ភ្នំពេញ: សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា បាន​បើក​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ ដែល​បាន​បើក​ជា​ផ្លូវការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០១៨ និង​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ក្នុង​ទីលាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ជា​កម្មវិធី​ប្រកួត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា មួយរយៈ​ចុងក្រោយ​នេះ​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​ចេញ​ក្រៅ​ប្រទេស​លក្ខណៈ​អន្តរជាតិ មាន​សកម្មភាព និង​ដណ្តើម​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​ឲ្យ​សរសើរ និង​ឈ្នះ​មេដាយ​ជូន​ជាតិ​មាតុ​ភូមិ​ផង​ដែរ។

លោក​ជា ប៊ុនហេង ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា និង​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការ​ប្រកួត​សូហ្វតិន្នីស​ជ្រើស​រើស នៅ​លើ​ទីលាន​ផ្ទាល់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​នោះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ «សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ មាន​កីឡាករ-កីឡាការិនី​សូហ្វតិន្នីស​ចូលរួម​ចំនួន ៨៩ នាក់ ក្នុង​នោះ​មាន កីឡាការិនី​ចំនួន ២៧ នាក់​ដែល​មក​ពី​សមាគម និង​ក្លិប​ផ្សេងៗ​ចំនួន ៨»។

លោក​បាន​បន្តថា៖ «ក្លិប​ទាំង ៨ នោះ​មក​ខេត្ត​ចំនួន ៤ មាន ព្រៃវែង, កំពង់ស្ពឺ, កំពង់ឆ្នាំង និង​ត្បូងឃ្មុំ ក្រៅ​ពី​នេះ​មាន​មក​ពី​ក្រសួង​មហាផ្ទៃ, ក្រសួង​ការពារ​ជាតិ, អគ្គស្នងការ​នគរបាល​ជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិត្ត​សំឡាញ់»។

លោក​ជា ប៊ុនហេង បាន​បន្ថែម​ឲ្យ​ដឹងថា៖ «មាន ៩ វិញ្ញាសា គឺ​វិញ្ញាសា​ឯកត្តជន (នារី បុរស) វិញ្ញាសា​វាយ​គូ (នារី បុរស) វិញ្ញាសា​វាយ​ចម្រុះ (នារី បុរស) វិញ្ញាសា​បុរស​អាយុ​ក្រោម ១៨ ឆ្នាំ វិញ្ញាសា​នារី​អាយុ​ក្រោម ១៧ ឆ្នាំ និង​វិញ្ញាសា​វាយ​ក្រុម​បុរស»។

ជាមួយគ្នានេះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជ្រើស​រើស​យក​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​ដោយ​សម្រិត​សម្រាំង​ឲ្យ​មាន​ចំនួន​តិច ប៉ុន្តែ មាន​គុណភាព​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា។

ចំណែក​ប្រាក់រង្វាន់​អ្នកឈ្នះ​ជើងឯក​ប្រចាំឆ្នាំ​ចំណាត់​ថ្នាក់​លេខ ១ ទទួល​បាន​ប្រាក់ ៣០ ម៉ឺន​រៀល ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន ២០ ម៉ឺន​រៀល និង​ចំណាត់​ថ្នាក់​លេខ ៣ ទទួល​បាន ១០ ម៉ឺន​រៀល។

តាម​ការ​កត់​សម្គាល់ កីឡា​សូហ្វតិន្នីស​មាន​ព្រឹត្តិការណ៍​ច្រើន​ក្នុង​មួយ​ឆ្នាំៗ​ដូចជា​ការ​ប្រកួត​វាស់​ស្ទង់​សមត្ថភាព​ប្រចាំ​ខែ​របស់​ក្រុម​ជម្រើស​ជាតិ ដែល​សហព័ន្ធ​តែង​តែ​រក​ប្រាក់​ដើម្បី​ផ្តល់​ឲ្យ​ជា​ការ​លើក​ទឹកចិត្ត ហើយ​ថ្មីៗ​កន្លង​មក​នេះ មាន​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ស ខេង​លើក​ទី ៥ ជា​ដើម។

ដោយឡែក សម្រាប់​ការប្រកួត និង​ការហ្វឹកហាត់​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ កីឡា​សូហ្វតិន្នីស​កម្ពុជា​ត្រូវ​បាន​លោក​ជា ប៊ុនហេង អះ​អាង​ថា កំពុង​ត្រៀម​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន នៅ​ខែ​មិថុនា ហើយ​ពួកគេ​ក៏ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ China Open នៅ​ប្រទេស​ចិន ក្នុង​ខែ​ដដែល​ផង​ដែរ។ នៅ​ខែ​សីហា ឆ្នាំ ២០១៨ ខាងមុខ ក្រុម​សូហ្វតិន្នីស​កម្ពុជា ត្រៀម​ទៅ​ប្រកួត​នៅ​ហ្សាការតា ប្រទេស​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី៕