ភ្នំពេញៈ កីឡាការិនី ហេង ស៊ីវឡាង គ្រោង​នឹង​ដកខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​កីឡា​ប្រណាំង​កង់​កម្ពុជា បន្ទាប់​ពី​អ្នក​ស្រី បាន​នាំ​យក​មេដាយ​មាស ជា​ប្រវត្តិសាស្ត្រ​ឲ្យ​កម្ពុជា ពី​ការ​ប្រកួត​កីឡា​ប្រណាំង​កង់​ជើង​ឯក​អាស៊ី Asian Road & Para Cycling Championship 2018 នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​យប់​ថ្ងៃ​ចន្ទ កន្លង​មក​នេះ។

សម្រាប់​ការប្រកួត ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ៦ និង​បានបញ្ចប់ កាល​ពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ កន្លង​មក​នេះ ហេង ស៊ីវ​ឡាង បាន​ឈ្នះ​មេដាយ​មាស លើ​វិញ្ញាសា​ជិះ​កង់​ចម្ងាយ ២២ គីឡូម៉ែត្រ ផ្នែក​អាយុ ៣៥ ឆ្នាំ​ឡើង ហើយ​កីឡាការិនី ហេង ស៊ីវហ្គិច ដែល​ជា​បងស្រី​របស់ ស៊ីវឡាង បាន​ឈ្នះ​មេដាយ​ប្រាក់ លើ​វិញ្ញាសា​នេះ​ដែរ ប៉ុន្តែ​កីឡាករ​ជិះ​កង់​របស់​កម្ពុជា ៣ នាក់​ទៀត ដែល​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម ១៨ ឆ្នាំ និង​ក្រោម ២៣ ឆ្នាំ មិន​ដណ្តើម​បាន​មេដាយ​ទេ។

កីឡាការិនី ហេង ស៊ីវ​ឡាង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​បាន​ព្យាយាម​លើ​ជំនាញ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ឆ្លង​កាត់​ការ​លំបាក​មិន​តិច​នោះដែរ មុន​ពេល​ខ្ញុំ​បាន​ជាប់​ជា​ជម្រើស​ជាតិ នៅ​ឆ្នាំ ២០១៣ អ៊ីចឹង​ហើយ​ការ​ឈ្នះ​បាន​មេដាយ​មាស ពី​ការ​ប្រកួត​ជើងឯក​អាស៊ី ជា​លើក​ដំបូង នៅ​ពេល​នេះ វា​យុត្តិធម៌​ណាស់​ចំពោះ​រូបខ្ញុំ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​រហូត​មក»។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​បាន​ទទួល​បាន ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក នុត សាអាន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន ព្រមទាំង​មន្ត្រី​កីឡា​តំណាង​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC ពិសេស​ក្រុម​អត្តពលិក​កីឡា​ប្រណាំង​កង់ និង​ក្រុម​គ្រួសារ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ចន្ទ​នោះ ហេង ស៊ីវឡាង បាន​ទម្លាយ​នូវ​រឿង​ដ៏គួរ​ឲ្យ​គោរព​មួយ គឺ​អ្នកស្រី នឹង​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ ដើម្បី​ទុក​កៅអី​របស់​គាត់ ដល់​អ្នក​ជំនាន់​ក្រោយ។

អ្នកស្រី ហេង ស៊ីវ​ឡាង ដែលជា​អាជីវករ​លក់​កង់ និង​មាន​ស្វាមី​ជា​ឧកញ៉ា​ផង​នោះ បាន​បញ្ជាក់​ថា៖ «ពិត​ណាស់ បន្ទាប់​ពី​ការ​ប្រកួត​នេះ​ទៅ ខ្ញុំ​នឹង​ផ្អាក​ចូល​ក្រុម​ជម្រើស​ជាតិ ព្រោះ​ខ្ញុំ​ចង់​ទុក​ឱកាស​នេះ ឲ្យ​អត្តពលិក​ក្មេងៗ បាន​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​វិញ​ម្តង ដើម្បី​ឲ្យ​ពួក​គាត់ អាច​បាន​ហ្វឹកហាត់​ពេញ​លេញ និង​បាន​ប្រាក់​ខែ ពី​ការ​ប្រមូល​ផ្តុំ សម្រាប់​ការ​ចំណាយ​ផ្សេង»។

យ៉ាងណា​ក៏ដោយ​អ្នកស្រី ស៊ីវ​ឡាង បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ហ្វឹកហាត់​ដោយ​ខ្លួនឯង ហើយ​បច្ចេកទេស ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន ខ្ញុំ​នឹង​ចូលរួម​ផ្តល់​ឲ្យ​ក្មេងៗ ជំនាន់​ក្រោយ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា ហើយ​ខ្ញុំ​គិត​ថា បើ​សិន​ជា​យើង​មាន​កន្លែង​ហ្វឹកហាត់​ត្រឹម​ត្រូវ និង​មាន​ការ​ហូប​ចុក​គ្រប់​គ្រាន់​នោះ គឺ​អត្តពលិក​ខ្មែរ​យើង នឹង​មាន​សមត្ថភាព ក្នុងការ​ដណ្តើម​យក​មេដាយ​មាស ជា​បន្ត​ទៀត»។

ចំណែក​លោក​ឧត្តម​សេនីយ៍ត្រី ឧកញ៉ា វង្ស ខាន់​ពៅ ដែល​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន និង​ជា​ស្វាមី​របស់​អ្នក​ស្រី ហេង ស៊ីវឡាង បាន​ថ្លែង​ថា៖ «នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ​យើង ដណ្តើម​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់ ពី​ការ​ប្រកួត​ជើង​ឯក​អាស៊ី។ នេះ​ជា​មោទនភាព​ខ្លាំង​បំផុត ហើយ​តាមរយៈ​ការ​ឈ្នះ​មេដាយ​នេះ នឹង​អាច​ជួយ​ទាក់​ទាញ​យុវជន​ជំនាន់​ក្រោយ ឲ្យ​ចូល​មក​លេង​កីឡា​ប្រណាំង​កង់​បាន​ច្រើន ដើម្បី​យើង​អាច​មាន​សញ្ញា​ល្អ ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា»៕