Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សារឿន ច័ន្ទ បណ្តេញចុះ​ពីសង្វៀន ខណៈ​ចាន់តាក់ បាន​ត្រឹមស្មើ

Content image - Phnom Penh Post
កីឡាករ​សា​រឿន ច័ន្ទ (ស្តាំ) ព្យា​យាម​ការពារ​ការវាយ​របស់​កីឡាករ​ថៃ កាល​ពីថ្ងៃ​អាទិត្យ។ យឺន ពន្លក

សារឿន ច័ន្ទ បណ្តេញចុះ​ពីសង្វៀន ខណៈ​ចាន់តាក់ បាន​ត្រឹមស្មើ

ភ្នំពេញ: គូប្រដាល់​មិត្តភាព​អន្តរជាតិ​ប្រកួត​ជំនួសគូ​ខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី ៨ ខែមករា ឆ្នាំ ២០១៧ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ កីឡាករ​សារឿន ច័ន្ទ ត្រូវបាន​ប្រធាន​វិនិច្ឆ័យ​លោក​រាជ សុផែន ប្រកាស​បណ្តេញចុះ​ពីសង្វៀន​មិន​ប្រកាស​លទ្ធផល ដោយ​សំអាងថា វាយមិន​អស់ពី​សមត្ថភាព។

ចំណែក​កីឡាករ​ជើង​ថ្មីធន ចាន់តាក់ ដែល​ទើបតែ​បាន​ឱកាស​ប្រកួត​ជាមួយ​កីឡាករថៃ​លើកដំបូង​បាន​ប្រកាស​ឲ្យ​ស្មើគ្នា ក្រោយពី​ប្រកួត​ស្វិតស្វាញ​ចំនួន ៥ ទឹក ទោះបី​កីឡាករថៃ​ហាក់​មានប្រៀប​ជាង​បន្តិចបន្តួច ក៏ដោយ។

សារឿន ច័ន្ទ ត្រូវបាន​អាជ្ញាកណ្តាល​ឡុង វិបុល រាប់​ចំនួន ២ លើក​នៅ​ទឹកទី ៣ និងរាប់ ១ លើក​ទៀត​នៅទឹកទី ៤ ក្រោយពី​កីឡាករ​ថៃ Balang Phith បោះ​ជង្គង់​ចូល​ចំគោលដៅ​ល្អ ប៉ុន្តែ សារឿន ច័ន្ទ ត្រូវបាន​គេ​សង្ស័យថា មាន​ចេតនា​បើកទ្រូង​ឲ្យថៃ​វាយចូល។

ស្របពេល​ជាមួយគ្នា​នោះ លោក​ហេរ៉ូ អ្នក​អធិប្បាយ​ផ្ទាល់ បាន​និយាយ​ត្រង់ៗ​ពីសកម្មភាព​ប្រកួត​មិន​ប្រក្រតី ឬវាយ​មិនអស់​ពីសមត្ថភាព​របស់​សារឿន ច័ន្ទ ដែល​ខុសប្លែក​ពី​លើកមុន។

លោកហេរ៉ូ បាន​បន្ថែមនូវ​ពាក្យពេចន៍​ជាច្រើន​តាម​លក្ខណៈ​ឯកជន​របស់​លោក​ទៅលើ​សារឿន ច័ន្ទ មុន​ពេលដែល​គណៈកម្មការ​ប្រកួត​សម្រេច​បណ្តេញចុះ។ ភាគីខាង​កីឡាករ​សារឿន ច័ន្ទ បានតវ៉ា និង​ចង់លាង​សម្អាត​រាល់ពាក្យ​របស់​ពិធីករ​ដើម្បី​ស្តារកិត្តិយស​របស់​សារឿន ច័ន្ទ ដើម្បីអាច​បើកប្រាក់​តម្លៃខ្លួន​ចំនួន ៣០០ ដុល្លារ។

ប្រភព​សុំមិន​បញ្ចេញ​ឈ្មោះក្លិប​តាព្រហ្មមានជ័យ ដែលមាន​លោក​មាស សុខគ្រី ជាអ្នក​គ្រប់គ្រង ចង់ប្តឹង​លោក​ហេរ៉ូ ដែល​និយាយ​ចោទប្រកាន់​សារឿន ច័ន្ទ ដោយ​គ្មាន​ភ័ស្តុតាង។

លោកហេរ៉ូ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំនិយាយ​តាមការ​មើលឃើញ​របស់​ខ្ញុំជា​អ្នកអធិប្បាយ ដោយ​មិនតម្រូវ​ចិត្ត​អ្នកណា​ម្នាក់ទេ គឺតម្រូវ​ការពិត និង​មហាជន​រាប់លាន​នាក់កំពុង​ទស្សនា»។

លោកបាន​បន្តថា៖ «បើខាង​ណា​គេចង់​ប្តឹង​ឲ្យគេ​ប្តឹងទៅ ខ្ញុំ​រីករាយ ពីព្រោះ​ខ្ញុំមិន​បាន​ធ្វើអ្វី​ខុស​ផង។ ខ្ញុំចង់​ឲ្យ​កីឡាករ​លះបង់​អំពើ​មិនល្អ​ចោល និង​រកឲ្យ​បាន​កីឡាករ​មាន​សមត្ថភាព​ពិត ប្រកួត​អស់ពី​សមត្ថភាព នៅសង្វៀន​អាស៊ីអាគ្នេយ៍»។

លោកញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ល្ងាច​ម្សិលមិញ​ថា៖ «ការបណ្តេញ​សារឿន ច័ន្ទ ចុះ​របស់​គណៈកម្មការ​ប្រកួត ដោយសារ​តែគេ​សង្កេតឃើញ​ការប្រកួត​ទំនង​ដូចជា​មិន​ប្រក្រតី និងមាន​ចេតនា​មិនចង់​ឈ្នះ​ដៃគូ»។

លោក​បន្តថា គិត​មកដល់​ពេលនេះ​លោក​មិនទាន់​បើកប្រាក់​តម្លៃខ្លួន​ឲ្យទេ​ដោយ​រង់ចាំ​ឲ្យមន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ប្រដាល់​ពិនិត្យ​វីដេអូ​ឡើងវិញ និង​វាយតម្លៃ​សម្រេច​សិន។

លោកញាន សុធី បាន​បន្ថែមថា៖ «វត្តមាន​ប្រកួត​របស់​កីឡាករ​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ បើ​ធ្លាប់មាន​រឿងអាស្រូវ​ញឹកញាប់​នោះ ថ្ងៃក្រោយ​មិនឲ្យ​ឡើង​ប្រកួត​ទៀត​ទេ»។

សម្រាប់​ធន ចាន់តាក់ និង Balang Phith ដែល​បាន​លទ្ធផល​ស្មើនោះ សមរម្យ​អាច​ទទួលយក បាន​ដោយ​អ្នកទស្សនា​មិនមាន​ប្រតិកម្ម​ចំអក​ឡើយ។ តាម​បច្ចេកទេស​ប្រកួត ធន ចាន់តាក់ ចាញ់​ប្រៀប​កីឡាករ​ថៃ​នៅទឹក ៤ និងទឹក ៥ ប៉ុន្តែ ការប្រកាស​ឲ្យ​ស្មើនោះ​ទំនង​សម្របសម្រួល​កុំឲ្យ​អ្នកនិយម​គាំទ្រ​កីឡាករ​ខ្មែរតវ៉ា៕

0

Comments

Please, login or register to post a comment