ភ្នំពេញ: ការ​សម្រេច​សេចក្តី​របស់​គណៈកម្មការ​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​ឲ្យ​កីឡាករ​កម្ពុជា​មឿន សុខហ៊ុច ទទួល​លទ្ធផល​ស្មើ​ជាមួយ​កីឡាករ​ថៃ Yort Sensak ក្នុងការ​ប្រកួត​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៨ ខែ​មករា ឆ្នាំ ២០១៨ បាន​ធ្វើ​ឲ្យ​មហាជន​អ្នកទស្សនា​ភាគ​ច្រើន​លាន់​មាត់​ថា ជា​ទង្វើ​អាក្រក់​ភ្នែក​បំផុត ដែល​នាំ​ឲ្យ​អាប់​ឱន​ខ្លាំង​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ប្រដាល់​គុន​ខ្មែរ​របស់​ជាតិ​ទាំង​មូល។

លទ្ធផល​ស្មើ​ត្រូវបាន​ប្រកាស​ឡើង បើ​ទោះបី​មឿន សុខហ៊ុច បាន​ចាញ់​ប្រៀប​ទាំង​ផ្នែក​កម្លាំង និង​បច្ចេកទេស​របស់​ថៃ ក្រោយ​ពី​កីឡាករ​ថៃ​រូប​នេះ បាន​ទាត់​ផ្កាប់​ចាន​ឲ្យ​អាជ្ញាកណ្តាល​រាប់។

ជាមួយ​គ្នា​នេះ កីឡាករ​យុគ យក្ស​គីល មក​ពី​ក្លិប​រាជសីហ៍​កងចក្រ ដែល​ឃ្លាត​ពី​សង្វៀន​ជាង ៦ ឆ្នាំ​នោះ បាន​វិល​មក​ប្រកួត មុន​នឹង​ចាញ់​កីឡាករ​ថៃ Phiem Sayam ដោយ​ពិន្ទុ​ក្នុង​ការ​តស៊ូ​ស្វិតស្វាញ​ប្រកួត​ចំនួន ៥ ទឹក​ពេញ។ មឿន សុខហ៊ុច ២ ប្រកួត​ចុង​ក្រោយ​ក្នុង​ខែ​មករា​នេះ ប្រកួត​ស្មើ​ជាមួយ​កីឡាករ​ថៃ​ទាំង ២ លើក ហើយ​អ្នក​ទស្សនា​ភាគ​ច្រើន​បាន​កត់សម្គាល់​ថា គណៈកម្មការ​ប្រកួត​ហាក់បី​ដូច​លើក​ស្ទួយ​សុខ​ហ៊ុច ខ្លាំង​ណាស់ ទោះបី​ចាញ់​ប្រៀប​កីឡាករ​ថៃ​ក៏ដោយ។

ក្នុងការ​ប្រកួត​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ កីឡាករ​មឿន សុខហ៊ុច មាន​ប្រៀប​លើ​កីឡាករ​ថៃ Yort Sensak ក្នុង​ទឹក​ទី ១ និង​ទឹក​ទី ៣ បន្តិច​បន្តួច ប៉ុន្តែ​ចាញ់​ប្រៀប​កីឡាករ​ថៃ​ដាច់​ចំនួន ៣ ទឹក​គឺ​ទឹក​ទី ២ ទី ៤ និង​ទី ៥ ពិសេស​ក្នុង​ទឹក​ទី ២ កីឡាករ Yort Sensak បាន​ទាត់​ផ្កាប់​ចាន​បណ្តាល​ឲ្យ​ដួល និង​ក្រោក​វិញ​ទាំង​លំបាក ក្រោយ​ពី​អាជ្ញាកណ្តាល​លោក​ម៉ាក់ សាមឿន បាន​រាប់ចំ​នួន ៨ ទើប​ងើប​មក​ប្រកួត​បាន។ នៅ​ទឹក​ទី ៣ សុខ​ហ៊ុច មាន​ប្រៀប​ផ្នែក​ជង្គង់​បាន​ខ្លះ​នៅ​ចុង​ទឹក ដោយ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ប៉ុន្តែ​នៅ ២ ទឹក​ចុង​ក្រោយ​ចាញ់​កម្លាំង​កីឡាករ​ថៃ និង​បាន​ដួល​ញឹកញាប់​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ចប់​ការ​ប្រកួត ៥ ទឹក​ពេញ គណៈ​វិនិច្ឆ័យ​បាន​ប្រកាស​ឲ្យ​មឿ​ន សុខហ៊ុច ស្មើ​ជាមួយ Yort Sensak។

លោក​រាជ សុផែន ប្រធាន​វិនិច្ឆ័យ​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍​មិន​អាច​សុំ​ការ​ពន្យល់​ពី​បច្ចេកទេស​ដាក់​ពិន្ទុ​ពី​សំណាក់​ចៅក្រម​ទាំង ៥ នេះ​បាន​ទេ ហើយ​លទ្ធផល​ពិន្ទុ​ក៏​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ឡើយ។

លោក​ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​នេះ បាន​បញ្ជាក់​ថា លោក​មិន​គ្រប់គ្រង​ខាង​បច្ចេកទេស​នោះ​ទេ គឺ​មន្ត្រី​ខាង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ បាន​ទទួល​ស្គាល់​ថា៖ «តាម​ខ្ញុំ​មើល​ឃើញ​គឺ​សុខ​ហ៊ុច ចាញ់​ប្រៀប​កីឡាករ​ថៃ Yort Sensak មែន ប៉ុន្តែ ក៏​មិន​មែន​ចាញ់​ដាច់​នោះ​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិតថា​ឲ្យ​ស្មើ​គឺ​ល្អ ពី​ព្រោះ​ជា​ការ​ប្រកួត​មិត្តភាព ហើយ​ក៏បាន​លើក​ទឹកចិត្ត​ដល់​ការ​ប្រឹង​ប្រែង​របស់​មឿន សុខ​ហ៊ុច ផងដែរ ដើម្បី​ត្រៀម​ខ្លួន​បន្ត ប៉ុន្តែ យើង​នឹង​សុក្រឹត និង​យុត្តិធម៌ ពេល​ប្រកួត​ខ្សែក្រវាត់»៕