ក្រុងឡុងដ៍: ការធ្វើដំណើររបស់ក្រុម Barcelona ទៅកាន់ទឹកដីក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ១ នៅរាត្រីនេះ នឹងផ្តល់ឱកាសដ៏ល្អឥតខ្ចោះដល់លោក Antonio Conte ក្នុងការស្តារកេរិ៍្តឈ្មោះរបស់លោកក្នុងនាមជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏អស្ចារ្យបំផុតប្រចាំទ្វីបអឺរ៉ុប។
ក្រោយពីបានកាត់បន្ថយសម្ពាធផ្សេងៗទៅលើការងាររបស់លោក តាមរយៈការដណ្តើមបានជ័យជម្នះ ២ លើកជាប់ៗគ្នា លើក្រុម West Brom និង Hull កាលពីសប្តាហ៍មុន លោក Conte បានឲ្យដឹងថា៖ «ការប្រកួតជាមួយនឹងក្រុម Barcelona គឺជាការប្រជែងដ៏អស្ចារ្យមួយសម្រាប់យើង»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់បន្តថា៖ «យើងត្រូវតែរំភើបក្នុងការលេងការប្រកួតបែបនេះ ជាពិសេសនៅពេលជួបក្រុមនេះ។ ខ្ញុំគិតថា Barcelona ជាក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក»។
លោក Conte ផ្ទាល់ក៏ចាត់ទុកខ្លួនឯងជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ឆ្នើមបំផុតក្នុងពិភពលោក តាមរយៈការគិតថា លោកជាអ្នកឈ្នះ បើទោះបីក្រុមខ្លួនចាញ់ ៤-១ នៅលើទឹកដីក្រុម Watford ក៏ដោយ។
ការលើកឡើងបែបនេះ ក្រោយពីលោកបានបង្ហាញពីស្នាដៃរបស់លោករួចជាស្រេច។ ក្នុងអាជីពគ្រូបង្វឹកដ៏ត្រចះត្រចង់ លោក Conte បានដឹកនាំឲ្យក្រុម Juventus លើកពានក្របខ័ណ្ឌ Serie A ៣ ឆ្នាំជាប់ៗគ្នា ក្រោយពីក្រុមនេះមិនធ្លាប់ឈ្នះសោះក្នុងរយៈពេល ៥ ឆ្នាំ។
គ្រូបង្វឹករូបនេះក៏បានបង្កើតការភ្ញាក់ផ្អើលផងដែរ តាមរយៈការដឹកនាំឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដែលមិនសូវមានតារាឆ្នើមៗ ឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៦ និងបានឈ្នះពាន Premier League ក្នុងរដូវកាលទី ១ របស់លោកនៅឯក្លិប Chelsea។
ទោះបីជាយ៉ាងណា ការធ្លាក់ចុះទម្រង់លេងរបស់ Chelsea ក្នុងរដូវកាលទី ២ របស់លោក និងការប្រេះស្រាំទំនាក់ទំនងរបស់លោកជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិប ធ្វើឲ្យមនុស្សជាច្រើនជឿជាក់ថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នឹងមិនបន្តដឹកនាំនៅកីឡដ្ឋាន Stamford Bridge ឲ្យហួសពីចុងរដូវកាលនេះឡើយ។
លោក Conte ត្រូវតែបង្កើតរាត្រីនៃការប្រកួត Champions League ប្រកបដោយភាពចងចាំ មិនថា លទ្ធផលនេះ អាចធ្វើឲ្យលោក Roman Abramovich ដែលជាម្ចាស់ក្លិប និងអ្នកស្រី Marina Granovskaia ដែលជាប្រធានក្លិប បន្តនៅដឹកនាំនៅរដូវកាលក្រោយ ឬយ៉ាងណាក៏ដោយ។
រយៈពេល ២ ឆ្នាំរបស់លោកក្នុងយុទ្ធនាការនេះ ជាមួយនឹង Juventus បានបញ្ចប់ដោយការចាញ់ក្នុងលទ្ធផលទាំង ២ ជើង ៤-០ នៃវគ្គ ៨ ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Bayern Munich និងការធ្លាក់ចេញត្រឹមវគ្គចែកពូលទាំងអាម៉ាស់ ក្រោមស្នាដៃរបស់ក្រុម Galatasaray។
នៅពេលនោះ លោក Conte បានត្អូញត្អែរថា វាមិនអាចទៅរួចឡើយសម្រាប់ក្រុមរបស់អ៊ីតាលី ក្នុងការឆ្លងឲ្យផុតវគ្គខ្ពស់ជាងនេះនៃក្របខ័ណ្ឌ Champions League។ ប៉ុន្តែ ការលើកឡើងរបស់លោកមិនមានភាពត្រឹមត្រូវឡើយ ខណៈដែលអ្នកជំនួសកន្លែងរបស់លោកគឺលោក Massimiliano Allegri បានដឹកនាំឲ្យក្រុម Juventus ទៅវគ្គផ្តាច់ព្រ័ត្រនៃ Champions League ២ លើកក្នុងរយៈពេល ៣ រដូវកាល។
លោក Heynckes នាំយកស្មារតីនៃការប្រជែងពាន៣ទៅកាន់ Bayern
ក្រុម Bayern Munich នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Besiktas ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ១ នៃក្របខ័ណ្ឌ Champions League ដោយនាំយកកំណត់ត្រានៃការទទួលជ័យជម្នះ ១៣ លើកជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោក Jupp Heynckes ដែលជាអ្នកធ្វើឲ្យក្រុមយក្សអាល្លឺម៉ង់មួយនេះ វិលទៅរកភាពខ្លាំងវិញ។
ចាប់តាំងពីលោក Heynckes បានជំនួសកន្លែងរបស់លោក Carlo Ancelotti ក្នុងនាមជាគ្រូបង្វឹក កាលពីដើមខែតុលា ក្រុម Bayern បានទទួលជ័យជម្នះ ២២ លើកក្នុងចំណោម ២៣ ប្រកួត មុនឈានទៅកាន់ការប្រកួតនៅរាត្រីនេះ នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich។
Bayern បានដេញតាមពីក្រោយក្រុម Borussia Dortmund ៥ពិន្ទុ នៅលើតារាងក្របខ័ណ្ឌ Bundesliga នៅពេលដែលលោក Heynckes វ័យ ៧២ ឆ្នាំ បានវិលទៅកាន់តំណែងជាលើកទី ៤ របស់លោកក្នុងក្លិបនេះ។
ការរងបរាជ័យ ៣-០ នៅលើទឹកដីក្រុម Paris Saint-Germain កាលពីចុងខែកញ្ញា គឺជាការប្រកួតចុងក្រោយរបស់លោក Ancelotti មុនពេលក្រុម Bayern បានដាក់ការជឿជាក់លើលោក Heynckes ក្នុងការសង្គ្រោះពួកគេ។
ការដឹកនាំឲ្យក្រុម Bayern មានទម្រង់លេងដ៏រឹងមាំ គឺជាការងារដ៏ចម្បងរបស់លោក Heynckes ចាប់តាំងពីជួយឲ្យក្រុមយក្សអាល្លឺម៉ង់មួយនេះ ឈ្នះពាន ៣ ក្នុងរដូវកាលតែមួយដែលរួមមាន Champions League, Bundesliga និង German Cup កាលពីរយៈពេល ៥ ឆ្នាំមុន។ នៅពេលដែល Bayern បានកោះហៅឲ្យលោកទៅដឹកនាំម្តងទៀត លោក Heynckes បានឲ្យដឹងថា៖ «ភរិយា និងកូនស្រីរបស់ខ្ញុំ បាននិយាយថា ខ្ញុំគួរតែធ្វើ។ សត្វឆ្កែរបស់ខ្ញុំក៏បានព្រុស ២ ដងផងដែរ ហេតុនេះ មានន័យថា ខ្ញុំគួរតែធ្វើការងារនេះ»។
ការហ្វឹកហាត់ផ្សេងៗ និងវិន័យក៏មានភាពតឹងរ៉ឹងក្រោមការដឹកនាំរបស់លោក Heynckes ផងដែរ។ ខ្សែប្រយុទ្ធ Thomas Mueller ដែលជាកីឡាករម្នាក់ដែលលោក Ancelotti មិនធ្លាប់បានប្រើប្រាស់ក្នុងទីតាំងដ៏ល្អបំផុតនោះ ត្រូវបានប្តូរពីតំបន់ស្លាប និងត្រូវបានដាក់ឲ្យលេងក្នុងទីតាំងបន្ទាប់ពីខ្សែប្រយុទ្ធ Robert Lewandowski។ កីឡាករ Javi Martinez ត្រូវបានប្តូរពីតំបន់ការពារកណ្តាល ដើម្បីលេងក្នុងតំបន់បម្រើការពារ ដែលជាតួនាទីរូបគេបានលេងកាលពីឆ្នាំ ២០១៣ និងបានផ្តល់នូវប្រសិទ្ធភាពភ្លាម។
Bayern ទើបតែបានពង្រឹងទីតាំងរបស់ពួកគេក្នុងចំណាត់ថ្នាក់លេខ ១ លើតារាងក្របខ័ណ្ឌរបស់អាល្លឺម៉ង់ តាមរយៈការវាយបកដើម្បីផ្តួលក្រុម Wolfsburg ២-១ និងដើម្បីនាំមុខ ១៩ ពិន្ទុដាច់។
ការប្រកួតទាំង ២ គូនឹងចាប់ផ្តើមនៅម៉ោង ២:៤៥ ទៀបភ្លឺ៕