ភ្នំពេញៈ សហព័ន្ធ​កីឡា​ជាតិ ចំនួន ៣៣ សុទ្ធ​តែ​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ ដោយ​ស្វ័យ​ប្រវត្តិ នៅ​ឆ្នាំ ២០១៨ ក្រោម​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​បើ​សហព័ន្ធ​ណា មិន​បាន​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ឬ​ធ្វើ​សកម្មភាព​ទៅ​តាម​កម្មវិធី​របស់​ខ្លួន គឺ​ក្រសួង អាច​នឹង​ដក​ថវិកា​យក​ទៅ​វិញ និង​ឈប់​គាំទ្រ ដល់​សកម្មភាព​សហព័ន្ធ​នោះ។

លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «សហព័ន្ធ​កីឡា​ជាតិ (ទាំង ៣៣) ត្រូវ​តែ​ចាយ​លុយ និង​រៀបចំ​ការ​ប្រកួត​នេះ​ហើយ ព្រោះ​បើ​ក្រសួង​ឲ្យ​លុយ​ហើយ បែរ​ជា​មិន​រៀបចំ​ការ​ប្រកួត ឬ​ធ្វើ​សកម្មភាព​របស់​ខ្លួន គឺ​មាន​តែ​សហព័ន្ធ​នោះ អត់​ដើរ»។

លោក​បញ្ជាក់ថា៖ «ការ​ទម្លាក់​ថវិកា​ទៅ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងនេះ​ធ្វើ​សកម្មភាព គឺ​ក្រសួង មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​គ្នា​ជាមួយ​សហព័ន្ធ អ៊ីចឹង​បើ​សហព័ន្ធ​អត់​ដើរ ក្រសួង​អាច​នឹង​ដក​ថវិកា​ទាំង​នោះ​មក​វិញ ហើយ​នៅ​ឆ្នាំ​ក្រោយ​ទៀត យើង​អត់​គាំទ្រ​ទៀត​ទេ បើ​សិន​ជា​សហព័ន្ធ​ណាមួយ​អត់​អនុវត្តតាម​កម្មវិធីរ​បស់​ខ្លួន នៅ​ឆ្នាំ​នេះ»។

សហព័ន្ធ​កីឡា​ជាតិ​ទាំង ៣៣ ដែល​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ នៅ​ឆ្នាំ​នេះ​មាន សូហ្វតិន្នីស ទាញ​ព្រ័ត្រ ស្គី​ទឹកកក ការ៉ាតេ បាល់​ទាត់ (អាយុ​ក្រោម ១៥ ឆ្នាំ និង​ក្រោម ១៧ ឆ្នាំ) វូស៊ូ វាយ​កូន​បាល់ សីដក់ ល្បុក្កតោ វាយ​កូន​ឃ្លី​លើ​តុ ប៉េតង់ ចំបាប់ បាល់​ឱប កាយ​សម្ព័ន្ធ វ៉ូវីណាម អត្តពលកម្ម តេក្វាន់ដូ (ITF) ប្រដាល់​សកល បេស្បល ហែល​ទឹក វាយ​សី បាល់ទះ សូរិន​ហ្ស៊ិកាំប៉ូ តុងហ្គីល​ម៉ូដូ យូដូ បាញ់​កាំភ្លើង ទ្រីយ៉ាត្លុង ទោច​ក្រយាន តេក្វាន់ដូ (WTF) បាល់​បោះ គុន​ដាវ កីឡា​ឡើង​ភ្នំ និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កានូ កាយ៉ាក់។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ដែល​បាន​ចេញ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ។

តាម​ការជូនដំណឹង​ដដែល​នេះ ឲ្យ​ទៀត​ថា ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ នេះ នឹង​ចាប់​ផ្តើម​ធ្វើ​ពីថ្ងៃ​ទី ២០ ខែ​មីនា​ត​ទៅ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ ហើយ​ការ​ប្រកួត​ភាគ​ច្រើន ត្រូវ​ធ្វើ​នៅ​រាធានី​ភ្នំពេញ ប៉ុន្តែ​ការ​ប្រកួត​ទាញព្រ័ត្រ និង​កីឡា​ឡើង​ភ្នំ​ធ្វើ​នៅ​ខេត្ត​សៀមរាប។ ការ​ប្រកួត​បាល់ទាត់​អាយុ​ក្រោម ១៥ ឆ្នាំ និង​ក្រោម ១៧ ឆ្នាំ ធ្វើ​នៅ​ភ្នំពេញ​ផង និង​តាម​ខេត្ត​ផង ចំបាប់ ធ្វើ​នៅ​ខេត្ត​កណ្តាល បេស្បល ធ្វើ​នៅ​ខេត្ត​កំពង់ធំ ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កានូ កាយ៉ាក់ ធ្វើ​នៅ​ខេត្ត​កណ្តាល ហើយ​ទ្រីយ៉ាត្លុង និង​កីឡា ទោច​ក្រយាន ធ្វើ​នៅ​ខេត្ត​កែប។

សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា នឹង​បើក​ការ​ប្រកួត​មុនគេ ដោយ​ត្រូវ​ធ្វើ​ពី​ថ្ងៃ​ទី ២០ ដល់​ទី ២៤ ខែ​មីនា បន្ទាប់​មក​កីឡា​ទាញព្រ័ត្រ ពី​ថ្ងៃ​ទី ១ ដល់​ទី ៥ ខែ​មេសា កីឡា​ស្គី​ទឹកកក ពី​ថ្ងៃ​ទី ៤ ដល់​ទី ៧ ខែ​មេសា កីឡា​ការ៉ាតេ នៅ​ថ្ងៃ​ទី ៦ ខែ​មេសា កីឡា​បាល់ទាត់​អាយុ​ក្រោម ១៥ និង​ក្រោម ១៧ ឆ្នាំ ពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា ដល់​ថ្ងៃ​ទី ៣ ខែ​កញ្ញា។

កីឡា​វាយ​កូន​បាល់ ពី​ថ្ងៃ​ទី ២៦ ដល់​ទី ៣០ ខែ​មិថុនា កីឡា​សីដក់ ពីថ្ងៃ​ទី ១ ដល់​ទី ៧ ខែ​កក្កដា កីឡា​ល្បុក្កតោ ពី​ថ្ងៃ​ទី ៦ ដល់​ទី ៩ ខែ​កក្កដា កីឡា​វាយ​កូន​ឃ្លី​លើ​តុ ពី​ថ្ងៃ​ទី ១០ ដល់​ទី ១៣ ខែ​កក្កដា កីឡា​ប៊ូល និង​ប៉េតង់ ពី​ថ្ងៃ​ទី ២៥ ដល់​ទី ២៩ ខែ​កក្កដា កីឡា​បាល់​ឱប ពី​ថ្ងៃ​ទី ៩ ដល់​ទី ១៤ ខែ​កញ្ញា។

ចំណែក​កីឡា​កាយសម្ព័ន្ធ ពីថ្ងៃ​ទី ១៣ ដល់ ១៨ ខែ​កញ្ញា វ៉ូវីណាម ពីថ្ងៃ​ទី ១៤ ដល់​ទី ១៧ ខែ​កញ្ញា អត្តពលកម្ម ពី​ថ្ងៃ​ទី ១៨ ដល់​ទី ២៤ ខែ​កញ្ញា តេក្វាន់ដូ (ITF) ពី​ថ្ងៃ​ទី ២៦ ដល់​ទី ៣០ ខែ​កញ្ញា ប្រដាល់​សកល ពី​ថ្ងៃ​ទី ១៦ ដល់​ទី ១៩ ខែ​តុលា បេស្បល ពី​ថ្ងៃ​ទី ២៤ ដល់​ទី ២៧ ខែ​តុលា ហែល​ទឹក ពី​ថ្ងៃ​ទី ១ ដល់​ទី ៥ ខែ​តុលា វាយ​សី ពី​ថ្ងៃ​ទី ១៥ ដល់​ទី ២០ ខែ​តុលា កីឡា​បាល់ទះ ពីថ្ងៃ​ទី ១ ដល់​ទី ៨ ខែ​តុលា កីឡា​សូរិន​ហ្ស៊ិកាំប៉ូ ពីថ្ងៃ​ទី ២៤ ដល់​ទី ២៨ ខែ​តុលា កីឡា​តុង​ហ្គីល​ម៉ូដូ ពី​ថ្ងៃ​ទី ២៦ ដល់​ទី ២៩ ខែ​តុលា។

ចំពោះ​កីឡា​យូ​ដូ ពីថ្ងៃ​ទី ២៧ ដល់​ទី ៣១ ខែ​តុលា កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរ​ជាតិ និង​កានូ កាយ៉ាក់ ពី​ថ្ងៃ​ទី ២៦ ដល់​ទី ៣១ ខែ​តុលា កីឡា​បាញ់​កាំភ្លើង ពី​ថ្ងៃ​ទី ៦ ដល់​ទី ៨ ខែ​វិច្ឆិកា ទ្រីយ៉ាត្លុង ពី​ថ្ងៃ​ទី ៩ ដល់​ទី ៨ ខែ​វិច្ឆិកា កីឡា​ទោច​ក្រយាន ពី​ថ្ងៃ​ទី ៩ ដល់​ទី ១១ ខែ​វិច្ឆិកា កីឡា​តេក្វាន់ដូ (WTF) ពី​ថ្ងៃ​ទី ៩ ដល់​ទី ១២ វិច្ឆិកា កីឡា​បាល់​បោះ ពី​ថ្ងៃ​ទី ២ ដល់​ទី ១៧ ខែធ្នូ កីឡា​គុនដាវ ពី​ថ្ងៃ​ទី ៨ ដល់​ទី ៩ ខែធ្នូ និង​កីឡា​ឡើង​ភ្នំ នឹង​ធ្វើ​ពី​ថ្ងៃ​ទី ៧ ដល់​ទី ១០ ខែធ្នូ៕