ភ្នំពេញ: ផង់ សុភាព មក​ពី​ក្លិប​តាឡី​មាន​ឫទ្ធិ ដែល​បាន​ចាញ់​កីឡាករ​ថៃ​សន្លប់​យ៉ាង​លឿន​ក្នុង​ទឹក​ទី ១ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ នោះ ត្រូវ​ផ្គូផ្គង​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ចំណូល​ថ្មី Sen Khoum ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម ដើម្បី​ស្វែងរក​ជ័យ​ជម្នះ​ស្តារ​មុខ​មាត់​ឡើង​វិញ។

ចំណែក ឃីម បូរ៉ា មកពី​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ចាស់​វស្សា​មក​ពី​ប្រទេស​ថៃ Reda ដែល​មាន​អាយុ​ច្រើន និង​ជា​កីឡាករ​ធ្លាប់​ប្រកួត​ជាមួយ​មួយ​ឪពុក​របស់​គេ​គឺ​លោក​ហេង ប៊ុនឃីម កាល​ពី​ជាង ១០ ឆ្នាំ​មុន​មក​ម្ល៉េះ។

ការប្រកួត​គូ​មិត្តភាព​អន្តរជាតិ ២ គូ​នេះ​នឹង​ប្រកួត​គ្នា​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី ១៤ ខែ​មករា ឆ្នាំ ២០១៨ ក្រោម​ការ​ឧបត្ថម្ភ​ពី​ស្រាបៀរ Barrley Black។ ដៃគូ​របស់​ផង់ សុភាព គឺ Sen Khoum ជា​កីឡាករ​ថ្មី​មិន​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ទេ។

តាម​ស្ថិតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​គណៈកម្មការ ផ្គូផ្គង Sen Khoum មាន​កម្ពស់ ១,៦៥ ម៉ែត្រ ធ្លាប់​ប្រកួត​បាន​ចំនួន ៦៦ លើក ឈ្នះ ៥៩ លើក ចាញ់ ៦ លើក និង​ស្មើ ១ លើក។

លោក​គ្រូ​បង្វឹក​ថៃ Tham Valek បាន​ឲ្យ​ដឹង​ថា៖ «Sen Khoum ជា​ជើង​ខ្លាំង​មួយ​រូប ល្អ​ទាត់ និង​ជង្គង់ ប៉ុន្តែ​អាច​លំបាក​ទប់​ទល់​ជាមួយ​ផង់ សុភាព ត្រង់​ស្នៀត​កែង​រូស​នេះ​តែម្តង»។

ផង់ សុភាព បាន​និយាយ​ថា៖ «ប្រកួត​នៅ​សប្តាហ៍​នេះ នឹង​ប្រឹង​យក​ឈ្នះ​ឲ្យ​បាន​ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ»។

កីឡាករ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «ការ​ប្រកួត​ចាញ់​កីឡាករ​ថៃ Phlay Noy ក្នុង​ដើម្បី​ទឹក​ទី ១ នោះ ជា​រឿង​ដែល​ខ្ញុំ​សោក​ស្តាយ​បំផុត និង​មិន​ធ្លាប់​មាន​សោះ​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្ញុំ។ ការ​ប្រកួត​លើក​នេះ ខ្ញុំ​ត្រៀម​បាន​ល្អ និង​សង្ឃឹម​ឈ្នះ​ថៃ ៩០ ភាគរយ»។

លោក​ម៉ាក់ សុខន គ្រូបង្វឹក បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ថា ផង់ សុភាព អាច​ស្តារ​មុខ​មាត់​បាន​ឡើង​វិញ ដោយ​ការ​ហ្វឹកហាត់​បាន​ល្អ​ប្រសើរ និង​ធានា​វាយ​អស់​ពី​សមត្ថភាព»។

ចំណែក Reda ធ្លាប់​ឈ្នះ​អតីត​កីឡាករ​ហេង ប៊ុនឃីម ជា​ឪពុក​របស់​ឃីម បូរ៉ា ហើយ​ថ្មីៗ​កន្លង​មក​នេះ ឃីម បូរ៉ា ក៏​ធ្លាប់​ចាញ់​កីឡាករ​ថៃ Reda ផងដែរ។ Reda ទោះ​បី​មាន​អាយុ​ជាង ៤០ ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​កម្លាំង​ថាមពល​អាច​ប្រកួត​បាន ៥ ទឹក និង​រឹងមាំ​ល្អ​ណាស់ ខណៈ​ដៃគូ​ប្រកួត​ទាត់​គេ​មិន​ស្រុត​នោះ​ឡើយ។

កីឡាករ​ថៃ​រូបនេះ មាន​កម្ពស់ ១,៦៤ ម៉ែត្រ ប្រកួត​បាន​ច្រើន​ណាស់ ប៉ុន្តែ​ចុះ​បញ្ជី​បាន​ចំនួន ១០៨ លើក ឈ្នះ ៩២ លើក ចាញ់​តែ ១៥ និង​ធ្លាប់​ស្មើ ១ លើក។

កីឡាករ​វ័យក្មេង​ឃីម បូរ៉ា មាន​អាយុ​ត្រឹម ២០ ឆ្នាំ កម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់​ប្រកួត​បាន​ចំនួន ១០១ លើក ឈ្នះ ៧៦ លើក​ចាញ់ ២៣ លើក និង​ស្មើ ២ លើក មក​ពី​ក្លិប​ភូមិ​គាប ខេត្ត​បន្ទាយមានជ័យ។

លោក​ហេង ប៊ុន​ឃីម គ្រូ​បង្វឹក និង​ជា​ឪពុក​បង្កើត បាន​និយាយ​ថា៖ «ការ​ហ្វឹកហាត់​បាន​ល្អ ប៉ុន្តែ​លំបាក​ឈ្នះ ខណៈ​ដែល​កីឡាករ​ថៃ​រូប​នេះ​មាន​ភាព​អំណត់ និង​រឹងមាំ​ណាស់ មិន​ងាយ​ផ្តួល​បាន​ឡើយ៕