ភ្នំពេញៈ អ្នក​ប្រដាល់ ទេស សំខាន់ ដែលមាន​ឈ្មោះ​ពិត ឃុន សំខាន់ របស់​ក្លិប​កងពល​តូច​លេខ ៧០ កំពុង​រង់ចាំ​ការ​ជួយ​ពី​សប្បុរស​ជន ខណៈ​រូបគេ​បាន​ចូល​វះកាត់​ពោះ ដោយ​បញ្ហា​ដុះ​សាច់​ក្នុង និង​ក្រៅ ពោះ​វៀន ជា​ថ្មី ដោយសារ​ការ​វះកាត់​លើក​មុន គឺ​ក្រោយ​កីឡាករ​ថៃ បុក​ជង្គង់​បណ្តាល​ឲ្យ​ដាច់​ពោះ​វៀន ក្នុងការ​ប្រកួត​នៅ​សង្វៀន SEATV កាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ ២០១៧ ធ្វើ​មិន​បាន​ល្អ​នោះ។

គិត​មកដល់​នេះ ទេស សំខាន់ បាន​ចូល​សម្រាក​ព្យាបាល​វះកាត់​ធ្ងន់​បែប​នេះ ចំនួន ៤ លើក​ហើយ ព្រោះ​កន្លង​មក កីឡាករ​រូបនេះ ធ្លាប់​រង​របួស​ធ្ងន់ ដោយសារ​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ គឺ​ថៃ​បាន​វាយ​ឲ្យ​បាក់​ថ្គាម បាក់ដៃ និង​ដាច់​ពោះវៀន​នេះ។ ប៉ុន្តែ ទេស សំខាន់ បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា៖ «ទោះ​ជា​របួស ឬ​គ្រោះ​ថ្នាក់​ធ្ងន់ ដោយ​សារ​ប្រដាល់ ប៉ុន្តែ​មុខរបរ​ឈឺ​សាច់​នេះ ខ្ញុំ​មិន​អាច​បោះបង់​ចោល​ទេ គឺ​នៅ​ពេល​ខ្ញុំ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ខ្ញុំ​នឹង​សុំ​គេ​ឡើង​ប្រដាល់​ទៀត»។

ទេស សំខាន់ បាន​ខកខាន​ការប្រកួត​ជាង ១ ឆ្នាំ​ហើយ ហើយ​កាល​ពី​ថ្ងៃ​ទី ២ ខែ​មីនា ឆ្នាំ ២០១៨ រូបគេ​បាន​ចូល​ទៅ​វះកាត់ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ​ពេទ្យ ១៧។ សំខាន់ និយាយ​ថា៖ «ខាង​មន្ទីរពេទ្យ ជួយ​វះកាត់ និង​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​មិន​យក​ប្រាក់​ទេ ប៉ុន្តែ​ការ​ចំណាយ​ផ្សេងៗ ដូចជា​ទិញ​ថ្នាំ​បន្ថែម ការ​ហូប​ចុក ព្រមទាំង​កូន​ឈឺ​ផង​នោះ ធ្វើ​ឲ្យ​ជីវភាព​របស់​ខ្ញុំ​ជួប​បញ្ហា​លំបាក​ខ្លាំង នៅ​ពុំទាន់​មាន​អ្នក​ឧបត្ថម្ភ​ទេ»។

ទេស សំខាន់ បាន​បញ្ជាក់​ថា៖ «ការ​ខកខាន​ប្រកួត​យូរ ហើយ​មាន​ប្រពន្ធ ធ្វើការ​ជា​កម្មការិនី​រោងចក្រ មិន​អាច​ទប់ទល់​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​ទេ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តា​ជួយ​ខ្ញុំ​ផង ទម្រាំ​ខ្ញុំ​បាន​ជា​សះ​ស្បើយ បាន​ឡើង​ប្រកួត​ទៀត គឺ​ខ្ញុំ​មិន​បោះបង់​មុខរបរ​ប្រដាល់​នេះ​ជា​ដាច់​ខាត»។

គួររំឭកថា ទេស សំខាន់ ជា​កីឡាករ​គុន​ខ្មែរ​ឆ្នើម​ម្នាក់ មាន​ប្រវត្តិ​ប្រកួត​ជាង ១៣០ ដង ក្នុង​នោះ ឈ្នះ​ភាគ​ច្រើន និង​ធ្លាប់​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន ២ ស្ថាប័ន គឺ​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀរ​លីអូ ទម្ងន់ ៦០ គីឡូក្រាម នៅ​សង្វៀន​ស៊ីធីអិន និង​ឈ្នះ​ខ្សែ​ក្រវាត់ Black Panther ទម្ងន់ ៦៣,៥ គ.ក្រ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៣ កាល​ពី​ឆ្នាំ ២០១៥៕