ក្រុងព្យុងឆាង: អត្តពលិក​ចោល​ដុំថ្ម​ម្នាក់​របស់​រុស្ស៊ី ដែល​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង មុន​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង Pyeongchang នោះ ត្រូវ​បាន​រក​ឃើញ​ថា មាន​សារធាតុ​ញៀន កាល​ពី​ថ្ងៃ​ចន្ទ ដែល​នាំ​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ជុំវិញ​កម្មវិធី​នៃ​ការ​ធ្វើ​តេស្ត និង​ការ​សម្រេច​ចិត្ត​ក្នុងការ​អនុញ្ញាត​ឲ្យ​អត្តពលិក​រុស្ស៊ី​រូប​នេះ ចូលរួម​ប្រកួត បើ​ទោះ​បី​ទាក់​ទង​នឹង​ករណី​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់។

កីឡាករ Alexander Krush-elnitsky ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ចោល​ដុំថ្ម​លើ​ទឹកកក​ជាគូ​ចម្រុះ ជាមួយ​នឹង​ភរិយា​របស់​គេ​គឺ​កីឡាការិនី Anastasia Bryzgalova នោះ បាន​ក្លាយជា​ប្រធាន​បទ​នៃ​ដំណើរ​នៃ​ការ​ស៊ើប​អង្កេត​ថ្មី​មួយ​នៃ​អង្គភាព​ប្រឆាំង​សារធាតុ​ហាម​ឃាត់​របស់​តុលាការ​អាជ្ញា​កណ្តាល​សម្រាប់​កីឡា (CAS)។

ករណីនេះ អាច​នឹង​ជះ​ឥទ្ធិពល​កាន់តែ​ធំ ខណៈដែល​មន្ត្រី​អូឡាំពិក នឹង​សម្រេច​ចិត្ត​នៅ​សប្តាហ៍​នេះ ក្នុងការ​ដាក់​ពិន័យ​ព្យួរ​មួយ​ទៅ​លើ​រុស្ស៊ី និង​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ជា​ក្បួន​ដោយ​គ្មាន​ទុក​ជាតិ ក្នុង​ពេល​បិទ​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ខាង​មុខ។

Krushelnitsky គឺជា​អត្តពលិក​ម្នាក់​ក្នុង​ចំណោម​អត្តពលិក​ចំនួន ១៦៨ នាក់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា «ស្អាត​ស្អំ» និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រកួត​ក្នុង​នាម​ជា​អត្តពលិក​មិន​តំណាង​ឲ្យ​ប្រទេស​ណា​ទាំងអស់ ក្រោយ​ពី​កម្មវិធី​ធ្វើ​តេស្ត​មួយ​បាន​ចំណាយ​ពេល​អស់​រយៈពេល​ជា​ច្រើន​ខែ។

ប៉ុន្តែ មាន​ព័ត៌មាន​ផ្ទុះ​ថា កីឡាករ​រូបនេះ ត្រូវ​បាន​ពិនិត្យ​ឃើញ​ជា​វិជ្ជមាន​ទៅ​លើ​គំរូ A និង B របស់​គេ ហើយ CAS បច្ចុប្បន្ន នឹង​សម្រេច​ចិត្ត​ថា វា​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ ឬ​ក៏​ការ​ប្រព្រឹត្ត​ល្មើស​មួយ ឬ​យ៉ាង​ណា។ ប្រភព​ជិត​ដិត​នឹង​បញ្ហា​នេះ បាន​បញ្ជាក់​ថា ករណី​នេះ ទាក់​ទង​នឹង​សារធាតុ​ម្យ៉ាង (Modonium) ដេល​ជួយ​បង្កើន​នូវ​ភាព​អំណត់ និង​ជួយ​ធ្វើ​ឲ្យ​ឆាប់​មាន​កម្លាំង។

កីឡាការិនី​វាយ​កូន​បាល់ Maria Sharapova បាន​ជាប់​ពិន័យ​រយៈពេល ១៥ ខែ សម្រាប់​ការ​ផ្ទុក​សារធាតុ​ដូច​គ្នា​នេះ កាល​ពី​ឆ្នាំ ២០១៦៕