Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សុជាតិ ខំប្រឹង​ទាំង​របួស តែ​ម្ទេសខ្មាំង ផ្តួលថៃ

Content image - Phnom Penh Post
ព្រឿង សុជាតិ បានដួល​ក្រោមកម្លាំង​ទាត់​យ៉ាងខ្លាំង​របស់ Phun Savath នាជំនួប​ពី​ថ្ងៃ​អាទិត្យ។ ស្រេង ម៉េងស្រ៊ុន

សុជាតិ ខំប្រឹង​ទាំង​របួស តែ​ម្ទេសខ្មាំង ផ្តួលថៃ

ភ្នំពេញៈ អ្នកប្រដាល់​វ័យក្មេង ព្រឿង សុជាតិ បានប្រឹង​វាយបក​ជាមួយ​ថៃ Phun Savath ទាំង​របួសដៃ តែ​នៅតែ​គេចមិន​ផុតពី​ពាក្យថា «ចាញ់​ដោយ​សន្លប់» សម្រាប់​ការប្រកួត​បើកឆាក​ដណ្តើម​ខ្សែក្រវាត់​គោជល់ ទម្ងន់ ៥៧ គីឡូក្រាម នៅលើ​សង្វៀន PNN កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ជើងខ្លាំង ពេជ្រ ម្ទេសខ្មាំង បាន​បុកកែង​ផ្តួលថៃ Phet Sila ត្រឹម​ទឹកទី ២ ដើម្បី​ទទួលបាន ៣ ពិន្ទុ ក្នុងថ្ងៃ​បើកឆាក​នេះ។

កីឡាករ ព្រឿង សុជាតិ បានប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំពិតជា​សោកស្តាយ​ខ្លាំង​ចំពោះ​ការចាញ់​លើក​នេះ។ តាមពិត​ខ្ញុំមាន​របួសដៃ​តាំងពី​ទឹកទី ១ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិនចង់​ចាញ់គេ​ដោយ​សន្លប់ ទើបខ្ញុំ​បាន​ប្រឹងប្រែង​វាយបក​ជាមួយ​គេទាំង​របួស តែ​ដោយសារ​ដៃ​របស់ខ្ញុំ កាន់តែ​ធ្លាក់ និងឈឺ​កានតែខ្លាំង​នោះ ខ្ញុំ​ក៏បាន​បង្ខំចិត្ត​ឈប់​នៅ​ទឹកទី ៤ ព្រោះបើ​យើង​ទ្រាំវាយ​ទៀត ខ្លាច​បណ្តាយ​ឲ្យមាន​បញ្ហា​កាន់តែខ្លាំង»។

ព្រឿង សុជាតិ ជា​កីឡាករ​ដែលមាន​បទពិសោធ​ខ្ចី​ជាងគេ ក្នុង​ចំណោម​បេក្ខភាព​របស់​កម្ពុជា​ទាំង ៤ នាក់ ដែល​ត្រូវដាក់​ឲ្យប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ទាំង ៤ នាក់ នៃ​ព្រឹត្តិការណ៍​មួយ​នេះ ប៉ុន្តែ​កីឡាករ​វ័យ ២០ ឆ្នាំ​រូបនេះ បានធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​ជើងចាស់​របស់ថៃ Phun Savath មិន​ធ្វើឲ្យ​អ្នកទស្សនា​ខកចិត្ត​នោះឡើយ។ យ៉ាងណា​ក៏ដោយ នៅទឹក​ទី ៤ សុជាតិ ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​ការប្រកួត​ទាំង​សង្វេគ ខណៈ​កំភួន​ដៃស្តាំ​របស់គេ​មានរបួស​ក្រោម​កម្លាំងទាត់​របស់ Phun Savath នោះ។

ទាក់ទង​ទៅនឹង​របួស​នេះ ព្រឿង សុជាតិ បាន​បញ្ជាក់ថា៖ «របួស​នេះវា​មិន​រំខាន​ដល់​ការប្រកួត​របស់ខ្ញុំ លើក​ក្រោយ​នោះទេ គឺ​ប្រហែល ២ សប្តាហ៍​ទៀត អាចជា​សះស្បើយ​វិញហើយ ហើយខ្ញុំ​នៅតែ​បន្ត​ប្រកួត​ក្នុង​ខ្សែក្រវាត់​នេះ។ បើទោះ​បីជា ខ្ញុំក្មេង​ជាងគេ និង​មិនសូវ​មានសង្ឃឹម​ក្នុងការ​ឈ្នះ ព្រោះ​កីឡាករ​ថៃល្អៗ ប៉ុន្តែ​ខ្ញុំត្រូវ​ខំប្រឹង​វាយឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្ញុំ សម្រាប់​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​ទៀត»។

ដោយឡែក​ជើង​ខ្លាំងមាន​ជំនាញ​ទាំង​ប្រដាល់​សកល និង​សេរី ពេជ្រ ម្ទេសខ្មាំង បានទាត់​កីឡាករ​ថៃ Phet Sila ឲ្យមាន​របួស​ជើង និង​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ជាលើកទី ១ តាំងពីចុង​ទឹកទី ១។ បើទោះបីជា សំឡេង​ស្នូរជើង​បញ្ចប់​ទឹកទី ១ បាន​ជួយសង្គ្រោះ Phet Sila ប៉ុន្តែ​ឈានចូល​ទឹកទី ២ ពេជ្រ ម្ទេសខ្មាំង បាន​តាមទាត់ និង​ម៉ាត់ធ្វើ​ឲ្យ Phet Sila មិនសូវ​មានឱកាស​វាយបក​សងប៉ុន្មាន​ឡើយ ហើយ​នៅពេល​ថៃ​ម្នាក់នេះ ថយជាប់​ទៅនឹង​បង្គោល​រេញ​នោះ ម្ទេសខ្មាំង បានស្ទុះ​ចូលបុក​មួយ​កែងឆ្វេង​ចំថ្គាម​ពេញ បណ្តាលឲ្យ​កីឡាករ Phet Sila សន្លប់ធំ​តែម្តង។

ជាមួយ​ជ័យជម្នះ​នេះ បាន​ជួយឲ្យ ពេជ្រ ម្ទេសខ្មាំង មាន ៣ ពិន្ទុ នឹងបាន​ឡើងទៅ​ឈរនៅ​ចំណាត់ថ្នាក់​លេខ ១ ខាង​ភាគី​កម្ពុជា ហើយ ម្ទេសខ្មាំង ក៏ជា​បេក្ខភាព​ដែលមាន​ភាគរយ​ខ្ពស់ ក្នុងការ​បាន​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​អ្នកបាន​លេខ ១ ខាង​ភាគីថៃ​ដែរ ខណៈពេល​នេះ Phun Savath មាន ៣ ពិន្ទុ​ខ្ពស់ជាង​ថៃ ៣ នាក់​ផ្សេងទៀត៕

0

Comments

Please, login or register to post a comment