ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ឡៅ ចន្ទ្រា បាន​ប្រើ​ពេល​ត្រឹម ៣ ទឹក​ក្នុងការ​ផ្តួល​អ្នក​ប្រដាល់​របស់​ថៃ Chhan Chhai ក្នុងការ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ ដណ្តើម​ពាន​រង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រដាល់​កណ្តាប់ដៃ​ដែក ISI PALM ទម្ងន់ ៦៧ គីឡូក្រាម កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ ១ ពូល​កម្ពុជា ប៉ុន្តែ មាស សុជាតិ បាន​ចាញ់​ថៃ​ដាច់​តែម្តង។

តាមរយៈ​ការប្រកួត​នៅ​លើ​សង្វៀន CNC កាលពី​ម្សិលមិញ​នោះ ឡៅ ចន្ទ្រា បាន​ព្យាយាម​ចូល​ចាប់​បុក​ជង្គង់ និង​វាយ​កែង​យ៉ាង​សន្ធាប់ ទោះ​ជា Chhan Chhai បាន​ទាត់ ជង្គង់ និង​កែង​សង​ភ្លាម។

នៅក្នុង​ទឹក​ទី ២ ឡៅ ចន្ទ្រា បាន​បង្កើន​ការ​វាយ​លុក​កាន់​តែ​ខ្លាំង ហើយ​ការ​ម៉ាត់​ឆ្វេង​ស្តាំ ចូល​ពេញៗ​ចំនួន ២ ដៃ បាន​ធ្វើ Chhan Chhai អស់​ជំហរ នាំ​ឲ្យ ចន្ទ្រា អាច​ស្ទុះ​ចូល​បុក​ថែម​មួយ​ជង្គង់​ទៀត បណ្តាល​ឲ្យ​ថៃ​ម្នាក់​នេះ​ដួល​ដេក និង​ត្រូវ​អាជ្ញាកណ្តាល​រាប់​ជា​លើក​ទី ១ និង​ឈាន​ដល់​រាប់​លើក​ទី ២ ក្នុង​ចុង​ទឹក​ទី ២ នេះ នៅ​ពេល បាន​វាយ​កែង​ឆ្វេង​ចំ​ថ្គាម​ពេញ បណ្តាល​ឲ្យ Chhan Chhai ដួល​ទាំង​ជំហរ​នោះ។

យ៉ាងណា​ក៏ដោយ នៅ​ដើម​ទឹក​ទី ៣ ឡៅ ចន្ទ្រា បាន​ទទួល​រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង នៅ​ពេល Chhan Chhai បាន​ជ្រុល​ជើង​ទាត់​ចំ​ប្រដាប់​ការពារ​ពងស្វាស​របស់​គេ ពេញ​មួយ​ទំហឹង​នោះ។ ភាព​ឈឺចាប់​នេះ បាន​ជំរុញ​ឲ្យ ចន្ទ្រា កាន់​តែ​មាន​អារម្មណ៍​ពុះ​កញ្រ្ជល ក្នុងការ​តាម​ចាប់​បុក​ជង្គង់ និង​វាយ​កែង​ទៅ​លើ Chhan Chhai។

ជាមួយ​មហិច្ឆតា​នេះ ឡៅ ចន្ទ្រា បាន​បង្កើត​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ដោយ​រូបគេ​បាន​បុក​មួយ​ជង្គង់​ចំ​ឆ្អឹង​ជំនីរ​របស់ Chhan Chhai រួច​បាន​ចាប់​ទាញ​ថៃ​ម្នាក់​នេះ បង្វិល​មួយ​ជុំ និង​បាន​វាយ​កែង​ស្តាំ​ប៊ិះ​ចំ​ថ្គាម​ពី​ចំហៀង​យ៉ាង​ល្អ​បំផុត បណ្តាល​ឲ្យ Chhan Chhai ដួល​ដេក​ទាំង​អាការ​វង្វេងស្មារតី នាំ​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​តែម្តង។

ការយក​ឈ្នះ Chhan Chhai ត្រឹម​ទឹក​ទី ៣ នេះ បាន​ជួយ​ឲ្យ ឡៅ ចន្ទ្រា ឡើង​ទៅ​ឈរ​នៅ​លេខ ១ ប្រចាំ​ពូល​កម្ពុជា ជា​បណ្តោះ​អាសន្ន ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ លើក​ទី ១ នេះ ដោយ​បាន​រុញ​ទម្លាក់ ឆៃ សារ៉ា ដែល​បាន​យក​ឈ្នះ​ឡាវ Phan Chhai ដោយ​ពិន្ទុ កាល​ពី​សប្តាហ៍​មុន មក​ឈរ​នៅ​លេខ​រៀង​ទី ២ វិញ។ រីឯ មាស សុជាតិ បាន​ត្រឹម ១ ពិន្ទុ​ដូច ពុទ្ធ ឆាយ​រិទ្ធី ដែល​បាន​ចាញ់​ពិន្ទុ​ថៃ Noeng Trakan កាល​ពី​សប្តាហ៍​មុន។

តាមរយៈ​ការ​ប្រកួត ៥ ទឹក​ពេញ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នោះ​ដែរ មាស សុជាតិ បាន​ចាញ់​ប្រៀប​ថៃ Rong Nakpha ទាំង​ការ​ទាត់ ម៉ាត់ ពិសេស​ការ​បុក​ជង្គង់​តែម្តង ដែល​ធ្វើ​ឲ្យ សុជាតិ ចាញ់​ពិន្ទុ​ដាច់ និង​ទ្រម​ខ្លួន​ផងដែរ។ ប៉ុន្តែ​បេក្ខភាព​ទាំង ៨ នាក់​នេះ នៅ​សល់ ៣ ប្រកួត​ទៀត​ដូចគ្នា ដើម្បី​ប្រជែង​យក ៤ នាក់​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ដោយ​ឡែក មាស ច័ន្ទ​មាន បាន​ក្លាយជា​ម្ចាស់​ទឹក​ប្រាក់ ៤ លាន​រៀល ក្នុងការ​ប្រកួត​ដណ្តើម​ប្រាក់​លាន ទម្ងន់ ៦៣,៥ គីឡូក្រាម កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​សង្វៀន CNC នេះ​ដែរ។ ច័ន្ទ​មាន បាន​ម៉ាត់​ថៃ Ton Routhlek ឲ្យ​សន្លប់​ធំ​នៅ​ទឹក​ទី ២ ក្នុងការ​ប្រកួត​ជម្រុះ រួច​បាន​បន្ត​យក​ឈ្នះ​ជន​រួមជាតិ ផាន់ គ្រាន់ ដោយ​ពិន្ទុ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ ផាន់ គ្រាន់ បាន​ឈ្នះ​ពិន្ទុ​ថៃ Thung Mun ក្នុង​វគ្គ​ជម្រុះ​ដូចគ្នា៕