ភ្នំពេញ: កម្មវិធី​ប្រដាល់​នៃ​សង្វៀន​អាស៊ីអាគ្នេយ៍ (SEATV) ពេល​យប់​ថ្ងៃ​សៅរ៍ ពី​ម៉ោង៨ ដល់​ម៉ោង ១០ និង ៣០ យប់ ដែល​មាន​ឈ្មោះ​ថា Ganzberg Top Fighters បាន​ដាក់​ឲ្យ​ដំណើរការ​ប្រកួត​ឡើង​វិញ​បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​មួយរយៈ​ពេល​ខ្លី​កន្លង​មក។

ការបើក​ឲ្យ​មាន​ប្រកួត​ឡើងវិញ​នេះ​ត្រូវបាន​គេ​មើលឃើញថា មាន​យុទ្ធសាស្ត្រ​ថ្មី រូបមន្ត​ប្រកួត​ថ្មី មាន​គូ​ដណ្តើម​ប្រាក់​លាន​រវាង​កីឡាករ​ល្បីៗ​ថ្នាក់​ជាតិ និង​គូ​មិត្តភាព​អន្តរជាតិ ក៏​ដូចជា​មាន​កីឡាករ​មក​ពី​អឺរ៉ុប និង​ថៃ ដើម្បី​ប្រជែង​យក​ភាព​ខ្លាំង​ស្វែងរក​ការ​គាំទ្រ​ពី​មហាជន ខណៈ​ដែល​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​រៀងរាល់​ចុង​សប្តាហ៍​ជា​ច្រើន​សង្វៀន ហាក់​ដូចជា​កំពុងតែ​ប្រជែង​ទីផ្សារ​គ្នា​ក្នុងការ​ស្វែងរក​កីឡាករ​ល្បីៗ​មួយ​ចំនួន​ដើម្បី​ឡើង​ប្រកួត។

ស្ថានភាព​ប្រកួត​ដ៏​មមាញឹក និង​ច្រើន​សង្វៀន​បានធ្វើ​ឲ្យ​កីឡាករ​ខ្លាំង​ឆ្នើមៗ​មួយ​ចំនួន​សឹងតែ​រក​ពេលវេលា​ហ្វឹកហាត់​មិន​បាន​គ្រប់គ្រាន់ ពី​ព្រោះ​តម្រូវ​ការ​ប្រកួត​ច្រើន​ពេក។

លោក Josef Brune តំណាង​អ្នកឧបត្ថម្ភ​កម្មវិធី Ganzberg Top Fighters មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ចុង​សប្តាហ៍​មុន​ថា៖ «ការ​បើក​ឲ្យ​ប្រកួត​ឡើង​វិញ​នេះ​គឺ​យើង​មាន​យុទ្ធសាស្ត្រ​ថ្មី​រូបមន្ត​ប្រកួត​ថ្មី ប្រាក់​រង្វាន់​ច្រើន និង​ជ្រើសរើស​កីឡាករ​ដែល​មាន​សមត្ថភាព​ល្អ​មក​ប្រកួត​ជូន ដើម្បី​ឲ្យ​មហាជន​ទស្សនា​ឲ្យ​ពេញ​ចិត្ត»។

លោក Josef Brune បន្តថា៖ «កម្មវិធី​ប្រកួត​ប្រដាល់​របស់ Ganzberg Top Fighters នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ហើយ​យើង​កំពុង​តែ​ធ្វើ​វា​ឲ្យ​កាន់​តែ​ល្អ ដោយ​សហការ​ជាមួយ​ខាង​ស្ថានីយ​ទូរទស្សន៍ SEATV និង​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ដើម្បី​ឲ្យ​ការ​ប្រកួត​កាន់​តែ​ប្រសើរ​ឡើងៗ​ជា​លំដាប់»។

លោក​យិន ខេមរា នាយក​ទីផ្សារ និង​ទំនាក់​ទំនង​សាធារណៈ​របស់ SEATV បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ស្វែងរក​នូវ​រូបមន្ត​ប្រកួត​ល្អ​ជាង​មុន ទាក់​ទាញ​ជាង​មុន តម្លៃ​ខ្លួន​ប្រកួត​កីឡាករ​ថ្នាក់​ជាតិ​កាន់​តែ​ច្រើន​ជាង​មុន ក្នុង​នោះ​កីឡាករ​មាន​មក​ពី​អឺរ៉ុប និង​ថៃ ហើយ​ការ​គ្រប់គ្រង​បច្ចេកទេស និង​ការ​កាត់​សេចក្តី ក៏មាន​ភាព​សុក្រឹត និង​តម្លាភាព ផង​ដែរ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន»។

លោក​ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «យុទ្ធសាស្ត្រ​នៃ​ការ​រៀបចំ​ប្រកួត​ក្នុង​កម្មវិធី Ganzberg Top Fighters នេះ​គឺ​ការ​រៀងរាល់​យប់​ថ្ងៃ​សៅរ៍ នៅ​ស្ទូឌីយោ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ក្នុង​មួយ​លើកៗ​តម្រូវ​ឲ្យ​មាន​គូ​មិត្តភាព​អន្តរជាតិ​ចំនួន ២ គូ​ពោល​គឺ​កីឡាករ​ខ្មែរ​ជាមួយ​ថៃ និង​កីឡាករ​ខ្មែរ​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​អីរ៉ុប»។

លោក​បាន​បន្តថា៖ «ជាមួយគ្នា​នេះ​ដែរ យើង​នឹងដាក់​ឲ្យ​មាន​គូ​ដណ្តើម​ប្រាក់​លាន​ចំនួន ២ គូរ​វាង​កីឡាករ​ខ្មែរ និង​ខ្មែរ​ដើម្បី​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​យក​ទឹក​ប្រាក់​ចំនួន ១០ លាន​រៀល​ពី GanzbergTop Fighter»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ក្នុងនាម​អ្នកគ្រប់គ្រង​កម្មវិធី តែងតែ​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​បម្រើ​ជូន​អ្នកទស្សនា ហើយ​តាម​ការ​ស្ទាបស្ទង់​នោះ សង្វៀន​របស់​យើង​រៀបចំ​ប្រកួត​បាន​ល្អ​ជាង​គេ។ បន្ថែម​ពី​លើ​នេះ សម្រាប់​កីឡាករ​ឈ្នះ​ប្រាក់​លាន ចំណាត់​ថ្នាក់​លេខ ១ នឹង​ទទួល​បាន​ប្រាក់​ចំនួន ១០ លាន​រៀល ហើយ​អ្នក​ឈ្នះ​លេខ ២ ទទួល​បាន​តែ ២ លាន​រៀល​ប៉ុណ្ណោះ»។

កម្មវិធី Ganzberg Top Fighters នេះ​ធ្លាប់​បើក​ការប្រកួត​នៅ​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ក្រោយ​មក​បាន​ប្តូរ​ទៅ​ប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍ និង​បាន​ផ្អាក​ការ​ប្រកួត​មួយ​រយៈ ហើយ​ចាប់​ពី​ខែ​មីនា ឆ្នាំ ២០១៨ នេះ​តទៅ នឹង​បើក​ការ​ប្រកួត​ជាថ្មី ដោយ​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ប្រកួត៕