ភ្នំពេញៈ លោក វ៉ាត់ ចំរើន ដែល​ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គ​មហា​សន្និបាត ឲ្យ​បន្ត​ធ្វើ​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្នុង​អាណត្តិ​ទី ៧ ថ្មី ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ បាន​ធ្វើការ​បញ្ជាក់​ពី​ចំណុច​ស្លាប់​រស់ ដែល​ត្រូវ​អនុវត្ត​ឲ្យ​បាន នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់ NOCC ក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

នៅក្នុង​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទាំង ៩ ចំណុច ដែល NOCC បាន​ដាក់​ចេញ ក្នុង​អាណត្តិ​ថ្មី​នេះ​វា​មាន​សារៈសំខាន់​បំផុត សម្រាប់​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម ឆ្នាំ ២០២៣ ព្រោះ​វាជា​ផែនការ​យុទ្ធសាស្ត្រ ដែល​ផ្តោត​ទៅ​លើ​ទិដ្ឋភាព​នៃ​កាលា​នុវត្តភាព​ថ្មី ដោយ​ត្រូវ​ពិនិត្យ​ទាំង​លើ​វិទ្យាសាស្ត្រ​កីឡា និង​ជំនាញ​កីឡា​ជាក់​ស្តែង មុន​ស៊ីហ្គេម ឆ្នាំ ២០២៣ មក​ដល់»។

លោក​បញ្ជាក់​ថា៖ «ចំណុច​ស្លាប់​រស់ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទាំង ៩ ចំណុច​របស់​យើង គឺ​យើង​ត្រូវធ្វើ​យ៉ាង​ណា​អនុវត្ត​ឲ្យ​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រភេទ​កីឡា​នីមួយៗ ក្នុង​កម្មវិធី​ប្រកួត​ស៊ីហ្គេម នា​ឆ្នាំ ២០២៣ ដោយ​ដាក់​ចេញ​ជា​សម្ទុះ​នៃ​ចំនួន​មេដាយ ដែល​ត្រូវ​ដណ្តើម​យក ប៉ុន្តែ​យើង​មិន​មាន​មហិច្ឆតា​ធំ​ពេក​ទេ ដោយ​ឯកឧត្តម​បណ្ឌិត​ប្រធាន ថោង ខុន បាន​បញ្ជាក់​ថា មហិច្ឆតា​របស់​យើង គឺ​ត្រូវ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង ៥ ដែល​ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ ក្នុង​ចំណោម ១១ ប្រទេស»។

សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ទាំង ៩ ចំណុច ដែល NOCC បាន​ដាក់​ចេញ ក្នុង​អាណត្តិ​ទី ៧ ថ្មី​នេះ រួម​មាន ទី ១ បន្ត​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​សហព័ន្ធ​កីឡា​ជាតិ ដែល​មាន​ភាព​មិន​ប្រក្រតី មាន​ការ​អភិវឌ្ឍ​យឺត និង​មាន​ការ​រាំងស្ទះ​ដល់​យន្តការ​បច្ចេកទេស​កីឡា​ជំនាញ ទី ២ ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ប្តេជ្ញា​ចិត្ត​លើស​ម្ទុះ​មេដាយ ដែល​បាន​កំណត់​ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​ទី ៣០ ឆ្នាំ ២០១៩ លើក​ទី ៣១ ឆ្នាំ ២០២១ និង​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​ទី ៣ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ លើ​ផែនការ​អភិវឌ្ឍ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ ដោយ​ដាក់​ចេញ​នូវ​យន្តការ​តាម​ដាន ត្រួត​ពិនិត្យ វាយ​តម្លៃ​ច្បាស់​លាស់ ឈាន​ដល់​ការ​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ។ ទី ៤ សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ប្រកប​ដោយ​ឆន្ទៈ​វិជ្ជមាន ក្នុង​ស្មារតី​សាមគ្គី សហប្រតិបត្តិការ ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការ​រៀប​ចំ​ស៊ីហ្គេម ឆ្នាំ ២០២៣ «CAMSOC» សហព័ន្ធ​កីឡា​ជាតិ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ឆ្ពោះ​ទៅ​រក​ប្រសិទ្ធ​ភាព និង​ទទួល​បាន​ជោគ​ជ័យ​នៅ​ឆ្នាំ ២០២៣។

ចំណុច​ទី ៥ ត្រូវ​បន្ត​កៀរគរ សប្បុរសជន និង​វិស័យ​ឯកជន​ចូលរួម​ឧបត្ថម្ភ គាំទ្រ​សកម្មភាព​កីឡា និង​ព្រឹត្តិការណ៍​កីឡា​នានា រីឯ​ទី ៦ បន្ត​កិច្ច​សហការ​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​រៀលរាល់ ២ ឆ្នាំ​ម្តង។ ទី ៧ ស្វែងរក​មេដាយ​ចំនួន ២ ខ្ទង់ (១០ មេដាយ​មាស​ឡើង) ពី​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២១ ឯ​ទី ៨ ស្វែងរក​មេដាយ​ឲ្យ​បាន​យ៉ាងតិច​ចំនួន ១ ក្នុងការ​ប្រកួត​កីឡា​អាស៊ី ក្នុង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០២២ ហើយ​ទី ៩ ជំរុញ​អត្តពលិក​ឲ្យ​ដណ្តើម​សិទ្ធិ​ពេញ​លេញ (Qualified Athletes» ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ ២០២០ នៅ ប្រទេស​ជប៉ុន។

លោក វ៉ាត់ ចំរើន បាន​លម្អិត​បន្ថែម​លើ​ផែនការ​យុទ្ធសាស្ត្រ​ទាំង ៩ ចំណុច​នេះ​ថា៖ «ចំណុច​សំខាន់​ទី ១ នៅ​ក្នុង​គោល​ដៅ​យុទ្ធសាស្ត្រ​ទាំង​នោះ គឺ​សហព័ន្ធ​ទាំង​អស់ ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​សម្ទុះ​មេដាយ​មាស ដែល​ត្រូវ​យក​នៅ​ឆ្នាំ ២០២៣ ហើយ​ទី ២ ត្រូវ​បន្ត​ធ្វើ​កំណែ​ទម្រង់ ព្រោះ​នេះ​ជា​ដំណាក់​កាល ក្នុង​ការ​វះកាត់ ឬ​សម្រេច​ពី​ជោគ​វាសនា​របស់​សហព័ន្ធ​ណា ដែល​មាន​ភាព​មិន​ប្រក្រតី អភិវឌ្ឍ​យឺតយ៉ាវ និង​មិន​ទទួល​ខុស​ត្រូវ លើ​ការ​ជំរុញ​គុណ​ផល​កីឡា និង​ច្ចេកទេស​កីឡា ឲ្យ​ឆ្ពោះ​ទៅ​មុខ និង​មាន​ភាព​រាំងស្ទះ ការ​អភិវឌ្ឍ​បច្ចេកទេស ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​ជំរុញ និង​ជួយ​ដល់​សហព័ន្ធ​មួយ​ចំនួន ដែល​មាន​ការ​អភិវឌ្ឍ​យឺត»។

ជាមួយគ្នានេះ លោក ចំរើន ក៏បាន​គូស​បង្ហាញ​ពី​សហព័ន្ធ ឬ​ប្រភេទ​កីឡា ដែល​មាន​សក្តានុពល​ខ្លាំង ក្នុងការ​ប្រជែង​យក​មេដាយ ក៏​ដូចជា​ជំរុញ​ឲ្យ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ពី​ប្រជាពលរដ្ឋ​កម្ពុជា ផងដែរ ហើយ​ចំណុច​សំខាន់​មួយ​ចំនួន នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត ពី​ឆ្នាំ ២០១៨ នេះ តទៅ។

លោក​ថ្លែងថា៖ «សហព័ន្ធ​កីឡា ដែល​ត្រូវបាន​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​អាទិភាព ក្នុង​ស៊ីហ្គេម ឆ្នាំ ២០២៣ មាន ៣ គឺ​ទី ១ សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលិក និង​ហែល​ទឹក ដែល​មាន​ប្រភេទ​វិញ្ញាសា​ច្រើន ដូច្នេះ​យើង​ត្រូវ​ជួយ​ជំរុញ និង​កែ​សម្រួល លើក​ទឹកចិត្ត និង​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រុញ​ឲ្យ​សហព័ន្ធ​ទាំង ២ នេះ ទៅ​ដល់​គោលដៅ»។

អ្នកជំនាញ​កីឡា​រូបនេះ បាន​បន្ថែម​ថា៖ «ចំណុច​ទី ២ សហព័ន្ធ​កីឡា ដែល​ជា​អត្តសញ្ញាណ​ជាតិ មាន​កីឡា​គុន (ប្រដាល់​គុន​ខ្មែរ+គុន​ល្បុក្កតោ) និង​កីឡា​អុកចត្រង្គ ហើយ​ទី ៣ សហព័ន្ធ ឬ​ក្រុម​កីឡា ដែល​មាន​ប្រជា​ប្រិយភាព​ជាង​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​បាល់ទាត់ បាល់ទះ និង​បាល់បោះ។ ប្រភេទ​កីឡា​ទាំង ៣ នេះ ជា​ចំណុច​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព ដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់ អ៊ីចឹង​យើង​ត្រូវ​នាំគ្នា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផែនការ​អនុវត្ត​បច្ចេកទេស ការ​អភិវឌ្ឍ​កីឡាករ កីឡាការិនី»។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ទៀត​ថា៖ «អ៊ីចឹង​អ្វីៗ​ទាំង​អស់ យើង​ត្រូវ​សម្លឹង​ទៅ​លើ​បញ្ហា​ប្រឈម​របស់​អត្តពលិក ដើម្បី​ស្វែងរក​ដំណោះស្រាយ ដែល​ធ្វើ​ឲ្យ​ពួកគេ និង​សហព័ន្ធ​កីឡា​ជាតិ​របស់​យើង មាន​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកទេស ហើយ​យើង​ត្រូវ​ដោះស្រាយ​ជា​បណ្តើរៗ នូវ​បញ្ហា​ប្រឈម​ទាំង​នោះ។ អ៊ីចឹង​សហព័ន្ធ​កីឡា​ជាតិ នឹង​ទទួល​បាន​ការ​រៀបចំ​មួយ​ដ៏មាន​ប្រសិទ្ធភាព និង​ទទួល​បាន​នូវ​ភាព​កក់ក្តៅ​មួយ​ថា អ្វី​ដែល​ជា​ផែនការ​អភិវឌ្ឍ​ជំនាញ និង​អភិវឌ្ឍ​កម្រិត​គុណភាព​របស់​ខ្លួន បាន​ដើរ​ទៅ​មុខ​ដោយ​មិន​ធាក់​ថយ»។

ជាមួយនឹង​អ្វី ដែល​បាន​លើក​ឡើង​នេះ លោក ចំរើន បញ្ជាក់​ថា៖ «យើង​ត្រូវ​ផ្តោត​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ហ្វឹកហាត់ ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ការ​អភិវឌ្ឍ​ជំនាញ ការ​អភិវឌ្ឍ​ទៅ​លើ​សម្ភារ និង​ឧបករណ៍​ផ្សេងៗ​របស់​សហព័ន្ធ និង​ផ្តោត​ទៅ​លើ​ការ​បញ្ជូន​គ្រូ​បរទេស មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់ មក​បង្វឹក​នៅ​ក្នុង​ប្រទេស​របស់​យើង និង​បញ្ជូន​អត្តពលិក​របស់​យើង ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ចាប់​ពី​ឆ្នាំ ២០១៨ នេះ​ទៅ ហើយ​ទាំង​អស់​ហ្នឹង ជា​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ របស់​យើង»៕