ភ្នំពេញៈ ការ​ប្រកួត​សងសឹក​របស់​អ្នក​និយម​ថ្វាយ​បង្គំ​គ្រូ តាម​របៀប​ក្រមុំ​តែង​ខ្លួន គឺ អ៊ុំ ចំរើន មិន​បាន​សម្រេច​ទេ ដោយ​រូប​គេ​បាន​ចាញ់​ពិន្ទុ​ថៃ Super Chhai ទាំង​មិន​សប្បាយ​ចិត្ត ក្នុងការ​ប្រកួត ៥ ទឹក មិន​សូវ​ទាក់​ទាញ និង​ល្អ​មើល នៅ​សង្វៀន SEATV កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ជាមួយគ្នា​នោះ​កីឡាករ ចាន់ ប៊ុនហឿន ដែល​មាន​ប្រៀប​លើ​ថៃ Phat Chhayakphum ចំនួន ២ ទឹក​ហើយ​នោះ ត្រូវ​ភ្លាត់​ស្នៀត​សន្លប់​យ៉ាង​លឿន បន្ទាប់​ពី​ទទួល​រង​កែង​ស្តាំ​ចំ​ថ្គាម ក្នុង​ទឹក​ទី ៣។

ចំពោះ​លទ្ធផល​ប្រកួត​របស់ អ៊ុំ ចំរើន និង Super Chhai មិន​ល្អ​មើល​ទាល់​តែ​សោះ ខណៈ ចំរើន ព្យាយាម​ចូល​វ៉ៃ​ដោយ​ក្បាច់​កណ្តាប់​ដៃ ទាត់ និង​ធាក់​ចេញ​យ៉ាង​ច្រើន ប៉ុន្តែ Super Chhai បាន​ព្យាយាម​ដក​ថយ​ច្រើន តាមរយៈ​ការ​ទាត់​ស្រង់ និង​ទាត់​ចេញ​ការពារ​តែ​បន្តិច​បន្តួច។

នៅក្នុង​ជំនួប​ប្រកួត ៥ ទឹក​ពេញ កាយវិការ​របស់ Super Chhai ត្រូវ​បាន​គេ​រិះគន់​ថា ឡើង​ប្រកួត​ឈរ​ក្នុង​លំដាប់​កីឡាករ​មិន​ទាក់ទាញ តែ​តម្លៃ​ខ្លួន​ប្រកួត​ច្រើន​ជាង​កីឡាករ​ខ្មែរ ២ ដង ហើយ​តាម​ការ​ប្រកួត​នេះ អ្នកទស្សនា​លាន់​មាត់​ថា៖ «យក​កីឡាករ​ថៃ មក​វ៉ៃ​របៀប​នេះ គឺ​ស្តាយ​លុយ»។

ក្នុងការ​ប្រកួត ៥ ទឹក Super Chhai ទាត់​ស្កាត់​មិន​លើស​ពី ៥ ជើង​ទេ និង​ព្យាយាម​ចាប់​ឱប អ៊ុំ ចំរើន ឡើង​ជង្គង់ បាន​តិច​តួច មុន​នឹង​អាជ្ញាកណ្តាល​បំបែក។

អ្នក​ឲ្យ​ទឹក​កីឡាករ អ៊ុំ ចំរើន និយាយ​ក្រោយ​ប្រកាស​លទ្ធផល​ថា៖ «ថៃ​ឡើង​មក​ប្រកួត​សម្រាប់​តែ​ឈ្នះ ទោះ​គេ​មិន​វ៉ៃ​ចេញ ក៏ដោយ ហើយ​លើក​ក្រោយ Super Chhai ឡើង​រាំ​តែ​ម្តង​ទៅ ក៏​ទទួល​បាន​ជ័យជម្នះ​ដែរ»។

ចំណែក អ៊ុំ ចំរើន និយាយ​ថា៖ «ការ​ឡើង​ប្រកួត ខ្ញុំ​មិន​ដែល​ខ្លាច​ដៃគូ​ទេ គឺ​ដឹង​តែ​វ៉ៃ ប៉ុន្តែ​ការ​ប្រកួត ដែល​ភាគី​ម្ខាង​ទៀត​វាយ​ដក​ថយ និង​ចាំ​តែ​ឈ្នះ​នោះ យើង​លំបាក​ប្រកួត ព្រោះ​យើង​ចូល​វ៉ៃ គេ​មាន​ឱកាស​ឆ្មក់​បាន​ល្អ ហើយ​អាជ្ញាកណ្តាល មិន​ដែល​ចេះ​ព្រមាន​កីឡាករ​ថៃ​ទេ។ បើ​ខ្មែរ​គ្នាឯង​វិញ គឺ​ពូកែ​ចាប់​កំហុស»។

ផ្ទុយ​ពីនេះ ចាន់ ប៊ុន​ហឿន បាន​បង្ហាញ​ការ​ប្រកួត​ដ៏​ជក់ចិត្ត និង​ល្អ​មើល​បំផុត ទោះ​ប្រកួត​បាន​ត្រឹម ៣ ទឹក។ ប៊ុន​ហឿន មាន​ប្រៀប​បន្តិចបន្តួច​លើ Phat Chhayakphum រហូតដល់​ដើម​ទឹក​ទី ៣ ដែល​ការ​ប្រកួត​មាន​លក្ខណៈ​ស្រួច​ស្រាល់ ព្រោះ ចាន់ ប៊ុនហឿន មាន​ក្បាច់​បោះ​ជង្គង់​ចូល​បាន​ល្អ ហើយ​ថៃ​វាយ​សង​វិញ​ល្អ​ដូចគ្នា។

យ៉ាងណា​ក៏ដោយ នៅ​ពាក់កណ្តាល​ទឹក​ទី ៣ កីឡាករ Phat Chhayakphum វាយ​ក្បាច់​កែង​បេះ​ចំ​គុម្ព​ថ្គាម​ស្តាំ​របស់ ចាន់ ប៊ុនហឿន បណ្តាល​ឲ្យ​សន្លប់​ភ្លាមៗ​តែ​ម្តង ទោះបី​អាជ្ញាកណ្តាល​រាប់​ដល់​ទឹក ១០ ក៏​គេ​មិន​អាច​ងើប​រួច​ដែរ។ ការ​ចាញ់​នេះ​ត្រូវបាន​គេ​លាន់​មាត់​ថា រហ័ស​ពេក និង​មិន​នឹក​ស្មាន​ដល់។

ចំណែក​គូ​មិត្តភាព លី តឿន ចាញ់​ពិន្ទុ ឆាយ ម៉េត ឯ​ទី ពន្លែត បាន​សន្លប់​ក្នុង​ទឹក​ទី ៣ ក្រោម​ស្នៀត​ទាត់​របស់ ធា នុរាជ៕