ភ្នំពេញ: ខ្សែក្រវាត់​គោជល់​វគ្គ​ទី ៨ ទម្ងន់ ៦៩ គ.ក្រ​សង្វៀន CNC បាន​ធ្លាក់​ដល់​ដៃ​កីឡាករ រឿង សោភ័ណ្ឌ ក្លិប​មកុដ​រាជសីហ៍​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​រូបគេ​បាន​ប្រើ​កណ្តាប់​ដៃ​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Opor ឲ្យ​សន្លប់​ងើប​លែង​រួច​ក្នុង​ទឹក​ទី ៤ ដើម្បី​ឈ្នះ​ខ្សែក្រវាត់ ១ អម​ដោយ​ប្រាក់ ២០ លាន​រៀល និង​ខ្សែ​កមាស ៣ ជី ខណៈ​លេខ ២ Opor បាន​ប្រាក់ ១០ លាន និង​ខ្សែ​កមាស ៣ ជី។

មុននឹង​ទទួលបាន​ជ័យជម្នះ រឿង សោភ័ណ្ឌ បាន​ជួប​ឧបសគ្គ​ធំ​ណាស់ ដោយ​ការ​វាយ​សម្រុក​ក្នុង​ទឹក​ទី ១ ដោយ​គ្មាន​សំចៃ​កម្លាំង​នោះ ធ្វើ​ឲ្យ​រូបគេ​បែក​ឈាម​ក្បែរ​ភ្នែក​ស្តាំ ហើយ​ទឹក​ទី ២ និង​ទី ៣ Opor បាន​បង្កើន​ការ​ចូល​បុក​ជង្គង់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ សោភ័ណ្ឌ ដែល​ជម្នះ​ចូល​ម៉ាត់​នោះ ជួប​ការ​លំបាក​ច្រើន។

ទោះជា​យ៉ាងណា នៅ​ចុង​ទឹក​ទី ៤ Opor បាន​ផ្ទុះ​កំហឹង ក្រោយ សោភ័ណ្ឌ វាយ​កែង​ឲ្យ​បែក​ក្រោម​ភ្នែក​ឆ្វេង ដោយ​គេ​បាន​ប្រើ​ក្បាច់​ជង្គង់​ហោះ​បំណង​ផ្តួល សោភ័ណ្ឌ ប៉ុន្តែ​ត្រូវ​សោភ័ណ្ឌ ម៉ាត់​ឆ្វេង​ចូល​ថ្គាម​បណ្តាល​ឲ្យ​សន្លប់​តែម្តង។

Opor បាន​និយាយ​ក្រោយ​ពេល​ចាញ់​ថា៖ «ការ​ចាញ់​នេះ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ខឹង ចង់​សង្គ្រប់​វាយ​ឲ្យ សោភ័ណ្ឌ សន្លប់​ដោយ​ក្បាច់​ជង្គង់ ប៉ុន្តែ​កណ្តាប់ដៃ​គេ​លឿន​ជាង មក​ដល់​មុន»។

តាម​លទ្ធផល​នេះ​បានធ្វើ​ឲ្យ រឿង សោភ័ណ្ឌ ឈ្នះ​ទាំង ៦ ប្រកួត​ក្នុងការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ។ រឿង សោភ័ណ្ឌ បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «ការ​ប្រកួត​នេះ​លំបាក​តឹង​តែង​ណាស់ ពី​ព្រោះ​គេ​ខ្លាំង​ណាស់។ ប្រសិន​បើ​នៅ​ទឹក​ទី ៤ ធ្វើ​មិន​បាន​សម្រេច​ទេ​នៅ​ទឹក​ទី ៥ ជា​ទឹក​ផ្តាច់​ព្រ័ត្រ ខ្ញុំ​បាន​តាំង​ចិត្ត​ថា មាន​ម្នាក់​គឺ​គេ ឬ​ខ្ញុំ​ត្រូវ​សន្លប់ គឺ​មិន​ឲ្យ​ចៅក្រម ឬ​គណៈកម្មការ លំបាក​ដាក់​ពិន្ទុ​នោះ​ទេ»។

គិត​ចាប់តាំង​ពី​ឆ្នាំ ២០១២ មក​ដល់​ពេល​នេះ រឿង សោភ័ណ្ឌ បាន​ឈ្នះ​ខ្សែក្រវាត់ ៦ ស្ថាប័ន ក្នុង​នោះ​មាន​ខ្សែ​ក្រវាត់​មក​ពី​អាស៊ី អីរ៉ុប នៅ​ប្រទេស​បារាំង​ចំនួន ២ ខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា ១ ខ្សែក្រវាត់​គោ​ជល់​វគ្គ ៤ ចំនួន១ ខ្សែក្រវាត់​គុនខ្មែរ​អន្តរជាតិ ១ និង​ចុង​ក្រោយ បាន​ឈ្នះ​ខ្សែក្រវាត់​គោជល់​វគ្គ ៨ នេះ។

រឿង សោភ័ណ្ឌ បាន​និយាយ​ថា៖ «ក្រោយ​ឈ្នះ​ខ្សែក្រវាត់​នេះ ខ្ញុំ​នឹង​សុំ​សម្រាក​មួយ​រយៈ​ដោយ​ចូល​ពិនិត្យ​សុខភាព​សិន។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​របស់​ខ្ញុំ​អាច​ចាប់ផ្តើម​ទៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨។ ការ​ប្រកួត​ខ្ញុំ​មិន​ប្រកាន់​សង្វៀន​ដូច​កីឡាករ​ខ្លះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ទិញ ឬ​ចង​ជើង​ខ្ញុំ​មិន​ឲ្យ​ប្រកួត​បាន​ដែរ។ ឲ្យ​តែ​មាន​ឱកាស​គេ​ផ្តល់​ជូន នៅ​ប៉ុស្តិ៍​ណា​ក៏​ខ្ញុំ​ទៅ​ប្រកួត​បាន​ដែរ ព្រោះ​ខ្ញុំ​មាន​ថ្ងៃនេះ​ដោយសារ​មាន​បង​ប្អូន​គាំទ្រ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់»។

គូ​ប្រដាល់​យក​ចំណាត់​ថ្នាក់​លេខ ៣ និង​លេខ ៤ ថៃ​ប៉ះ​ថៃ ដែល​ការ​ប្រកួត​ហាក់​បី​ដូច​មិន​សូវ​ល្អ​មើល ដោយសារ​ពួកគេ​ទាំង ២ ជា​មិត្ត​រួម​ជាតិ​ហូប​ចុក​ស្នាក់​នៅ និង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ហើយ​ការ​ប្រកួត​ត្រូវ​បាន​អាជ្ញាកណ្តាល​ព្រមាន​ចំនួន ២ លើក ខណៈ​ដែល​វាយ​គ្នា​ទំនង​ជាប់​សង្ស័យ​មិន​អស់​ពី ​សមត្ថភាព។ ប៉ុន្តែ Natrakeat ឈ្នះ​លេខ ៣ ដោយ​ផ្តួល​មិត្ត​រួម​ជាតិ​របស់​ខ្លួន Farmaeongkorn ឲ្យ​សន្លប់​ទឹក ៤ និង​បាក់​ដៃ​ស្តាំ។

មាន​គូ​មិត្តភាព​សងសឹក​មួយគូ​ទៀត ផាន់ គ្រាន់ របស់​កម្ពុជា បាន​បន្ត​ឈ្នះ Peyman Ordozadeh មក​ពី​ប្រទេស​អ៊ីរ៉ង់​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម៕