ភ្នំពេញ: អ្នកលេង​ក្បាច់គុន​ចម្រុះ (MMA) សរ សី បាន​សន្យាថា រូបគេ​នឹង​ប្រើប្រាស់​គ្រប់​ស្នៀត​ទាំង​អស់ នៅ​ពេល​ដែល​ប៉ះ​ជាមួយ​នឹង​ជើង​ខ្លាំង​របស់​ម្ចាស់​ស្រុក Phoe Thaw ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ ONE: QUEST FOR GOLD ដែល​នឹង​ប្រព្រឹត្ត​នៅ​សង្វៀន Thuwunna Indoor Stadium ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​សុក្រ​នេះ។

សរ សី វ័យ ៣៦ ឆ្នាំ មាន​បទពិសោធ​ជាច្រើន​ក្នុង​កីឡា​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ ធ្លាប់​ប្រកួត​ក្បាច់​គុន​ចម្រុះ នៅ​សង្វៀន​ដាក់​ទ្រុង​ត្រឹម​តែ ៤ លើក​គត់ ដោយ​ឈ្នះ ៣ លើក និង​ស្មើ ១ លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រកួត ១ លើក​របស់​កម្មវិធី ONE Championship (ONE) ផង​ដែរ។

ទោះបីជា​យ៉ាងណា អ្នក​ប្រយុទ្ធ​មក​ពី​ខេត្ត​កណ្តាល​រូបនេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​បណ្តាញ​សង្គម Facebook ថា៖ «ខ្ញុំ​មិន​មាន​អារម្មណ៍​ភិត​ភ័យ​ឡើយ។ ខ្ញុំ​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​នេះ»។

សរ សី ដែល​បានចេញ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ចន្ទ​នោះ បាន​ចំណាយ​ពេល​ហ្វឹកហាត់​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រកួត​នេះ​ទាំង​ស្នៀត​ក្លេ និង​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ជាង ១ ខែ ជាមួយ​នឹង​ក្លិប Cambodian Top Team របស់​លោក​ហ៊ុន ចាន់រាជ។

កីឡាករ​ចាស់​វស្សា​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ហ៊ាន​មើល​ស្រាល​ទៅ​លើ​ដៃគូ​ប្រកួត​របស់​ខ្ញុំ​ឡើយ ព្រោះ​គេ​ជា​កីឡាករ​ខ្លាំង​ម្នាក់ និង​មាន​កម្លាំង​ខ្លាំង។ ប៉ុន្តែ ខ្ញុំ​នឹង​ប្រើប្រាស់​គ្រប់​ស្នៀត​ប្រកួត​ដើម្បី​ផ្តួល​រូបគេ។ បើ​គេ​ចង់​ប្រើប្រាស់​ស្នៀត​ក្លេ ខ្ញុំ​នឹង​ព្យាយាម​រារាំង ដោយ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ចូល​អន្ទាក់​របស់​គេ​ឡើយ»។

Phoe Thaw ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​របស់​មីយ៉ាន់ម៉ា ខណៈ​ដែល​រូបគេ​មាន​កំណត់​ត្រា​យ៉ាង​ល្អ​ក្នុង​យុទ្ធ​គុន​ចម្រុះ​របស់​កម្មវិធី ONE ដោយ​ឈ្នះ ៥ លើក​ពី​ការ​ប្រកួត​ទាំង ៥ លើក​របស់​គេ​ក្នុង​សង្វៀន​ដាក់​ទ្រុង​របស់​អង្គភាព​រៀបចំ​ក្បាច់​ប្រដាល់​ចម្រុះ​ឈាន​មុខ​គេ​របស់​អាស៊ី​មួយ​នេះ។

កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ ក៏​បាន​មក​ហ្វឹកហាត់​នៅ​កម្ពុជា​ផង​ដែរ ជាមួយ​នឹង​ក្លិប​សិល្បៈ៕