ភ្នំពេញៈ កីឡាករ សូត្រ ប៊ុន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​នៃ​ក្រសួង​មហាផ្ទៃ បាន​បន្ត​យក​ឈ្នះ​ថៃ PhayakLek ដោយ​ពិន្ទុ​ទាំង​ត្រដាប​ត្រដួស សម្រាប់​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ នៅ​លើ​សង្វៀន SEATV កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ចំណែក​កីឡាករ​វ័យ​ក្មេង វ៉េង សុភ័ត្រ របស់​ក្លិប​កងទ័ព​ឆត្រ​យោង ៩១១ បាន​ត្រឹម​ស្មើ​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Kolap Dam ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម។

មួយរយៈ​នេះ សូត្រ ប៊ុនធី ប្រកួត​មិន​ដែល​ចាញ់​ទេ ហើយ​ជាង ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​រូបគេ បាន​ឱកាស​ប្រកួត​នឹង​កីឡាករ​បរទេស​ជានិច្ច ហើយ​កាល​ដើម​ខែ​មករា ឆ្នាំ ២០១៨ នេះ សូត្រ ប៊ុនធី ក៏បាន​យក​ឈ្នះ​កីឡាករ​រុស្ស៊ី ដើម្បី​ទទួល​បាន​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​មួយ​ផង​ដែរ។

សម្រាប់​ការប្រកួត​លើក​នេះ សូត្រ ប៊ុនធី នៅ​តែ​រក្សា​បាន​នូវ​ជ័យជម្នះ​បន្ត​ទៀត ដោយ​មាន​ប្រៀប​ពិន្ទុ​នាំមុខ​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​ក្នុង​ការ​ប្រកួត ៥ ទឹក​ពេញ Phayak Lek ហាក់បី​ដូច​វ៉ៃ​មិន​អស់​ពី​សមត្ថភាព ដោយ​ព្យាយាម​ដក​ថយ​ច្រើន​ជាង​ការ​វ៉ៃ​លុក។

ទាក់ទង​ការប្រកួត​មិនល្អ​មើល​នេះ លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​និយាយ​ថា៖ «យើង​មិន​អាច​ដឹង​ពី​ទឹកចិត្ត​ប្រកួត​របស់​វា បាន​ទេ ប៉ុន្តែ​សកម្មភាព​ប្រកួត​របស់​កីឡាករ​ម្នាក់ ពេល​ខ្លះ​ល្អ ពេល​ខ្លះ​មិន​ល្អ ដូច​តែ​កីឡាករ​ខ្មែរ​យើង​ដែរ»។

ចំណែក វ៉េង សុភ័ត្រ បាន​ស្មើ​ជាមួយ​ថៃ Kolap Dam ហើយ​ក្នុង​ការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ ពួកគេ​ហាក់បី​ដូច​ខ្លាច​គ្នា ដោយ​មិន​សូវ​ចូល​វាយ​សម្រុក​គ្នា​ខ្លាំង​ប៉ុន្មាន​នោះ​ឡើយ។ ពី​ទឹក​ទី ១ ដល់​ទឹក​ទី ៥ ការ​ប្រកួត​របស់​អ្នក​ទាំង ២ ធ្វើ​ឲ្យ​អ្នក​ទស្សនា មិន​សប្បាយចិត្ត​និង​បាន​ស្រែក​ចំអក ពី​ការ​ប្រកួត​មិន​ល្អ​មើល ឬ​វ៉ៃ​ហាក់​ដូចជា​ទំនង​មិន​អស់​ពី​សមត្ថភាព​នេះ។

តាម​ការ​កត់​សម្គាល់​ទៅ​លើ​សមត្ថភាព​ប្រកួត គឺ​កីឡាករ ថៃ Kolap Dam នេះ មាន​វិជ្ជា​គុន​ល្អ ហើយ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ មិនទា​ន់​ស្គាល់​រសជាតិ​ចាញ់​ម្តងណា​ឡើយ ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ​ហាក់បី​ដូច​មិន​សូវ​សម្រុក​ខ្លាំងក្លា ដូច​លើក​មុនៗ​ទេ។ ចំណែក វ៉េង សុភ័ត្រ ហាក់បី​ដូច​ខ្លាចៗ​មិន​សូវ​ចូល​វាយ​សម្រុក​ដូចគ្នា។

ចប់​ការប្រកួត​ចំនួន ៥ ទឹក ចៅក្រម និង​ប្រធាន​វិនិច្ឆ័យ ហាក់បី​ដូច​លំបាក ក្នុងការ​ផ្តល់​ពិន្ទុ​ឈ្នះ-ចាញ់​ណាស់ ព្រោះ​សកម្មភាព​ប្រកួត ហាក់​មិន​អស់​ពី​សមត្ថភាព ទើប​សម្រេច​ផ្តល់​លទ្ធផល​ឲ្យ​ស្មើគ្នា​តែម្តង។

លោក រាជ សុផែន ប្រធាន​វិនិច្ឆ័យ​ប្រចាំ​នៅ SEATV បាន​និយាយ​ថា៖ «តាម​បច្ចេកទេស ចៅក្រម​ទាំង ៥ នាក់ ពិតជា​លំបាក​ផ្តល់​ពិន្ទុ​ណាស់ គឺ​មិន​ដឹង​ខាង​ណា​មាន​ប្រៀប​នោះ​ទេ។ ហេតុនេះ​ការ​ផ្តល់​ពិន្ទុ​ឲ្យ​ស្មើ​នេះ គឺ​វា​សម​ហេតុសម​ផល តាម​ការ​ប្រកួត​របស់​ពួកគេ​ហើយ»៕