ភ្នំពេញ: វ៉េង សុភ័ក្ត្រ មកពី​ក្លិប​ទ័ព​ឆត្រ​យោង ៩១១ បាន​ប្រឹង​ប្រែង​អស់​លទ្ធភាព ប៉ុន្តែ នៅ​តែ​មិន​អាច​យក​ឈ្នះ​លើ​ជើង​ខ្លាំង​របស់​ថៃ Kolap Dam បាន​ឡើយ ក្នុង​ការ​ប្រកួត​គុន​ខ្មែរ​វគ្គ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់ Barrley Black ទម្ងន់ ៦៥ គីឡូក្រាម​សប្តាហ៍​ទី ៦ ជុំ​ទី ៣ កាល​ពី​ថ្ងៃ​អាទិត្យ។

ការប្រឹងប្រែង​ប្រកួត​របស់ វ៉េង សុភ័ក្ត្រ ត្រឹមតែ​អាច​ដណ្តើម​បាន​លទ្ធផល​ចាញ់ ២ ទល់​នឹង ៣ ពី​សំណាក់​ចៅក្រម​ទាំង ៥ ប៉ុណ្ណោះ ហើយ​តាម​មតិ​អ្នក​ទស្សនា​ភាគ​ច្រើន​លាន់​មាត់​ថា វ៉េង សុភ័ក្ត្រ វាយ​បាន​ល្អ ប៉ុន្តែ ចាញ់​ប្រៀប​តិច​តួច​ផ្នែក​ក្បាច់​ចាប់​ឱប​ឡើង​ជង្គង់ ក្រៅ​ពី​នេះ​កណ្តាប់ដៃ​មាន​ប្រៀប​វិញ​ផង​ដែរ។ ការ​បរាជ័យ​របស់ វ៉េង សុភ័ក្ត្រ ជុំ​ទី ៣ នេះ បាន​រុញ​ឲ្យ​មិត្ត​រួម​ជាតិ​ក្នុង​ពូល A គឺ​កីឡាករ​ផាន់ គ្រាន់ កាន់​តែ​មាន​ឱកាស​មាន​ពិន្ទុ​ដាច់​នៅ​លើ​កំពូល​តារាង និង​មិន​បារម្ភ​ថា មាន​គូ​ប្រជែង​ណា​តាម​ទាន់​នៅ​លើ​តារាង​ពូល​បាន​នោះ​ឡើយ។

ចំណែក​គូ​ខ្សែក្រវាត់​មួយគូ​ទៀត ឌុ​ម កែវដា មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​អវត្តមាន​ដោយ​បញ្ហា​សុខភាព និង​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​សេង ស្រឿន ជាមួយ Louk Ton ដើម្បី​ប្រកួត​បង្គ្រប់​កិច្ច។ ទោះជា​ការប្រកួត​គ្រាន់តែ​មិត្តភាព​មែន ប៉ុន្តែ​កីឡាករ​ថៃ Louk Ton ទទួល​បាន ៣ ពិន្ទុ​ជា​ស្វ័យប្រវត្តិ​ទោះ​ជា​ចាញ់​សេង ស្រឿន ក៏ដោយ។

សេង ស្រឿ​ន បាន​ឡើង​ប្រកួត​ជំនួស​ឌុ​ម កែវដា ហេតុ​នេះ ការ​ឈ្នះ​របស់​គេ ឬ​ចាញ់​របស់​គេ មិន​ទទួល​បាន​ពិន្ទុ​ឡើយ ប៉ុន្តែ តម្លៃ​ខ្លួន​ប្រកួត​របស់​គេ​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កោត​សរសើរ​ពី​មហាជន។

សេង ស្រឿ​ន បាន​ប្រើ​ស្នៀត​ទាត់​សន្ធាប់​លាយ​ជាមួយ​ស្នៀត​កណ្តាប់ដៃ​បង្ខំ​ឲ្យ​កីឡាករ​ថៃ Louk Ton ត្រូវ​អាជ្ញា​កណ្តាល​ឡុង ស៊ីលីន រាប់​នៅ​ទឹក​ទី ៥ មុន​នឹង​ឈាន​ទៅ​បញ្ឈប់​ការ​ប្រកួត​តែម្តង​ដោយ​ឃើញ​ស្ថានភាព​មិន​អាច​តស៊ូ​បាន​បន្ត​ទៀត។

បើទោះបី Louk Ton ទទួល​បរាជ័យ​ក៏ដោយ ប៉ុន្តែ រូបគេ​នៅតែ​ទទួល​បាន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន ៣ ពិន្ទុ​ដោយសារ​ដៃគូ​ឌុម កែវដា អវត្តមាន​ក្នុង​អំឡុង​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់។

ការប្រកួត​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៥ គីឡូក្រាម​គិត​ត្រឹម​សប្តាហ៍​ទី ៦ ជុំ​ទី ៣ នេះ​ត្រូវ​បាន​គេ​រក​ឃើញ​កីឡាករ​ដែល​មាន​សិទ្ធិ​ឡើង​ទៅ​កក់​ការ​ប្រកួត​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​បាត់​ទៅ​ហើយ​នៅ​ពូល A របស់​កម្ពុជា មាន​ផាន់ គ្រាន់ នៅ​លើ​កំពូល​តារាង ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​មួយ​ប្រកួត​នៅ​ឡើយ។

ក្នុងចំណោម​កីឡាករ​ក្នុង​ពូល A ចំនួន ៤ នាក់​ដែល​រូបមន្ត​ប្រកួត​តម្រូវ​យក​តែ​ម្នាក់​នោះ ផាន់ គ្រាន់ កំពុង​មាន​ពិន្ទុ​នាំមុខ ដែល​តាម​ពី​ក្រោយ​ដោយ​មាស ច័ន្ទ មាន និង​វ៉េង សុភ័ក្ត្រ ហើយ​កីឡាករ​ឌុម កែវដា ឈរ​នៅ​បាត​តារាង ក្រោយ​ពី​បរាជ័យ​ទាំង ៣ ប្រកួត។

តាម​កម្មវិធី​ប្រកួត មាស ច័ន្ទ​មាន នឹងត្រូវ​ប្រកួត​ជាមួយ​ជើង​ខ្លាំង Loom Leng នៅ​ថ្ងៃ​ទី ២៥ ខែ​មិនា ឆ្នាំ ២០១៨ ខាង​មុខ ដែល​អ្នក​ទស្សនា​ហ៊ាន​ទស្សន៍ទាយ​ថា មិន​អាច​ឈ្នះ​កីឡាករ​ថៃ​រូប​នេះ បាន​ឡើយ ខណៈ​ប្រវត្តិ​ប្រកួត​ធ្លាប់​ចាញ់​ពិន្ទុ និង​ចាញ់​សន្លប់ ៣ លើក​កន្លង​មក​ហើយ។

ហេតុនេះ មានន័យថា ផាន់ គ្រាន់ ជា​កីឡាករ​ត្រូវបាន​រំពឹងទុក​ថា នឹង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពី​ពូល​របស់​កម្ពុជា ដោយ​សារ​តែ​គូ​ប្រកួត​ហាក់​មិន​អាច​មាន​ឱកាស​តាម​ទាន់​ឡើយ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​កីឡាករ​នៅ​ពូល B ថៃ​មិន​ទាន់​អាច​កំណត់​បេក្ខភាព​មួយ​ណា​បាន​ឡើង​ទៅ​កក់​កៅអី​ផ្តាច់ព្រ័ត្រ​នៅ​ឡើយ​ទេ ដោយ​មាន​កីឡាករ​ជើង​ខ្លាំង Loom Leng និង Kolap Dam កំពុង​ប្រទាញ​ប្រទង់​ដណ្តើម​ចំណាត់​ថ្នាក់​គ្នា​ក្នុង​ពូល។

ប៉ុន្តែ តាម​គម្រោង​កម្មវិធី​ប្រកួត Kolap Dam នឹងត្រូវ​ប៉ះ​ជាមួយ​នឹង ឌុម កែវដា ហើយ Loom Leng នឹង​ត្រូវ​ប៉ះ​ជាមួយ​វ៉េង សុភ័ក្ត្រ ដើម្បី​ដណ្តើម​យក ៣ ពិន្ទុ និង​កំណត់​វាសនា​របស់​កីឡាករ​ថៃ​ទាំង ២៕