ភ្នំពេញ: ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៥ គីឡូក្រាម នឹង​ឈាន​ចូល​ដល់​សប្តាហ៍​ទី ៦ វគ្គ​ជម្រុះ ជុំ​ទី ៣ នា​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មីនា ឆ្នាំ ២០១៨ របស់​សង្វៀន​អាស៊ី​អាគ្នេយ៍។

វេង សុ័ក្ត្រ របស់​កម្ពុជា មកពី​ក្លិប​កងទ័ព​ឆត្រយោង ៩១១ ត្រូវ​ដល់​វេន​ប៉ះ​ជើង​ខ្លាំង​កីឡាករ​ថៃ Kolap Dam ដែល​ជា​ការ​ប្រកួត​មួយ​លំបាក​ឈ្នះ​បំផុត ប៉ុន្តែ ឌុម កែវដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ អាច​នឹង​ជួប​ការ​ប្រកួត​ងាយ​ស្រួល​ជាង​នេះ ខណៈ​ដែល​រូបគេ​ត្រូវ​ប៉ះ​ជាមួយ​នឹង Louk Ton ដែល​គួរ​តែ​មិន​មាន​ជា​ឧបសគ្គ​ធំ​ឡើយ។

យោង​ទៅ​តាម​ទិន្នន័យ​ប្រកួត​ចំនួន ២ លើក​កន្លង​មក​ក្នុង​រង្វង់​ខ្សែ​ក្រវាត់​នេះ វេង សុភ័ក្ត្រ ឈ្នះ ១ ប្រកួត ចាញ់ ១ ប្រកួត មាន ៤ ពិន្ទុ ឈរ​ក្នុង​លំដាប់​លេខ ៣ ក្នុង​ពូល​កីឡាករ​ខ្មែរ បន្ទាប់​ពី​កីឡាករ​ផាន់ គ្រាន់ និង​មាស ច័ន្ទមាន ខណៈ​ឌុម កែវដា ចាញ់​ទាំង ២ ប្រកួត មាន ២ ពិន្ទុ​ឈរ​នៅ​បាត​តារាង។ ទោះ​ជា​យ៉ាង​នេះ​ក្តី សម្រាប់​ការ​ប្រកួត​រវាង​វេង សុភ័ក្ត្រ មក​ពី​ក្លិប​កងទ័ព​ឆត្រ​យោង ៩១១ ជាមួយ កីឡាករ​ថៃ Kolap Dam មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ពី​ព្រោះ Kolap Dam បើ​និយាយ​ពី​ការ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រហែល​ជាង ១០ លើក ទើប​តែ​ចាញ់​មួយ​លើក​ប៉ុណ្ណោះ ពោល​គឺ​ចាញ់​ផាន់ គ្រាន់ ទាំង​ប្រផិត​ប្រផើយ​កាល​ពី​ថ្ងៃ ៤ ខែ​មីនា ឆ្នាំ ២០១៨ ហើយ​ក្រៅ​ពី​នេះ​ឈ្នះ​ទាំង​អស់។

Kolap Dam មាន​កម្ពស់​ខ្ពស់​ល្អ​ក្បាច់​ជង្គង់ និង​ទាត់​ល្អ ប៉ុន្តែ វាយឆ្មក់​មួយៗ​តាម​បច្ចេកទេស មិន​ឆេវឆាវ​វាយ​សម្រុក​ខ្លាំង​ពុះ​កញ្ជ្រោល​នោះ​ឡើយ។ វេង សុភ័ក្ត្រ ជា​កីឡាករ​វ័យក្មេង​ចិត្តធំ វាយ​សម្រុក​មិន​ដក​ថយ ប៉ុន្តែ​ចាញ់​ប្រៀប​ផ្នែក​កម្ពស់ និង​ក្បាច់​ជង្គង់។ តាម​ការវាយតម្លៃ​ព្យាករ​ក្រៅផ្លូវការ​ពី​អ្នកទស្សនា​ភាគច្រើន Kolap Dam ត្រូវបាន​រំពឹង​ទុក​ថា មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង។

លោក​ហង់ សឿន គ្រូបង្វឹក វេ​ង សុភ័ក្ត្រ បាន​និយាយ​ថា៖ «រឿង​ចាញ់ ឬ​ឈ្នះ​មិន​អាច​និយាយ​មុន​បាន​ទេ ពី​ព្រោះ​កូន​សិស្ស​របស់​ខ្ញុំ​ធានា​ថា ឡើង​ទៅ​ដឹង​តែ​ពី​វាយ​អស់​ពី​សមត្ថភាព ប៉ុន្តែ​លទ្ធផល​យ៉ា​ងណា មិន​ហ៊ាន​ទស្សន៍​ទាយ​មុន​ឡើយ»។

លោក​បន្តថា៖ «ទោះបី​ជា​ដៃគូ​គឺ​កីឡាករ​ថៃ​នោះ​ល្អ ប៉ុន្តែ​យើង​មិន​បោះ​ប​ង់ចោល​ការ​ព្យាយាម​នោះ​ឡើយ ដោយ​ការ​ប្រកួត​វាយ​អស់​ពី​សមត្ថភាព​ក្នុង​បំណង​យក​ឈ្នះ​ឲ្យ​បាន»។

ការប្រកួត​គូ​ទៀត​ឌុម កែវដា ជាមួយ Louk Ton ២ ប្រកួត​កន្លង​មក​ចាញ់ ២ លើក​ដូច​គ្នា។ ឌុម កែវដា មួយរយៈ​នេះ​ការ​ប្រកួត​ធ្លាក់​ចុះ ដោយ​ប្រកួត​ចាញ់​ទាំង​ក្នុង​រង្វង់​ដណ្តើម​ខ្សែក្រវាត់​នេះ និង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្សេង​ទៀត។

ទោះជា​យ៉ាងណា​សម្រាប់​ការជួប​ជាមួយ​កីឡាករ​ថៃ Louk Ton ឌុម កែវដា គួរតែ​មិន​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​នោះ​ទេ អាច​និយាយ​ថា ការ​ប្រកួត​ធូរ​ស្រាល​ជាង​មុន៕