ក្រុងប័រដូរ: លោក Jocelyn Gourvennec គ្រូបង្វឹករបស់ក្រុម Bordeaux បានទទួលស្គាល់កាលពីថ្ងៃចន្ទថា តារាឆ្នើម Malcom របស់ក្លិបបារាំងមួយនេះ កំពុងតែគិតទៅលើការផ្ទេរមួយទៅកាន់ក្លិប Arsenal ស្របពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ។
បើយោងទៅតាមបណ្តាញសារព័ត៌មានរបស់ប្រេស៊ីល ឱកាសរបស់ខ្សែប្រយុទ្ធ វ័យ ២០ ឆ្នាំរូបនេះ ក្នុងការផ្ទេរទៅកាន់ Arsenal គឺជាឱកាសដ៏ល្អ ហើយនិងធ្វើឲ្យក្លិប Bordeaux ទទួលបានតម្លៃខ្លួន ៥០ លានអឺរ៉ូ (ស្មើនឹង ៦១,៣ លានដុល្លារអាមេរិក)។
នៅមុនពេល ធ្វើការប្រកួតជាមួយនឹងក្រុម Caen ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 លោក Gourvennec បានឲ្យដឹងថា៖ «រូបគេមិនទាន់សម្រេចចិត្តទេ ប៉ុន្តែ កំពុងតែគិតលើការផ្ទេរនេះ»។
ស្របពេលជាមួយគ្នា Arsenal ក៏កំពុងតែពោរពេញដោយការជឿជាក់ទៅលើការនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Borussia Dortmund ក្រោយពីបានរៀបចំការពិភាក្សាផ្សេងៗជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រចក្រភពអង់គ្លេស The Guardian។
Dortmund កំពុងតែត្រៀមលក់ Aubameyang វ័យ ២៨ ឆ្នាំ តម្លៃខ្លួនដល់ទៅ ៦០ លានអឺរ៉ូ (ស្មើនឹង ៧៣,៥ លានដុល្លារអាមេរិក)៕ IS