ភ្នំពេញ: កីឡាករ-កីឡាការិនី​វ័យក្មេង​ចំនួន ១២ នាក់ មក​ពី​សាលា​រៀន​បឋម​សិក្សា​ផ្សេងៗ ដែល​បាន​ហ្វឹកហាត់​កីឡា​ហាប់គីដូ​នៅ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​នាទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​រយៈពេល ៦ ខែ បាន​ប្រឡង​ឡើង​ខ្សែ​ក្រវាត់​ក្នុង​កម្រិត​បឋម​ពី​ខ្សែ​ក្រវាត់​ពណ៌​ស ដល់​ខ្សែ​ក្រវាត់​ពណ៌​ទឹកក្រូច​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញ។

លោក​គង់ ចាន់ធីណា គ្រូបង្វឹក និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ បាន​ឲ្យដឹង​ថា៖ «ក្រោយ​ការ​តស៊ូ​បង្វឹក ឬ​បណ្តុះ​បណ្តាល​កីឡា​ប្រភេទ Hapkido នេះ​តាម​កន្លែង​សាធារណៈ​ផ្សេងៗ​អស់​រយៈពេល​ជាង ១០ ឆ្នាំ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​មាន​ទីតាំង​ហ្វឹកហាត់​ល្អ ទំនើប ស្តង់ដារ​អន្តរជាតិ ដែល​បាន​ទាក់ទាញ​យុវវ័យ​ក្មេងៗ​មក​ហ្វឹកហាត់​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់»។

លោក​បាន​បន្តថា៖ «ក្រោយ​ពី​លោក​ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​ទីតាំង​ហ្វឹកហាត់​ល្អ នៅ​ក្នុង​ស្តាត​រយៈពេល​ជាង ៦ ខែ​រួច​មក Hapkido ទទួល​បាន​សិស្ស​ក្មេងៗ​ថ្មី​ចំនួន ៣០ នាក់ មក​ហាត់​ជា​ប្រចាំ​រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដែល​មាន​ខ្ញុំ និង​គ្រូ​ជំនួយ ២ នាក់​ទៀត​បង្ហាត់​ផ្ទាល់​តែម្តង»។

លោក​បាន​កត់សម្គាល់​ថា៖ «ជា​លទ្ធផល​ក្នុង​រយៈពេល​ចំនួន​ជាង ៦ ខែ​កន្លង​មក​នេះ យើង​ជម្រើស​បាន​អ្នក​ឆ្នើម​ចំនួន ១២ នាក់​ឡើង​ប្រឡង​ដាក់​ពិន្ទុ ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​ក្នុង​ពេល​នេះ​តែ​ម្តង ពោល​គឺ​អ្នក​ថ្មី​បាន​ឡើង​ខ្សែក្រវាត់​ពណ៌​ស​ជា​លើក​ដំបូង»។

លោក​បាន​លម្អិត​ថា៖ «កីឡាករ​ប្រឡង​ឡើង​ខ្សែក្រវាត់​ពណ៌​ស​មាន​ចំនួន ៣ នាក់ ហ្វឹកហាត់​រយៈពេល ៣ ខែ​ឡើង បាន​ខ្សែក្រវាត់​ពណ៌​ស​ឆ្នូត។ អ្នក​មាន​ខ្សែ​ក្រវាត់​ស​ឆ្នូត​ចំនួន ៤ នាក់ ហ្វឹកហាត់ ៣ ខែ បាន​ឡើង​ខ្សែ​ក្រវាត់​ពណ៌​លឿង។ អ្នក​មាន​ខ្សែ​ក្រវាត់​ពណ៌​លឿង​ឆ្នូត​ចំនួន ៥ នាក់ ហ្វឹកហាត់​បន្ថែម ៣ ខែ​ឡើង បាន​ទទួល​ខ្សែក្រវាត់​ពណ៌​ទឹកក្រូច»។

លោក​គង់ មិថុនា គ្រូបង្វឹក​ជំនួយ បាន​ឲ្យ​ដឹង​ថា៖ «សិស្ស​ថ្មី​មក​ហ្វឹកហាត់​នៅ​ទីនេះ​ភាគ​ច្រើន​ជា​សិស្ស ដែល​មាន​អាយុ​ពី ៨ ឆ្នាំ ទៅ ១៨ ឆ្នាំ​មក​ពី​សាលា​ផ្សេងៗ​ពី​គ្នា»។

លោក​គង់ មិថុនា បាន​បន្តថា៖ «ចំពោះ​បញ្ហា​នៃ​ការ​ហ្វឹកហាត់​មាន​តម្លៃ​សមរម្យ និង​សម្រប​សម្រួល​ទៅ​តាម​ជីវភាព​ខ្វះខាត​របស់​សិស្ស​នីមួយៗ ពោល​គឺ​និយាយ​រួម​អ្នក​ក្រីក្រ​ក៏​អាច​ហ្វឹកហាត់​បាន​ដែរ»។

លោក​បាន​បញ្ជាក់ថា៖ «ផល​ប្រយោជន៍​សំខាន់​នៃ​ការ​ហ្វឹកហាត់​កីឡា​ហាប់គីដូ​គឺ​ដើម្បី​សុខភាព​រាងកាយ​ជា​ចម្បង បន្ថែម​លើស​ពី​នេះ ក្បាច់​និង​ស្នៀត​ហាប់គីដូ​ចាប់​ពី​ខ្សែ​ក្រវាត់​ខ្មៅ ១ ដាន់​ឡើង​ទៅ​ជា​ក្បាច់គុន​ការពារ​ខ្លួន​បាន​យ៉ាង​ល្អ ទាំង​ស្នៀត​កាច់ ស្នៀត​ដួល និង​ស្នៀត​លោត»។

លោក​គង់ មិថុនា បាន​បន្ថែម​ទៀត​ថា៖ «Hapkido ក៏​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កីឡា​ប្រយុទ្ធ​នានា​ផងដែរ ពីព្រោះ​កីឡា Hapkido មាន​ស្នៀត និង​ក្បាច់​ប្រយុទ្ធ​ដែល​ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​រាងកាយ ហេតុ​នេះ​ការ​ប្រយុទ្ធ​គ្នា​ម្តងៗ​គេ​ត្រូវ​ពាក់​សម្ភារ​ការពារ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ប្រកួត​បាន»៕