ភ្នំពេញៈ កីឡាករកម្ពុជា ផង់ សុភាព ដែលបានឡើងទម្ងន់ដល់ ៦៩ គីឡូក្រាមនោះត្រូវបានជើងខ្លាំងរបស់ថៃ Tav Oulan វាយឲ្យសន្លប់នៅទឹកទី ៣ សម្រាប់ការជួបគ្នានៅលើសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែ មៀច សុខរ៉ា បានទាត់ឲ្យបារាំង Kevin ខូចជើងត្រឹមទឹកទី ២។
យ៉ាងណាក៏ដោយការបរាជ័យរបស់ ផង់ សុភាព មិនធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះសមត្ថភាពរបស់គេមិនទាន់ល្អដូច Tav Uolan ទេ ខណៈដែលថៃរូបនេះធ្លាប់បង្ក្រាបកីឡាករជើងខ្លាំងៗរបស់កម្ពុជាច្រើនគ្នា និងធ្លាប់ឈ្នះខ្សែក្រវាត់នៅលើសង្វៀន SEATV នេះផងដែរក្នុងទម្ងន់ ៦៩ គីឡូក្រាម។
ការប្រកួត ២ ទឹកដំបូង ផង់ សុភាព វ៉ៃចេញបានល្អគួរសមដោយមានចេញស្នៀតទាត់ គ្មានឱកាសប្រើស្នៀតពិឃាតប្រចាំត្រកូលគឺកែងរូសនោះឡើយ។ ផ្ទុយទៅវិញ សុភាព ទទួលរងនូវស្នៀតទាត់រហ័សរបស់ Tav Oulan ញឹកញាប់។ ឈានចូលដល់ទឹកទី ៣ ស្នៀតទាត់ និងជង្គង់របស់ Tav Oulan បានធ្វើឲ្យ ផង់ សុភាព ដួលលើក្តារសង្វៀន និងសុំចុះចាញ់តែម្តង។
ផង់ សុភាព និយាយក្រោយពេលប្រកួតចាញ់ថា៖ «ថៃនេះសមត្ថភាពខ្ពស់ ល្អណាស់ ខ្ញុំមិនអាចវ៉ៃឈ្នះបានទេ ពិសេសខ្ញុំលំបាកចេញស្នៀតកណ្តាប់ដៃ និងកែងរូសដោយខ្ញុំចាញ់ល្បឿនទាត់របស់គេ»។
ផ្ទុយពីនេះកីឡាករកម្ពុជា មៀច សុខរ៉ា ដែលទើបបង្ហាញវត្តមានលើសង្វៀនជាថ្មីក្នុងទម្ងន់ ៦៥ កីឡូក្រាមបានស្តារមុខមាត់វិញដោយទាត់កីឡាករបារាំង Kevin ឲ្យខូចជើង ងើបលែងរួច និងបានបោះបង់ការប្រកួតត្រឹមទឹកទី ២ ប៉ុណ្ណោះ។ ការប្រកួតក្នុងទឹកទី ១ និងដើមទឹកទី ២ Kevin នេះ ចេញស្នៀតកណ្តាប់ដៃល្អ វាយចេញធ្ងន់ៗធ្វើឲ្យ សុខរ៉ា វង្វេងវង្វាន់ម្តងម្កាលផងដែរ។
ទោះបីជាយ៉ាងណានៅចុងទឹកទី ២ សុខរ៉ា បានរកចំណុចខ្សោយកីឡាករបារាំងនេះឃើញដោយទាត់ជើងក្រោមឲ្យដួលនាំឲ្យអាជ្ញាកណ្តាល ម៉ាក់ សាមឿន រាប់ចំនួន ៨ មួយលើក។ បន្ទាប់មក សុខរ៉ា បានទាត់បន្ថែមទៅលើរបួសចាស់បណ្តាលឲ្យ Kevin ទ្រាំការឈឺចាប់លែងបានរួចក៏សុំចុះចាញ់ត្រឹមទឹកទី ២ នេះតែម្តង។ ជាមួយគ្នានោះកីឡាករ ធា នុរាជ បានប្រើស្នៀតនាគវ័ធកន្ទុយ ផ្តួលកីឡាករ អ៊ុំ កំសត់ឲ្យសន្លប់ត្រឹមទឹកទីទី ១។
ដោយឡែក គូសងសឹកអន្តរជាតិរវាងកីឡាករថៃ Super Chhai និង រឿង សោភ័ណ្ឌ ទទួលនូវការរិះគន់ពីអ្នកទស្សនា ព្រោះវ៉ៃមិនល្អមើល ខណៈដែល Super Chhai វាយដកថយពេកនាំឲ្យលោកអាជ្ញាកណ្តាលបានព្រមាន ៣ លើក ហើយលទ្ធផលចុងក្រោយ រឿង សោភ័ណ្ឌ ឈ្នះពិន្ទុទាំងមិនល្អមើល។
ជាមួយការប្រកួតគ្មានការទាក់ទាញនេះលោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់នៅ SEATV បាននិយាយថា៖«កីឡាករថៃ Super Chhai វ៉ៃមិនល្អមើលទេ គឺវ៉ៃប្រចាំដៃគូ ដូច្នេះសង្វៀនអាស៊ីអាគ្នេយ៍ឈប់យកមកប្រកួតទៀតហើយ ព្រោះមានគេរិះគន់ច្រើនណាស់»៕