ភ្នំពេញៈ គណៈកម្មការ​ប្រកួត​កីឡា​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ស្ពនស័រ ឆ្នាំ ២០១៧ (Sponsor Futsal Cup) បាន​សម្រេច​កែប្រែ​រូបមន្ត​ប្រកួត​ជម្រុះ​ប្រចាំ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង ដែល​នឹង​ត្រូវ​ធ្វើ​នៅ​លើ​ទីលាន​ក្នុង​ក្លិប​កីឡា​សុកញ្ញា (អ្នកលឿង) នាថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ដោយសារ​មណ្ឌល​ថ្មី​មួយ​នេះ មាន​ក្រុម​ចូលរួម​មិន​គ្រប់​តាម​ការ​គ្រោង​ទុក។

បើតាម​គោលការណ៍​ដែល​បាន​កំណត់ របស់​គណៈកម្មការ​ប្រកួត​ពាន​មួយ​នេះ គឺ​រាល់​មណ្ឌល​ប្រកួត​នីមួយៗ ត្រូវមាន​ក្រុម​ចូលរួម​តិច​បំផុត​ត្រឹម ៣២ ក្រុម និង​ច្រើន​បំផុត ៤០ ក្រុម ប៉ុន្តែ​ការ​ប្រកួត​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង​នេះ មាន​តែ ២០ ក្រុម​ចូលរួម​ទេ ហើយ​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​គណៈកម្មការ​ប្តូរ​រូបមន្ត​ពី​ការ​ប្រកួត​ចាញ់​ធ្លាក់ៗ មក​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ចាញ់ បាន​ប្រកួត​គ្នា​ម្តង​ទៀត ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គ ១៦ ក្រុម។

លោក សឹម សាន​ត្រាន តំណាង​ភេសជ្ជៈ​ស្ពនស័រ និង​ជា​អ្នក​គ្រប់គ្រង​ការ​ប្រកួត​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ស្ពនស័រ​នេះ បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «មណ្ឌល​ខេត្ត​ព្រៃវែង ដែល​ជា​មណ្ឌល​ថ្មី ក្នុង​រដូវកាល​នេះ មាន​តែ ២០ ក្រុម​ទេ បាន​ដាក់​ពាក្យ​ចូលរួម ហើយ​ការ​ទទួល​បាន​ក្រុម​តិច​ចូលរួម​បែប​នេះ ដោយសារ​តែ​ក្រុម​មួយ​ចំនួន បាន​ជាប់​ប្រកួត​បាល់ទាត់​អបអរសាទរ​ថ្ងៃ ៧ មករា ដែល​ត្រូវបាន​រៀបចំ​ឡើង នៅ​តាម​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត​នេះ»។

ជាមួយនឹង​ចំនួន​ក្រុម​ចូលរួម​ត្រឹម ២០ នេះ លោក សឹម សាន​ត្រាន និង​ក្រុម​ការងារ​បច្ចេកទេស បាន​កែប្រែ​រូបមន្ត​ប្រកួត ជា ២ ដំណាក់​កាល។ ដំណាក់កាល​ទី ១ គឺ​ក្រុម​ទាំង ២០ ត្រូវ​ចាប់​ឆ្នោត​ប្រកួត​គ្នា ហើយ ១០ ក្រុម ដែល​ឈ្នះ​ក្នុងការ​ប្រកួត ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ ១៦ ក្រុម ឯ​ក្រុម​ចាញ់​ទាំង ១០ ត្រូវ​ដាក់​ឲ្យ​ប្រកួត​គ្នា​ម្តង​ទៀត ហើយ​ក្រុម​ឈ្នះ​ចំនួន ៥ រួម​ជាមួយ​ក្រុម​ចាញ់ ដែល​មាន​លទ្ធផល​ល្អ​ជាង​គេ ១ ក្រុម​ទៀត សរុប ៦ ក្រុម ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ ១៦ ក្រុម ជាមួយ​ក្រុម​ឈ្នះ​ទាំង ១០ ដែល​អង្គុយ​ចាំ។

ចំណែក​ការប្រកួត​ដំណាក់កាល​ទី ២ នៅក្នុង​វគ្គ ១៦ ក្រុម ត្រូវ​ប្តូរ​រូបមន្ត​មក​ប្រកួត​ចាញ់​ធ្លាក់ៗ​វិញ គឺ ១៦ ក្រុម​ជម្រុះ​យក ៨ ក្រុម ហើយ ៨ ក្រុម​ជម្រុះ​យក ៤ ក្រុម និង ៤ ក្រុម​ជម្រុះ​យក​ក្រុម​ឈ្នះ​ចំនួន ២ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង ២ នេះ នឹង​ក្លាយជា​ក្រុម​តំណាង​ឲ្យ​មណ្ឌល​ខេត្ត​ព្រៃវែង ដែល​ត្រូវ​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម​ខ្លាំងៗ​ចំនួន ៨ មក​ពី​មណ្ឌល​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​មណ្ឌល​ខេត្ត​ព្រះសីហនុ។

នៅ​ត្រង់​ចំណុច​នេះ លោក សឹម សាន​ត្រាន បាន​បន្ថែម​ថា៖ «បើ​ទោះបី​ជា នៅ​មណ្ឌល​ខេត្ត​ព្រៃវែង មាន​ក្រុម​ចូលរួម​តិច ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ក្រុម​ដែល​បាន​ចូល​រួម​ទាំង ២០ នឹង​ប្រឹង​បែង​ប្រកួត​គ្នា​អស់​ពី​សមត្ថភាព ដើម្បី​ជ្រើសរើស​បាន​ក្រុម មាន​សមត្ថភាព​ពិត​ប្រាកដ​ចំនួន ២ ប្រចាំ​មណ្ឌល​នេះ ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ផ្តាច់ព្រ័ត្រ ដែល​ត្រូវ​ធ្វើ​នៅ​ភ្នំពេញ នា​ថ្ងៃទី ២០ ដល់​ទី ២១ ខែ​មករា ខាងមុខ​នេះ»៕