ភ្នំពេញៈ អ្នក​ប្រដាល់​គុនខ្មែរ ចំនួន ៥៤ នាក់ មក​ពី​ក្លិប​ចំនួន ១៦ ដែល​ចំណុះ​ឲ្យ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​លោក ជា ប៊ុនហេង ទីប្រឹក្សា​លោក ស ខេង​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ចន្ទ នៅ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

លោក​ជា ប៊ុនហេង ជា​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ផង​នោះ បាន​ថ្លែង​ថា៖ «ការ​ឧបត្ថម្ភ​ដល់​អ្នក​ប្រដាល់​ទាំង​នេះ ដើម្បី​ជួយ​លើក​ទឹកចិត្ត ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ល្បី ព្រោះ​កីឡា​ប្រភេទ​នេះ ប្រើប្រាស់​កម្លាំង​ខ្លាំង និង​ប្រឈម​ទៅ​នឹង​ឧបសគ្គ និង​គ្រោះ​ថ្នាក់​ច្រើន ហើយ​ការ​ផ្តល់​ប្រាក់​រង្វាន់​ផ្តល់​ជូន​កីឡាករ​ទាំង ៥៤ នាក់​នេះ គឺ​គិត​ត្រឹម​កីឡាករ​ដែល​បាន​ប្រកួត​ក្នុង​អំឡុង ខែ​ធ្នូ ឆ្នាំ ២០១៧ កន្លង​មក​ថ្មីៗ ចំណែក​ខែ​ផ្សេងៗ​មុន​ខែ​ធ្នូ ២០១៧ យើង​បាន​ផ្តល់​ជូន​រួច​អស់​ហើយ»។

ចំណែក​លោក​វរសេនីយ៍ត្រី គង់ ចាន់ធីណា ជំនួយការ​លោក ជា ប៊ុនហេង និង​ជា​គ្រូបង្វឹក​ក្បាច់​គុន​ផ្នែក​កីឡា​នៅ​អង្គភាព​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ថា៖ «កីឡាករ​ទាំង ៥៤ នាក់ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ពី​លោក​ឧត្តម​សេនីយ៍​ឯក ជា ប៊ុនហេង ពេល​នេះ ជា​កីឡាករ​របស់​ក្លិប ដែល​ស្ថិត​ក្នុង​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ ហើយ​បាន​ឡើង​ប្រកួត តាម​សង្វៀន​នានា ទាំង​ជាមួយ​គូ​អន្តរជាតិ និង​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង»។

តាមរយៈ​ការ​ផ្តល់​ប្រាក់​រង្វាន់ កាល​ពី​ម្សិលមិញ​នោះ គឺ​កីឡាករ​ណា ដែល​ប្រកួត​ឈ្នះ​កីឡាករ​បរទេស ដោយ​ផ្តួល​ឲ្យ​សន្លប់ បាន​ប្រាក់​រង្វាន់ ២០ ម៉ឺន​រៀល អ្នក​ឈ្នះ​ត្រឹម​ពិន្ទុ​បាន ១០ ម៉ឺន​រៀល ឯ​គូ​ប្រដាល់​ខ្មែរ​គ្នា​ឯង អ្នក​ឈ្នះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ទទួល​បាន ១០ ម៉ឺន​រៀល អ្នក​ឈ្នះ​ត្រឹម​ពិន្ទុ ទទួល​បាន ៥ ម៉ឺន​រៀល។ ចំណែក​កីឡាករ​វ័យ​ក្មេង ថ្មីៗ​ដែល​បាន​ឱកាស​ឡើង​ប្រកួត​ជាគូ​បើក​ឆាក ឬ​គូ​ចុង​ក្រោយ ត្រូវ​បាន​លោក ជា ប៊ុនហេង ឧបត្ថម្ភ​ម្នាក់ ១០ ម៉ឺន​រៀល ទោះ​បី​ឈ្នះ ឬ​ចាញ់ ក៏ដោយ ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត។

ជាមួយគ្នានេះ លោក ជា ប៊ុនហេង បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ខិតខំ​ស្វែងរក​ការ​គាំទ្រ​បន្ត​ទៀត​ពី​សប្បុរសជន និង​ថ្នាក់​ដឹកនាំ ដើម្បី​ប្រមូល​ថវិកា សម្រាប់​យក​មក​ឧបត្ថម្ភ​ដល់​កីឡាករ សម្រាប់​ឆ្នាំ​ថ្មី ២០១៨ នេះ»។

ទោះជា​យ៉ាង​ណា លោក ជា ប៊ុនហេង បាន​ត្អូញត្អែរ​ថា ការ​ឧបត្ថម្ភ​មិន​មែន​តែ​កីឡា​ប្រដាល់​មួយ​ប្រភេទ​នេះ​ទេ ព្រោះ​នៅ​ក្នុង​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ មាន​រហូតដល់ ២៧ ប្រភេទ​កីឡា ហើយ​ជា​គោល​ការណ៍ សម្រាប់​ឆ្នាំ ២០១៨ នេះ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ មាន​ផែនការ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ១ ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ក្នុង​ចំណោម​អ្នក​ចូលរួម ២៥ ខេត្ត-រាជធានី ព្រមទាំង​ក្រសួង ២ គឺ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ៕