ភ្នំពេញ: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​គូបូតា​ទម្ងន់ ៥៧ គីឡូក្រាម​នៃ​សង្វៀន​បាយ័ន​រាល់​ល្ងាច​ថ្ងៃ​សុក្រ បាន​រក​ឃើញ​ជើង​ខ្លាំង​ជំនាន់​ថ្មី​វ័យ​ក្មេង​ចំនួន ២ នាក់ ក្រោយ​ពី​គឺ​ឡុង ជិន មកពី​ក្លិប​ខ្លារខិន​នៃ​ក្រសួង​មហាផ្ទៃ និង​កីឡាករ​សុខ ធី មក​ពី​ក្លិប​សៅ​យ៉ាន់​នាគា ខេត្ត​បន្ទាយ​មានជ័យ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ ២ នាក់​ទៀត​មក​ពី​ពូល B ដែល​មិន​ទាន់​កំណត់​បាន​នៅ​ឡើយ។

ទាំង សុខ ធី និង​ឡុង ជិន បាន​ឆ្លងកាត់​ការប្រកួត​ក្នុងអំឡុង​ខ្សែក្រវាត់​ចំនួន ៤ លើក​ដូចគ្នា​ជាមួយ​កីឡាករ​ថៃ និង​សុទ្ធតែ​ទទួល​បាន​ជ័យជម្នះ​គួរ​ឲ្យ​កោត​សរសើរ ក្រោយ​ពី​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុង​នាម​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​វ័យក្មេង ស្ទើរ​តែ​គូ​ប្រៀប​ក្នុង​ចំណោម​កីឡាករ​ទម្ងន់​ស្មើគ្នា​ក្នុង​ស្រុក។

តាមរយៈ​ការប្រកួត​ចំនួន ៤ លើក​ជាមួយ​ថៃ​ដូចគ្នា ពួក​បានឈ្នះ​ទាំង ៤ លើក មាន ១២ ពិន្ទុ​ទទួល​បាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ត​ជាមួយ​កីឡាករ​ថៃ ២ នាក់​ទៀត​មក​ពី​ពូល B។

ជាមួយគ្នានេះ​កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​កម្ពុជា​ចំនួន ២ នាក់​ទៀត​ក្នុង​ពូល A រួម​មាន ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ និង​ចាន់ ស៊ីណាត មក​ពី​និរោធ​មានជ័យ មិន​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​បាន​នោះ​ឡើយ​ដោយ​រូបមន្ត​ប្រកួត​តម្រូវ​យក​តែ ២ នាក់​ប៉ុណ្ណោះ​ក្នុង​ពូល​នីមួយៗ។

ភាព​រីកចម្រើន​ខាង​វិជ្ជា​គុន​របស់​សុខ ធី និង​ឡុង ជិន បាន​ទទួល​នូវ​ការ​កោត​សរសើរ​ជាច្រើន ហើយ​ជាមួយ​នឹង​ការ​មាន​សមត្ថភាព​ដ៏ល្អ ព្រមទាំង​កាយ​សម្បទា​ល្អ អាយុ​នៅ​ក្មេង និង​ប្រវត្តិ​ប្រកួត​កន្លង​មក​ធ្លាប់​ឈ្នះ​ជើង​ខ្លាំងៗ​ជាច្រើន​នោះ ពួកគេ​នឹង​ក្លាយ​ទៅ​ជា​ជើង​ខ្លាំង​ក្នុង​ប្រដាល់​គុន​ខ្មែរ​សម្រាប់​តំណាង​ប្រទេស​នាពេល​ខាង​មុខ។

ប្រសិនបើ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពួកគេ​ទាំង២ឆ្លង​ផុត​ឈ្នះ​កីឡាករ​ថៃ​ដូចគ្នា​នោះ ពួកគេ​នឹង​ជួប​គ្នា​ដណ្តើម​យក​ខ្សែក្រវាត់​គូបូតា​ទម្ងន់ ៥៧ គីឡូក្រាម​ដែល​អម​ទៅ​ដោយ​ទឹក​ប្រាក់​ជា​ច្រើន​។​ទោះ​ជា​សមត្ថភាព​របស់​អ្នក​ប្រដាល់​ទាំង ២ នេះ​កំពុង​មាន​សមត្ថភាព​ល្អ វ័យក្មេង និង​មាន​ប្រិយភាព​ខ្ពស់​ក៏ដោយ ប៉ុន្តែ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​គុន​ខ្មែរ​ទាំង​ឈុត​ថ្នាល និង​ឈុត​ធំ កីឡាករ​ទាំង ២ មិន​ស្ថិត​ក្នុង​ជម្រើស​ជាតិ​ប្រមូល​ផ្តុំ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ឡើយ​ទេ សម្រាប់​ឆ្នាំ ២០១៨។

សុខ ធី មាន​ទីផ្សារ​ប្រកួត​ច្រើន​នៅ​សង្វៀន​ប្រទេស​ថៃ និង​ធ្លាប់​ផ្តួល​កីឡាករ​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ​បាន​ញឹកញាប់ ប៉ុន្តែ​សម្រាប់​សង្វៀន​ក្នុង​ស្រុក​ខ្មែរ រូបគេ​ហាក់បី​ដូច​មាន​ការ​ប្រកួត​តិចតួច​នៅ​ឡើយ។ លោក​សាន់ សៅ​យ៉ាន់ គ្រូបង្វឹក បាន​និយាយ​ថា៖ «ទីផ្សារ​ប្រកួត​នៅ​ប្រទេស​ថៃ សុខ ធី ជា​កីឡាករ​ឆ្នើម​មាន​តម្លៃ​ខ្លួន​ប្រកួត​ថ្លៃ​ច្រើន​ជាង​ក្នុង​ស្រុក​ជិត ៤ ដង ហើយ​សុខ ធី ជាប់​កុងត្រា​ជាច្រើន​ប្រកួត​ក្នុង​មួយ​ឆ្នាំៗ​នៅ​សង្វៀន​ប្រទេស​ថៃ»៕