ភ្នំពេញ: កីឡាករ​កម្ពុជា​ឈ្នះ​ទាំង ២ គូ ក្នុង​នោះ​គូ​ចាប់​អារម្មណ៍ និង​ជក់​ចិត្ត​បំផុត គឺ​ការ​ប្រកួត​រវាង​កីឡាករ​សេង ស្រឿន មក​ពី​ក្លិប​មហិទ្ធិឫទ្ធិ​ដំបង​ដែក និង​កីឡាករ​ថៃ Kong Kanvan ដែល​បាន​ចាញ់​ដោយ​ពិន្ទុ ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

ចំណែក​កីឡាករ​កម្ពុជា​ម្នាក់​ទៀត​ស៊ឹម វណ្ណដេត បាន​ផ្តួល​ជើង​ខ្លាំង​ថៃ Chhat Pichhit ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី ២ យ៉ាង​លឿន ដោយ​ស្នៀត​កែង​វាយ​ប្តូរ​ជាមួយ​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ។

ក្នុងពេល​ចាប់ផ្តើម​ប្រកួត​នៅ​ទឹក​ទី ១ អ្នកទស្សនា​ភាគ​ច្រើន​រំពឹង​ទុក​ថា សេង ស្រឿន មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ជើង​ចាស់ Kong Kanvan នោះ​ទេ ហើយ​នៅ​ក្នុង​ទឹក​ទី ១ និង​ទី ២ នោះ កីឡាករ​ថៃ Kong Kanvan ក៏មាន​ប្រៀប​បន្តិច​បន្តួច​ផងដែរ។ ទោះបី​ជា​យ៉ាង​ណា ស្ថានភាព​ប្រកួត​ជាក់​ស្តែង​ចាប់ផ្តើម​ប្រែប្រួល​ចាប់​ពី​ទឹក​ទី ៣ ដោយ​សេង ស្រឿន បាន​ទាត់​ជើង​ក្រោម​ញឹក​ញាប់ និង​បាន​វាយ​ប្តូរ​ដោយ​កណ្តាប់​ដៃ​ចូល​គោលដៅ​បាន​ល្អ ហើយ​សេង ស្រឿន មាន​ពិន្ទុ​នាំមុខ​វិញ។

ចំណុច​ដែល​សេង ស្រឿន វាយ​បានល្អ​បំផុត​នៅ​ទឹក​ទី ៤ ក្រោយ​ពី​រូបគេ​បាន​បញ្ជូន​កណ្តាប់ដៃ​ចូល​មុខ​ផ្ទួនៗ និង​បន្ថែម​ដោយ​ស្នៀត​ទាត់​ជើង​ក្រោម ធ្វើ​ឲ្យ​កីឡាករ​ថៃ​រូបនេះ​ដួល​ជា​ញឹកញាប់​រហូតដល់​អាជ្ញាកណ្តាល​រាប់​ដល់ ៨ ចំនួន ១ លើក ក្នុង​ទឹក​នោះ។ ឈានចូល​ដល់​ទឹក​ទី ៥ សេង ស្រឿន នៅ​តែ​បន្ត​គ្រប់គ្រង​ជ័យជម្នះ​បាន​រហូត​ចប់​ទឹក។ សេង ស្រឿន បាន​ឈ្នះ​ពិន្ទុ​ដាច់​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​ជើង​ចាស់​ថៃ Kong Kanvan។

ជ័យជម្នះ​របស់​សេង ស្រឿន ត្រូវបាន​គេ​សរសើរ ហើយ​គណៈកម្មការ​ផ្គូផ្គង​នឹង​រៀបចំ​ឲ្យ​សេង ស្រឿន ឡើង​ប្រកួត​ជាមួយ​ថៃ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ។ ចប់​ការ​ប្រកួត កីឡាករ​ថៃ Kong Kanvan និយាយ​ថា៖ «ខ្ញុំ​មិន​នឹក​ស្មាន​ថា ប្រកួត​ចាញ់​សោះ ប៉ុន្តែ​ទទួល​ស្គាល់​ថា​ការ​ចាញ់​នេះ គឺ​អស់ចិត្ត​ដោយ​បញ្ហា​ស្រុត​កម្លាំង​ព្រម​ទាំង​ឈឺ​ជើង​លំបាក​ទប់​ទល់»។

ចំណែក​គូ​មិត្តភាព​អន្តរជាតិ​មួយ​ទៀត កីឡាករ​ស៊ឹម វណ្ណដេត មក​ពី​ក្លិប​ថ្មគោល​ពោធិ៍​សែនជ័យ បាន​ចំណាយ​ពេល​តែ ២ ទឹក​ប៉ុណ្ណោះ ដើម្បី​ផ្តួល​កីឡាករ​ថៃ Chhat Pichhit ឲ្យ​ងើប​លែង​រូច​ដោយ​ស្នៀត​កែង និង​កណ្តាប់ដៃ​បន្ទាប់​ពី​ពួកគេ​វាយ​សម្រុក​ប្តូរ​ស្នៀត​គ្នា​យ៉ាង​អស្ចារ្យ​បំផុត។ ចំពោះ​គូប្រកួត​មិត្តភាព​ថ្នាក់​ជាតិ​វិញ កីឡាករ​ថន ភឿត មក​ពី​ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់ បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ឈាន រស្មី មក​ពី​ក្លិប​តាឡី​មានរិទ្ធ។ កីឡាករ​វ៉ែន ហុងជីវ៉ុង ខេត្ត​មក​ពី​បាត់ដំបង បាន​សង​សឹក​កីឡាករ​រិទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍​បាន​សម្រេច​ទាំង​ត្រដាប​ត្រដួស​៕