ក្រុងបូហ្គូតា: លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FI-FA) កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​នៃ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល​ហៅ​កាត់​ថា VAR នឹង​ធ្វើការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ១ របស់​វា​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​រុស្ស៊ី នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ បើ​ទោះបី​មាន​ការ​ប្រឆាំង​ក្នុង និង​ក្រៅ​កីឡា​បាល់ទាត់​ក៏ដោយ។

ក្រោយពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា FIFA ដែល​បាន​យល់ព្រម​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​អង្គភាព កីឡា​បាល់ទាត់​អន្តរជាតិ (IFAB) ក្នុង​ទីក្រុង Zurich កាល​ពី ២ សប្តាហ៍​មុន លោក Infantino ឲ្យ​ដឹង​ថា៖ «យើង​នឹង​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៨ នេះ​ជា​លើក​ទី ១ ក្នុង World Cup ជាមួយ​ប្រព័ន្ធ VAR»។

World Cup ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ខែ​មិថុនា ដល់​ទី ១៥ ខែ​កក្កដា នោះ នឹង​ប្រើប្រាស់​ប្រព័ន្ធ VAR ដើម្បី​កាត់​សេចក្តី​ថា គ្រាប់​បាល់​ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី ឬ​អត់ ធ្វើការ​វិភាគ​ថា តើ​ត្រូវ​ផ្តល់​បាល់​ប៉េណាល់ទី ១ ឬ​យ៉ាង​ណា សម្រេច​ចិត្ត​ទៅ​លើ​ការ​ផ្តល់​កាត​ក្រហម និង​ពិនិត្យ​មើល​ថា កីឡាករ​ម្នាក់​គួរ​តែ​ត្រូវ​ដាក់​ពិន័យ ឬ​អត់?

លោក Infantino បាន​ឲ្យ​ដឹងថា៖ «អ្វីដែល​គួរ​យើង​ចង់​គឺ​ការជួយ និង​ផ្តល់​ឲ្យ​អាជ្ញា​កណ្តាល​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​បាន​នូវ​ជំនួយ​បន្ថែម​នៅ​ពេល​ដែល​លោក​ត្រូវ​ធ្វើការ​សម្រេច​សំខាន់ៗ​ជា​ច្រើន ហើយ World Cup មាន​ការ​សម្រេច​ចិត្ត​សំ-ខន់ៗ​ជា​ច្រើន»។

ជាមួយគ្នានេះ FIFA បាន​បញ្ជាក់ថា ខ្លួន​នឹង​លុបចោល​បម្រាម​រយៈពេល ៣០ ឆ្នាំ​ទៅ​លើ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទាត់​អន្តរជាតិ​នានា​លើ​ទឹកដី​អ៊ីរ៉ាក់ ខណៈ​ដែល​ទីក្រុង Arbil, Basra និង Karbala នឹង​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​រៀបចំ​ការ​ប្រកួត​ផ្លូវការ​នានា។

ប៉ុន្តែ FIFA បាន​បន្ថែម​ទៀត​ថា ពួកគេ​មិនទាន់​អាច​យល់​ព្រម​ទៅ​លើ​សំណើ​មួយ​ពី​សំណាក់​អាជ្ញាធរ​អ៊ីរ៉ាក់ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នានា​ក្នុង​រដ្ឋធានី​បាដាដ​ឡើយ។ អ៊ីរ៉ាក់ មិន​ធ្លាប់​បាន​លេង​ការ​ប្រកួត​អន្តរជាតិ​លើ​ទឹកដី​ខ្លួន​ឯង​សោះ បើ​គិត​ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​នេះ​លើ​ប្រទេស​កូវ៉ែត កាល​ពី​ឆ្នាំ ១៩៩០៕