Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្វាយរៀង ទម្លាក់​ក្រោន រីឯ​ទ័ព មិន​រីករាយ​នឹងការ​ឈ្នះ

Content image - Phnom Penh Post
ខ្សែការពារ Yanagidte Kazu (លេខ៤៣) របស់​ប៉ូលិស បាន​ព្យាយាម​បិទ Choe Myong Ho​​។ ស្រេង ម៉េងស្រ៊ុន

ស្វាយរៀង ទម្លាក់​ក្រោន រីឯ​ទ័ព មិន​រីករាយ​នឹងការ​ឈ្នះ

ភ្នំពេញៈ នៅ​ទីបំផុត​តំបន់​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៧ ប្រចាំ​សប្តាហ៍​ទី ៥ បាន​ធ្លាក់​ទៅលើ​កណ្តាប់ដៃ​ក្រុមព្រះ​ខ័នរាជ​ស្វាយរៀង វិញ​ហើយ បន្ទាប់​ពី​ក្រុម​មួយនេះ​បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ១-០ ទាំង​លំបាក កាលពី​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) ហាក់​មួម៉ៅ​ទៅនឹង​ទម្រង់​លេង​កូន​ក្រុម បើ​ទោះបី​ជាទ័ព បាន​ឈ្នះ​ក្រុមប៉ូលិស ២-១ កាលពី​ម្សិលមិញ​ក៏ដោយ។

សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន RSN កាលពី​យប់ថ្ងៃ​សៅរ៍​នោះ ក្រុម​ស្វាយរៀង និង​ភ្នំពេញ​ក្រោន បាន​ធ្វើការ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ហើយ​ក្រុម​ទាំង ២ បាន​ធ្វើការ​ដាក់​សម្ពាធគ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ក្រុម​ទាំង ២ នេះ​មិនអាច​រកបាន​គ្រាប់បាល់​នៅ​តង់ទី ១ ដូចគ្នា។

យ៉ាងណា​ក៏ដោយ ការ​ទាត់បាល់ ហ្រីឃីក​ចេញពី​ជ្រុង​ខាងឆ្វេង​យ៉ាងល្អ​ឥតខ្ចោះ​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម នៅ​នាទី​ទី ៦៦ មិន​អាចឲ្យ​អ្នកចាំទី កែវ សុខ​សិលា លោតទះ​បាល់​នោះ​ដល់​ឡើយ។ ជ័យជម្នះ​ត្រឹម ១ គ្រាប់នេះ​បាន​ជួយឲ្យ​ស្វាយរៀង ឡើង​ទៅឈរ​នៅ​កំពូល​តារាង​ប្រចាំ​សប្តាហ៍ទី ៥ នេះវិញ​ម្តង ដោយ​មាន ១៣ ពិន្ទុ និង​បានរុញ​ភ្នំពេញ​ក្រោន មកឈរ​នៅ​លេខរៀង​ទី ៣ វិញ។

ការធ្លាក់​ពីកំពូល​តារាង មកឈរ​នៅ​លេខ​រៀងទី ៣ របស់​ក្រុម​ភ្នំពេញ​ក្រោន ដែល​មាន ១០ ពិន្ទុ ក៏​ព្រោះតែ​ក្រុមទ័ព បាន​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ (ប៉ូលិស) ២-១ កាលពី​ថ្ងៃអាទិត្យ ដើម្បី​មាន ១១ ពិន្ទុ លើស​ភ្នំពេញក្រោន​វិញ​ម្តង ប៉ុន្តែ​ការរក​គ្រាប់បាល់​ចំណេញ​បាន​ត្រឹម ១ គ្រាប់នេះ បានធ្វើ​ឲ្យលោក ទេព ឡុង​រចនា មិន​សប្បាយចិត្ត​ទេ។

លោក ទេព ឡុង​រចនា គ្រូបង្វឹក​ក្រុម​ទ័ព បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ការប្រកួត កាលពី​ល្ងាច​ម្សិលមិញ​ថា៖ «ការរក​បាន​គ្រាប់បាល់​ចំណេញ​ត្រឹម ១ គ្រាប់ តាមរយៈ​ការឈ្នះ​ត្រឹម ២-១ នេះ គឺវា​ដូចជា​យើង​គ្មាន​គ្រាប់​បាល់​អ៊ីចឹង ព្រោះខ្ញុំ​គិតថា យើង​គួរបាន​លទ្ធផល​ល្អ​ជាងនេះ ប៉ុន្តែ​យើង​លេង​អត់ល្អ​សោះ»។

លោក​បញ្ជាក់ថា៖ «ខ្ញុំបាន​ដាក់​កីឡាករ​ក្មេងៗ​មួយ​ចំនួន​ឲ្យចូល​លេង ព្រោះ​ចង់​សាកល្បង​សមត្ថភាព​ពួកគេ ប៉ុន្តែ​ទម្រង់​លេងបែរ​ជាមាន​ភាព​ស្មុគស្មាញ អត់​សូវ​ល្អទេ ហើយ​នៅពេល​ដែល​យើង​សម្រេច​ដោះ​ដូរ​ភ្លាមៗ​វិញ​នោះ ក៏លេង​អត់សូវ​យល់ចិត្ត​គ្នា និយាយ​រួមខ្ញុំ​អត់​ពេញចិត្ត​ទម្រង់​លេង​កូនក្រុម​ខ្ញុំនៅ​ថ្ងៃនេះ​តែម្តង ប៉ុន្តែ​វាក៏​អាច​មកពី​ការផ្លាស់ប្តូរ​បច្ចេកទេស និង​កម្តៅ​ថ្ងៃ នៅ​ថ្ងៃនេះ​ផងដែរ»។

សម្រាប់​ការប្រកួត​នៅ​ស្តាត​ចាស់ នោះ ក្រុម​ទ័ព បាន​សម្រេច​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​គឺ​សូម្បី​តែ​ខ្សែប្រយុទ្ធ​ដ៏មុត​ស្រួច Choe Myong Ho ក៏ត្រូវ​បាន​ដាក់​ឲ្យលេង​នៅក្នុង​ជម្រើសទី ២ ដែរ ហើយការ​មើល​ស្រាល​ទៅលើ​គូប្រកួត​នេះ​ធ្វើឲ្យ​ទ័ព ជួប​ការបារម្ភ​នៅ​ពេល​ខ្សែបម្រើ នួន បុរី បានរក​គ្រាប់​បាល់​នាំមុខ​ឲ្យក្រុម​ប៉ូលិស នៅ​នាទី​ទី ៧ នោះ។ ប៉ុន្តែ​ប្រធាន​ក្រុម រ៉ឹង ប៊ុនហៀង បាន​វាយបក​តាមស្មើ​នៅ​នាទីទី ២១ ហើយ​ខ្សែ​បម្រើ Kim Kyong Hun បានរក​គ្រាប់បាល់​ជ័យជម្នះ​នៅ​នាទីទី ៥១។

ចំណែក​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះដែរ ក្រុម​បឹងកេត បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ២-១ ដើម្បី​មាន ៨ ពិន្ទុ ឯក្រុម​ស៊ីម៉ាក់ និង​ក្រុម​គិរីវង់​សុខសែនជ័យ បាន​ត្រឹម​ស្មើគ្នា ៣-៣។ ចំណែក​ក្រុម​ណាហ្គាវើល បាន​ត្រឹមស្មើ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ០-០ នៅពហុ​កីឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃ​អាទិត្យ ម្សិលមិញ ស្របពេល​ក្រុម​វេស្ទើន បាន​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង៕

0

Comments

Please, login or register to post a comment