តភាពអន្តរជាតិនានា ឬឡើងប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនប្រដាល់ណាមួយ ព្រោះបច្ចុប្បន្ននេះមិនទាន់ស្គាល់ជាតិប្រកួតអន្តរជាតិជាមួយជើងខ្លាំងនៅឡើយនោះទេ»។
សៅ វណ្ណា បានបន្តថា៖ «ខ្ញុំសុំឲ្យលោកគ្រូ និងគណៈកម្មការផ្គូផ្គងរបស់សហព័ន្ធដាក់ខ្ញុំឲ្យប្រកួតជាមួយអ្នកខ្លាំង ដើម្បីខ្ញុំស្គាល់រសជាតិប្រកួតកាន់តែខ្លាំង និងអស្ចារ្យជាងមុន»។
សៅ វណ្ណា បន្ថែមថា៖ «ក្នុងចំណោមបេក្ខភាពដណ្តើមខ្សែក្រវាត់ដែលគេបានត្រៀមចំនួន ៤ នាក់រួចហើយមានផាន់ គ្រាន់ មកពីក្លិបពុទ្ធសេរីវង្ស ឌុម កែវដា មកពីមកុដរាជសីយ៍ វ៉េង សុភក្ត្រ មកពីកងទ័ពឆត្រយោង ៩១១ និងសេង ស្រឿន មកពីក្លិបមហិទ្ធិឫទ្ធិដំបងដែក ខ្ញុំហ៊ានឡើងប្រកួតដោយមិនញញើតជាមួយរៀមច្បងទាំងនោះឡើយ។
លោកញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់នៅសង្វៀនអាស៊ីអាគ្នេយ៍ បាននិយាយថា៖ «កីឡាករសៅ វណ្ណា ទើបតែឈ្នះពាន និងមានប្រវត្តិប្រកួតល្អមែន ប៉ុន្តែនៅខ្ចីវស្សាណាស់មិនទាន់អាចដាក់ប្រកួតជាមួយកីឡាករថៃដណ្តើមខ្សែក្រវាត់ឲ្យមានសមត្ថភាពប្រហាក់ប្រហែលនោះបាននៅឡើយទេ ពោលគឺត្រូវពង្រឹងកម្លាំង និងជំហរឹងមាំឲ្យបានល្អថែមទៀត»។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា លោកនឹងផ្គូផ្គងឲ្យបានប្រកួតជាមួយគូមិត្តភាពជាលក្ខណៈអន្តរជាតិជាមួយកីឡាករថៃក្នុងពេលខាងមុខមិនខាន។ កីឡាករជើងខ្លាំងថ្មីវ័យក្មេងៗមួយចំនួន ដែលកំពុងលេចធ្លោមានសមត្ថភាពប្រកួតយកឈ្នះជើងចាស់ខ្លាំងៗមួយចំនួន មាន សៅ វណ្ណា, ធឿន ធារ៉ា, សុខ ធី និងចាន់ ណា៕