ភ្នំពេញ: ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាម​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​ជម្រុះ​ជុំ​ដំបូង កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០១៨ បាន​បញ្ចប់​ដោយ​កីឡាករ​កម្ពុជា​ឌុម កែវដា មក​ពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ និង​កីឡាករ​វេង សុភ័ក្ត្រ​មក​ពី​ក្លិប​ទ័ព​ឆត្រ​យោង ៩១១ ត្រូវ​បាន​កាត់​ក្តី​ឲ្យ​ចាញ់​កីឡាករ​ថៃ​ដូចគ្នា។ ប៉ុន្តែ សម្រាប់​លទ្ធផល​គូ វេង សុភ័ក្ត្រ និង​កីឡាករ​ថៃ Loom Leng ទទួល​រង​នូវ​ការ​រិះគន់​ពី​ភាព​លម្អៀង​របស់​ចៅក្រម ដែល​ហាក់បី​ដូច​ផ្តល់​សំណាង​ឲ្យ​ទៅ​លើ​កីឡាករ​ថៃ។

លទ្ធផល​នៃ​ការប្រកួត​ចំនួន ៥ ទឹក​ពេញ គេ​សង្កេត​ឃើញ​ថា មាន​ការ​តស៊ូ​ជាមួយ​គ្នា​ស្វិតស្វាញ ក្នុង​នោះ វេង សុភ័ក្ត្រ មាន​ប្រៀប​បន្តិច​បន្តួច​ដោយ​ចេញ​ស្នៀត​ទាត់ និង​ធាក់​ចេញ​បាន​ច្រើន​ជាង ខណៈ​ដែល​ស្នៀត​ជង្គង់ និង​កណ្តាប់ដៃ​ប្រហាក់​ប្រហែល​គ្នា។ អ្នក​ទស្សនា​ភាគ​ច្រើន​គេ​មាន​ទំនុក​ចិត្ត​មុន​ប្រកាស​លទ្ធផល​ថា វេង សុភ័ក្ត្រ នឹង​ឈ្នះ ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​បែរ​ជា​ចាញ់​ទៅ​វិញ។

ទោះជា​យ៉ាងណា តាមរយៈ​លទ្ធផល​ផ្លូវការ គណៈកម្មការ​វិនិច្ឆ័យ បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ចៅក្រម​ចំនួន ៥ នាក់ បាន​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ​ថៃ Loom Leng ឈ្នះ ៤ នាក់​ចំណែក​កីឡាករ វេង សុភ័ក្ត្រ មាន​ចៅក្រម​តែ​ម្នាក់​គត់​ឲ្យ​ឈ្នះ​នោះ។ វេង សុភ័ក្ត្រ បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «ការ​ចាញ់​របស់​ខ្ញុំ​ពិត​ជា​មិន​អស់​ចិត្ត​សោះ ពីព្រោះ​ខ្ញុំ​ប្រឹង​ប្រែង​ខ្លាំង និង​មាន​ទំនុកចិត្ត​ខ្ពស់​ថា​ឈ្នះ ប៉ុន្តែ​លទ្ធផល​បែរ​ជា​ឲ្យ​ចាញ់​ទៅ​វិញ​គួរ​ឲ្យ​សោក​ស្តាយ»។

ការប្រកួត​មួយគូ​ទៀត​រវាង​ឌុ​ម កែវដា និង Den Phichhith កីឡាករ​កម្ពុជា ចាញ់​តែ​ចំណុច​រាប់​ប៉ុណ្ណោះ​ក្នុង​ទឹក​ទី ២ ក្រៅ​ពី​នេះ​មាន​ប្រៀប​ជាង​ផងដែរ។ ក្នុងការ​ស្វិតស្វាញ​ចំនួន ៥ ទឹក​ពេញ ឌុម កែវដា មាន​ប្រៀប​ទឹក​ទី ១ ទឹក​ទី ៣ និង​ទឹក​ទី ៤ ប៉ុន្តែ​នៅ​ទឹក​ទី ២ Den Phichhith បាន​ដាល់​ចូល​មុខ​ពេញ​បណ្តាល​ឲ្យ​ទ្រេត​ជំហរ​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ឡុង វិបុល រាប់​ចំនួន ៨ មួយ​លើក ហើយ​ទឹក​ទី ៥ ថៃ​មាន​ប្រៀប​ទៀត​ធ្វើ​ឲ្យ​កែវដា ចាញ់​ដោយ​អស់​ចិត្ត៕