ភ្នំពេញ: គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហៅ​កាត់​ថា (IOC) បាន​ជំរុញ និង​ចង្អុល​បង្ហាញ​ឲ្យ​ក្រុមហ៊ុន Toyota របស់​ប្រទេស​ជប៉ុន និង​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ពិភាក្សា​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដើម្បី​ធ្វើជា​ដៃគូ​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ។ នេះ​តាម​ការ​អះអាង​របស់​លោក​វ៉ា​ត់ ចំរើន អគ្គលេ​ខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ក្នុង​ជំនួប​ជាមួយ​ក្រុមហ៊ុន Toyota នៅ​ទីស្នាក់ការ NOCC។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន​ប្រសាសន៍​ថា៖ «នេះ​គឺជា​ការ​ជួប​គ្នា​ដំបូង​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ឲ្យ​ក្រុមហ៊ុន Toyota ពិភាក្សា​លើ​ខ្ទង់​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ធ្វើ​បាន»។

លោក​បន្តថា៖ «នេះ​វា​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​របស់​កម្ពុជា ដែល​ទទួល​បាន​ការ​ការ​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​ផ្នែក​សម្ភារ លើក​ដំបូង​ពី​ក្រុមហ៊ុន​ធំ​ល្បី​បែប​នេះ។ ការ​គាំទ្រ​របស់ Toyota ទៅ​លើ​គម្រោង​របស់ NOCC នឹង​ជួយ​ដល់​ការ​ផ្សព្វផ្សាយ​ចលនា​គុណ​តម្លៃ និង​គោល​ការណ៍​តម្លាភាព​របស់​អូឡាំពិក​អន្តរជាតិ។ លោក Hiroyuki Itoh ប្រធាន​ក្រុមហ៊ុន Toyota ប្រចាំ​កម្ពុជា បាន​សាទរ និង​បាន​មក​ពិភាក្សា​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​យើង​ហើយ»។

ក្រោម​កិច្ច​ផ្ដួចផ្ដើម​របស់ IOC ក្រុមហ៊ុន Toyota មាន​មហិច្ឆតា និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​គោល​បំណង​គាំទ្រ​ដល់​សកម្មភាព​របស់ NOCC សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ឆ្នាំ ២០២០ ហើយ​បន្ត​គាំទ្រ​ពេញ​ទំហឹង​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ។

ប៉ុន្តែ ទោះបី​ជា​យ៉ាងណា លោក Itoh ប្រធាន​ក្រុមហ៊ុន Toyota ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា៖ «Toyota និង NOCC ចាប់ផ្តើម​មាន​ការ​ជួប​ប្រជុំ​គ្នា ដើម្បី​ឲ្យ​មាន​ការ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​កីឡា​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ការ​សហការ​គ្នា​ទៅ​បាន»៕