ភ្នំពេញ: កីឡាករ​ប្រដាល់​ជើង​ថ្មី ស្បែក​ស​ច្រមុះ​ស្រួច Ali Qaradaghi មក​ពី អ៊ីរ៉ាក់ មិន​អាច​តស៊ូ​ជាមួយ​កីឡាករ​កម្ពុជា​ព្រំ សំណាង បាន​ពេញ ៥ ទឹក​នោះ​ឡើយ ទោះ​បី​អ្នក​ទស្សនា​មើល​ឃើញ​ថា កីឡាករ​កម្ពុជា​ទំនង​ជា​បន្ធូរ​ដៃ​ឲ្យ​ខ្លះ​ក៏ដោយ។

ជាមួយ​គ្នា​នេះ​ដែរ គូ​អន្តរជាតិ​ជក់​ចិត្ត​មួយគូ​ទៀត ឌុម កែវដា មក​ពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Den Phichit ទាំង​ប្រផិត​ប្រផើយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ២០ ខែ​មករា ឆ្នាំ ២០១៨ របស់​សង្វៀន​អាស៊ី​អាគ្នេយ៍។

សមត្ថភាព​ប្រកួត​របស់ Ali Qaradaghi លើ​សង្វៀន​ផ្ទាល់​នោះ​មិន​អាច​មាន​លទ្ធភាព​តតាំង​ជាមួយ​កីឡាករ​ព្រំ សំណាង បាន​ក្នុង​លក្ខណៈ​ប្រហាក់​ប្រហែល ឬ​សម​គ្នា​នោះ​ទេ ពីព្រោះ​គ្រាន់​តែ​ប្រវត្តិ​ប្រកួត និង​បទពិសោធ​ឡើង​សង្វៀន​នោះ​ក៏​តិច​ជាង ព្រំ សំណាង ដល់​ទៅ​ជិត ៤ ដង​ឯណោះ។

តាម​ការ​សន្និដ្ឋាន និង​ការ​លើក​ឡើង​ពី​អ្នកទស្សនា​មួយ​ចំនួន​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ គូ​នេះ​បាន​ផ្លាស់​ប្តូរ​គូ​ប្រកួត​ភ្លាមៗ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ខុស​ឆ្ងាយ​ពីគ្នា​ដាច់។

ក្នុង​ការ​ប្រកួត​ទឹក​ទី ១ កីឡាករ​ព្រំ សំណាង បាន​ប្រើ​ស្នៀត​កែង​ជង្គង់ និង​ទាត់​វាយ​សន្ធាប់​ទៅ​លើ Ali Qaradaghi មុន​នឹង​ធ្វើ​ឲ្យ​កីឡាករ​អ៊ីរ៉ាក់​រូបនេះ​ស្ទើ​តែ​តស៊ូ​ជាមួយ​មិន​បាន​ផង។

ប៉ុន្តែ ការប្រកួត​បាន​ឈាន​ចូលដល់​ទឹក​ទី ២ ព្រំ សំណាង ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំនង​ជា​បន្ធូរ​ដៃ​ឲ្យ​ដៃគូ​ខ្លះ​ដោយ​មិន​សូវ​ចូល​វាយ​សម្រុក​ខ្លាំង​សន្ធាប់​ដូច​ក្នុង​ទឹក​ទី ១ នោះ​ឡើយ។

ទោះបី​យ៉ាង​ណា​នៅ​ទឹក​ទី ៣ Ali Qaradaghi មិន​អាច​គេច​ផុត​ពី​ការ​សន្លប់​បាន​ឡើយ បន្ទាប់​ពី​ព្រំ សំណាង វាយ​ចេញ​ចំ​គោល​ដៅ​ល្អ មាន​ក្បាច់​ទាត់​ផ្ទួនៗ ដែល​នាំ​ឲ្យ Ali Qaradaghi ដួល​អាជ្ញាកណ្តាល​រាប់​ចំនួន ២ លើក មុន​នឹង​បញ្ឈប់​ការ​ប្រកួត ដោយសារ​តែ​គ្មាន​សមត្ថភាព​ប្រកួត​បន្ត។

ចំណែក​គូ​អន្តរជាតិ​មួយគូ​ទៀត កីឡាករ​ឌុម កែវដា ដែល​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​កីឡាករ​ថៃ​នោះ ត្រូវ​ទទួល​រង​នូវ​ការ​បរាជ័យ​ទៅ​វិញ ដោយ​រូបគេ​ចាញ់​ពិន្ទុ​របស់​កីឡាករ​ថៃ Den Phichit ទាំង​ប្រផិត​ប្រផើយ ពិសេស​ក្រោយ​កីឡាករ​ថៃ​វាយ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន ១ លើក​ក្នុង​ទឹក​ទី ៣។

ក្នុងការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ ឌុម កែវដា មាន​ប្រៀប​ឈ្នះ​ពិន្ទុ​នាំ​មុខ​នៅ​ដើម​ទឹក​ទី ២ និង​មាន​ប្រៀប​នៅ​ទឹក​ទី ៤ និង​ទី ៥ ប៉ុន្តែ​ចៅក្រម​បាន​សម្រេច​ឲ្យ​ឌុម កែវដា ចាញ់​ពិន្ទុ​នោះ​ដោយសារ​នៅ​ទឹក​ទី ៣ កីឡាករ​ថៃ Den Phichit បាន​ដាល់​ចូល​មុខ​កីឡាករ​ឌុម កែវដា ចំនួន ២ ដៃ ដែល​ធ្វើ​ឲ្យ​ទ្រេត​ជំហរ នាំ​ឲ្យ​អាជ្ញាកណ្តាល​លោក​យឹម សុខុម ចាប់​រាប់​ដល់ ៨ ចំនួន​មួយ​លើក ទើប​បន្ត​ប្រកួត​ទៀត៕