ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​សេះ​ដណ្ដើម​ពាន​រង្វាន់ Smart Land Home Champion បាន​ចាប់ផ្តើម​ប្រកួត​សម្រិត​សម្រាំង​រក​សេះ​ខ្លាំង​ប្រចាំ​រដូវកាល​ទី ៣ ឆ្នាំ ២០១៨ នៅ​លើ​ទីលាន SCT Sport Complex ក្នុង​តំបន់​អភិវឌ្ឍន៍ 7NG ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ប្រណាំង​សេះ នៅ​ឆ្នាំ​នេះ អាច​នឹង​ដំណើរ​ទៅ​បាន​រលូន​ជាង​ឆ្នាំមុន ព្រោះ​មាន​ក្រុមហ៊ុន​ចំណី​សេះ​ដ៏ធំ​មួយ បាន​ចូលរួម​ឧបត្ថម្ភ​ធំ បើ​ទោះបី​ជា លក្ខខណ្ឌ​នៃ​ការ​ប្រកួត យើង​ធ្វើ​ដូច​ឆ្នាំ​មុនៗ​ក៏ដោយ។

លោក អឿន សុផល តំណាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ «អ្វី​ដែល​ប្លែក សម្រាប់​ការ​ប្រណាំង​សេះ​ពាន​រង្វាន់ Smart Land Home Champion នៅ​ឆ្នាំ ២០១៨ នេះ គឺ​យើង​មាន​ក្រុមហ៊ុន​ចំណី​សេះ បាន​ចូលរួម​ឧបត្ថម្ភ​ធំ ក្នុង​កម្មវិធី​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត គឺ​យើង​ធ្វើ​ដូច​សព្វ​ដង​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ នេះ យើង​មាន​ការ​ប្រកួត​ដណ្តើម​យក​ពាន​ធំ​ចំនួន ២ គឺ ១ ធ្វើ​នៅ​ក្នុង​ខែ​មេសា មុន​ថ្ងៃ​មហាសង្ក្រាន្ត ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​ពាន​ធំ ១ ទៀត ធ្វើ​ក្នុង​ខែ​ធ្នូ។ រីឯ​ប្រាក់​រង្វាន់ យើង​នឹង​បង្កើន​ទៅ​តាម​ផែនការ​របស់​យើង​ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ ដើម្បី​បង្កើន​សមត្ថភាព​សេះ ក៏​ដូចជា​លើក​ស្ទួយ​ម្ចាស់​សេះ ក្នុង​ការ​ថែទាំ​សេះ​ឲ្យ​បាន​ល្អ»។

ក្រុមហ៊ុន​ភើហ្វីក ខម​ភេនៀន ដែល​ជា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ នៅ​ថៃ គឺជា​អ្នក​ចូលរួម​ឧបត្ថម្ភ​ធំ ក្នុងការ​ប្រណាំង​សេះ​របស់ 7NG នៅ​ឆ្នាំ ២០១៨ នេះ ហើយ លោក វីរ៉ាយុត យ៉ាមភីផាត់ ប្រធាន​ផ្នែក​លក់​ចំណី​សត្វ​ចិញ្ចឹម​របស់​ក្រុមហ៊ុន​នេះ ហាក់​មាន​ការ​ចាប់អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ប្រណាំង​សេះ​នេះ។

លោក វីរ៉ាយុត យ៉ាមភីផាត់ បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់ 7NG ដែល​បាន​រៀបចំ​កម្មវិធី​ប្រណាំង​សេះ​នេះ។ យើង​បាន​ចាប់​អារម្មណ៍​ជាមួយ​ព្រឹត្តិការណ៍​នេះ ទើប​យើង​មក​ទាក់​ទង ដើម្បី​ឧបត្ថម្ភ ព្រោះ​ក្រុមហ៊ុន​យើង មាន​នាំចូល​ចំណី​សត្វ និង​ចំណី​សេះ ដែល 7NG ធ្លាប់​ប្រើ​កន្លង​មក​ដែរ អ៊ីចឹង​យើង​នឹង​ឧបត្ថម្ភ​ផលិតផល​នេះ ទៅ​ដល់​សេះ ដែល​ទទួល​បាន​ជយលាភី សម្រាប់​យក​ទៅ​ប្រើប្រាស់»។

គួរ​បញ្ជាក់ថា សម្រាប់​ការ​ប្រណាំង​សេះ ដណ្ដើម​ពាន​រង្វាន់ Smart Land Home Champion នេះ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​រៀង​រាល់ ១ ខែ​ម្តង ដើម្បី​ស្វែងរក​សេះ​ល្អៗ​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ពាន​ធំ ខណៈ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ប្រចាំ​ឆ្នាំ ២០១៧ ដែល​មាន​ប្រាក់​រង្វាន់ ២៥០០០ ដុល្លារ ត្រូវ​លើក​យក​មក​ធ្វើ​នៅ​ខែ​មេសា ឆ្នាំ ២០១៨ នេះ ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​នៅ​ឆ្នាំនេះ មាន​ការ​ប្រកួត​ពាន​ធំ​រហូតដល់ ២ បែប​នេះ។

សម្រាប់​ការប្រកួត​ប្រចាំ​ខែ​មករា ដែល​បាន​ធ្វើឡើង កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ មាន​សេះ​ចំនួន ៣០ ក្បាល ហើយ​ត្រូវបាន​បែង​ចែក​ការ​ប្រកួត​ជា ២ ពូល គឺ​ពូល D និង​ពូល C។

ជា​លទ្ធផល សេះ​ឈ្មោះ អារ៉េ ទទួល​បាន​លេខ ១ ប្រចាំ​ពូល D ឯ​លេខ ២ បាន​ទៅ​សេះ​ឈ្មោះ អា​ផ្កាយ និង​លេខ ៣ សេះ​ឈ្មោះ ប្រុស​ប៉ាវ ឯ​ពូល C លេខ ១ បាន​ទៅ​សេះ​ឈ្មោះ Hero លេខ ២ សេះ​ឈ្មោះ Mandoza និង​លេខ ៣ សេះ​ឈ្មោះ NA VA RA៕