Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នករៀបចំ​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌ កំពុង​ជួបការ​បារម្ភ

Content image - Phnom Penh Post
សកម្ម​ភាព​ប្រណាំង​ក្របី នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌធំ ដែល​ត្រូវ​បាន​រៀបចំ​នៅ​វត្ត​វិហារសួគ៌ កាល​ពីឆ្នាំ​មុន។ ស្រេង ម៉េងស្រ៊ុន

អ្នករៀបចំ​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌ កំពុង​ជួបការ​បារម្ភ

ភ្នំពេញៈ គណៈកម្មការ​រៀបចំការ​ប្រកួត​កីឡា​ប្រពៃណី នៅ​វិហារ​សួគ៌ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ភ្ជុំធំ នា​ថ្ងៃទី ២០ ខែ​កញ្ញា ខាងមុខ​នេះ កំពុង​តែមាន​ការបារម្ភ​ទៅ​លើ​បញ្ហា​ការខ្វះ​ក្របី​យក​មក​ប្រណាំង នឹង​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​បើក​ភ្នែក​មើល​ផង ដើម្បី​កុំ​ឲ្យការ​ប្រកួត​កីឡា​ប្រពៃណី ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មួយនេះ ត្រូវ​រលាយ​បាត់ និង​ក្លាយ​ជា​របស់​ប្រទេស​ផ្សេង ដែល​គេ​កំពុង​ព្យាយាម​លួច​ចម្លង​ពី​យើង។

លោក ថែ ថាំង ប្រធាន​ភូមិ​វិហារ​សួគ៌ និង​ជា​ប្រធាន​គ្រប់គ្រង​ការប្រកួត​កីឡា​ប្រពៃណី នៅ​វិហារ​សួគ៌ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «យើង​នៅ​តែ​មានការ​រៀបចំ​ការប្រកួត​កីឡា​ប្រពៃណី​នៅ​ថ្ងៃ​ភ្ជុំ​ធំ ដោយ​មាន​ការ​ប្រណាំង​សេះ ប្រកួត​ចំបាប់ គុនដំបង សម្តែង​ល្បុក្កតោ និង​ប្រណាំង​ក្របី ប៉ុន្តែ​នៅ​ឆ្នាំនេះ​យើង​មាន​ការបារម្ភ និង​ដេក​មិន​លក់​ទេ ចំពោះ​ការធ្លាក់​ចុះ​នៃ​ចំនួន​ក្របី។ យើង​ចង់​ទៅ​ទិញ ឬជួល​ក្របី​នៅ​ស្រុក​គេ​មក​ប្រណាំង​ដែរ តែ​ពេលវេលា​ខ្លី​ពេក យើង​ធ្វើ​មិនទាន់»។

លោក​បាន​បន្ថែម​ថា៖ «នៅ​រាល់​ឆ្នាំ យើង​មាន​ចំនួន​ក្របី​ចូលរួម​ច្រើន មិន​ដែល​ក្រោម ១០ គូ​នោះ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​យើង​មាន​តែ ៥ គូ​ទេ ព្រោះ​ក្របី​នៅ​ភូមិ​ឃុំ​របស់​យើង វា​កើត​អុតក្តាម ធ្វើ​ឲ្យ​វាឈឺ​ក្រចក មិន​អាច​យក​មក​ជិះ​បាន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​លក់​វា​ទៅ​ឲ្យ​ឈ្មួញ​មកពី​វៀតណាម ហើយ​សព្វថ្ងៃ​នេះ​ការប្រើប្រាស់​ក្របី​សម្រាប់​ធ្វើ​ស្រែចម្ការ​នៅ​ទីនេះ ក៏មាន​ការធ្លាក់​ចុះ​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្តូរ​មក​ប្រើ​គ្រឿង​ចក្រ​ជំនួស​វិញ»។

លោក ថែ ថាំង បាន​ឲ្យ​ដឹងថា គណៈកម្មការ​ជា​អាជ្ញាធរ​ដែនដី និង​ព្រះចៅអធិការ​វត្ត​វិហារសួគ៌ បាន​រួមគ្នា​ខ្នះខ្នែង​យ៉ាង​ខ្លាំង ទើប​រកបាន​ក្របី ៥ គូ​យក​មក​ប្រណាំង​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ទស្សនា នៅ​ថ្ងៃ​ភ្ជុំធំ​ខាងមុខ​នេះ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា អាជ្ញាធរ​ថ្នាក់​ខេត្ត ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត មិន​បាន​ចូលរួម​ជ្រោមជ្រែង​ទៅ​លើ​ការរៀបចំ​ការប្រកួត​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌​នេះ​ទេ។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «មិនមែន​ខ្ញុំ​ដាក់​កំហុស​ទៅ​លើ​ពួកគាត់​នោះទេ ប៉ុន្តែ​សម្រាប់​ការ រៀបចំ​ឲ្យ​មាន​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌​នេះ គឺមាន​តែ​ពួកខ្ញុំ​ជា​គណៈកម្មការ និង​ចៅអធិការ​វត្ត ទេ ជាអ្នក​ស្វះស្វែង​រៀបចំ​ឲ្យ​មាន​ជា​រៀងរាល់​ឆ្នាំ ហេតុនេះ​សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដឹងឭ និង​យកចិត្ត​ទុកដាក់​ផង ព្រោះ​ការប្រណាំង​ក្របី​នេះ គឺមាន​តែ​នៅ​វិហាសួគ៌​ទេ ដែល​តំណាង​ឲ្យ​ប្រទេស​ទាំងមូល អ៊ីចឹង​ពួកខ្ញុំ​មិន​ចង់​ឲ្យ​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់ ដែល​បាន​បន្សល់​ទុក​ពី​ជីដូនជីតា​រាប់រយ​ឆ្នាំ​មក​នេះ រលាយ​បាត់ និង​ត្រូវ​ប្រទេស​ជិតខាង ដណ្តើម​យក​ទៅ​បាត់​នោះ​ទេ ព្រោះ​បើ​ពឹង​តែ​លើ​ការ​ខំប្រឹង​របស់​ពួកខ្ញុំ និង​ចៅអធិការ​វត្ត យើង​ក៏ពិបាក​ក្នុងការ​ថែរក្សា​កីឡា​ប្រពៃណី​នេះ​ឲ្យ​គង់វង្ស ដែរ»។

យ៉ាងណា​ក៏ដោយ ក្រៅ​ពីការ​ប្រណាំង​ក្របី​ទាំង ៥ គូនេះ គឺ​មានការ​ប្រណាំង​សេះ​រហូត​ដល់ ២៧ គូ សម្តែង​ល្បុក្កតោ​ចំនួន ២ គូ ព្រមទាំង​ការប្រកួត​គុនដំបង និង​ប្រកួត​ចំបាប់​បុរាណ​បែប​ស្ម័គ្រចិត្ត​របស់​អ្នកភូមិ​វិហារ​សួគ៌​តែម្តង ហើយ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក៏​នឹង​ចូលរួម​សហការ​ផ្នែក​បច្ចេកទេស​លើការ​ប្រកួត​នេះ​ផងដែរ។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​ធ្លាប់​បាន​ចូលរួម​ឧបត្ថម្ភ​ទៅ​លើ​ការប្រកួត​កីឡា​ប្រពៃណី នៅ​វិហារសួគ៌​កន្លង​មក​នោះ គឺ​នៅ​ឆ្នាំនេះ​មិន​បាន​ចូលរួម​ឧបត្ថម្ភ​ទេ ដោយសារ​ស្ថាប័ន​នេះ​មាន​ការ​មមាញឹក​ច្រើន ហើយ​មន្ត្រី​ជំនាញ​របស់ NOCC គឺ​លោក វ៉ាត់ ចំរើន ក៏ជាប់​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​តួកម៉េនីស្ថាន ផងដែរ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ