ភ្នំពេញ: កីឡាករ​វ៉េង សុភ័ក្ត្រ បាន​ស្តារ​មុខ​មាត់​ឡើង​វិញ តាមរយៈ​ការ​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Den Phichhith ដោយ​ពិន្ទុ ដើម្បី​ទទួល​បាន ៣ ពិន្ទុ​បន្ថែម ក្នុង​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ​ដណ្តើម​ខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាម​រដូវកាល​ទី ២ វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍។

ចំណែក​កីឡាករ​ឌុម កែវដា បាន​បន្ត​ចាញ់​កីឡាករ​ជើង​ខ្លាំង​ថៃ Loom Leng ដោយ​ពិន្ទុ​បន្ទាប់​ពី​តស៊ូ​ប្រកួត​គ្នា​ពេញ ៥ ទឹក ហើយ​ជ័យជម្នះ​របស់​គេ​នេះ​សុទ្ធ​តែ​មាន​លក្ខណៈ​តឹង​តែង​ដូចគ្នា។ ក្នុងការ​ប្រកួត​នេះ វ៉េង សុភ័ក្ត្រ មក​ពី​ក្លិប​ទ័ព​ឆត្រ​យោង ៩១១ មាន​ប្រៀប​ឈ្នះ​សឹង​តែ​គ្រប់​ទឹក​ទៅ​លើ​កីឡាករ​ថៃ ពោល​គឺ​ចាប់ពី​ទឹក​ទី ២ រហូត ទឹក​ទី ៥ ខណៈ​ដែល​ទឹក​ទី ១ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

វ៉េង សុភ័ក្ត្រ ប្រើ​ស្នៀត​ទាត់​ជង្គង់ និង​ធាក់​ចេញ​ការពារ​បានល្អ​ដោយ​គេច​ផុត​ពី​ស្នៀត​កណ្តាប់ដៃ​របស់​ជើង​ខ្លាំង Den Phichhith។ ទោះ​ជា​យ៉ាង​ណា ក្នុង​ទឹក​ទី ៣ និង​ទឹក​ទី ៤ កណ្តាប់​ដៃ​របស់ Den Phichhith បាន​វាយ​ចូល ២ ដៃ​ធ្ងន់ៗ​បណ្តាល​ឲ្យ​កីឡាករ​កម្ពុជា​យ៉ាប់​ម្តងៗ​ដែរ ប៉ុន្តែ នៅ​តែ​មាន​ប្រៀប​ដោយសារ​តែ សុ័ភ័ក្ត្រ វាយ​បាន​ល្អ​ចំនួន ៣ ទឹក​កន្លង​មក។

លទ្ធផល​ផ្លូវការ​ពី​សំណាក់​ចៅក្រម​ទាំង ៥ និង​ការ​សម្រេច​ពី​គណៈ​កម្មាធិការ​បច្ចេកទេស​បាន​ប្រកាស​ជា​ផ្លូវការ ដើម្បី​ឲ្យ វ៉េង សុភ័ក្ត្រ ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥ ទល់​នឹង ០ ដើម្បី​ទទួល​បាន ៣ ពិន្ទុ​បន្ថែម។

ចំណែក​កីឡាករ​ឌុ​ម កែវ​ដា មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ មិន​អាច​ស្វែង​រក ៣ ពិន្ទុ​បាន​ទេ ក្រោយ​ពី​បាន​ចាញ់​កីឡាករ Loom Leng ដោយ​ពិន្ទុ​ក្នុង​ការ​តស៊ូ​ប្រកួត​បាន​ចំនួន ៥ ទឹក​ពេញ​យ៉ាង​ស្វិត​ស្វាញ។

ឌុម កែវ​ដា មានប្រៀប​នៅ​ទឹក​ទី ២ និង​ទឹក​ទី ៣ ប៉ុន្តែ​បាន​ចាញ់​ប្រៀប​កីឡាករ​ថៃ នៅ​ទឹក ៤ ដោយ​អាជ្ញា​កណ្តាល​លោក​ឡុង វិបុល បាន​រាប់​ទៅ​លើ​ឌុម កែវដា នៅ​ទឹក​ទី ៤ បន្ទាប់​ពី​ទទួល​រង​ការ​ទាត់​ចូល​ក្បាល​ឲ្យ​ដួល​នោះ។

ឌុម កែវដា បាន​វាយ​ស្តារ​បាន​ពិន្ទុ​មកវិញ​ខ្លះ​ដែរ ប៉ុន្តែ​អ្វីៗ​ហាក់​បី​ដូច​ខក​ពេល​អស់​ទៅ​ហើយ​ដោយ​មិន​អាច​ផ្តួល​ឲ្យ​កីឡាករ​ថៃ Loom Leng ឲ្យ​សន្លប់​បាន។ ចប់​ការ​ប្រកួត ចៅក្រម​ទាំង ៥ ផ្តល់​ឲ្យ​កីឡាករ​ថៃ​ឈ្នះ​ពិន្ទុ​ដោយ​ឯកច្ឆន្ទ ៥ ទល់​នឹង ០។

ឌុម កែវ​ដា បាន​និយាយ​ថា៖ «ខ្ញុំ​មានការ​ខកចិត្ត​ដោយសារ​ការ​ប្រកួត​ចាញ់​ទាំង ២ លើក។ ខ្ញុំ​ប្រឹង​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​មាន​ប្រៀប​ផង​ដែរ ប៉ុន្តែ​ភ្លាត់​ស្នៀត​ចាញ់​ថៃ​ត្រឹម​រាប់​ប៉ុណ្ណោះ​ក្រៅ​ពី​នេះ​ខ្ញុំ​ធ្វើ​បាន​ល្អ»។

ជាមួយគ្នានេះ ពុ​យ វណ្ណៈ មកពី​ក្លិប​ឃ្លាំងមឿង​ខេត្ត​ពោធិ៍សាត់ ឈ្នះ ចេង គា ក្លិប​វិបុល​ជា​រិទ្ធិ​ពោធិ៍​សែន​ជ័យ ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម ដោយ​ពិន្ទុ៕