ក្រុងព្យុងឆាង: អត្តពលិក​រុស្ស៊ី នឹង​មិន​អាច​ចូលរួម​ដើរ​ដង្ហែ​ជា​ក្បួន​ពី​ក្រោយ​ផែនទី​របស់​ពួកគេ​ឡើយ​ក្នុង​កម្មវិធី​បិទ​ការ​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង​ព្យុង​ឆាង ឆ្នាំ ២០១៨ ក្រោយ​ពី​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហៅ​កាត់​ថា IOC បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ក្នុងការ​រក្សា​ការ​ដាក់​បម្រាម​សម្រាប់​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់។

ប៉ុន្តែ IOC បាន​បញ្ជាក់​ថា ការ​ដាក់​ពិន័យ​ព្យួរ​នេះ អាច​នឹង​ត្រូវ​លុប​ចោល​វិញ​ក្នុង​ពេល​ខាង​មុខ ប្រសិន​បើ​រក​មិន​ឃើញ​ករណី​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់​បន្ថែម​ទៀត​ពី​ព្រឹត្តិការណ៍​នេះ​ទេ​នោះ ក្រោយ​ពី​អត្តពលិក​រុស្ស៊ី ២ នាក់​ត្រូវបាន​ពិនិត្យ​ឃើញ​ជា​វិជ្ជមាន​ទៅ​លើ​ការ​ប្រើ​សារធាតុ​ហាម​ឃាត់ ក្នុង​ទីក្រុង​ព្យុងឆាង។

រុស្ស៊ី ត្រូវបាន​គេ​ដាក់​បម្រាម​កាល​ពី​ខែធ្នូ ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០១៨ ក្រោយ​ពី​ការ​រក​ឃើញ​ពី​ការ​បន្លំ​នៃ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​ក្នុង​ទ្រង់​ទ្រាយ​ធំ ប៉ុន្តែ អត្ដពលិក​ចំនួន ១៦៨ នាក់ ដែល​ត្រូវ​បាន​ប្រកាស​ថា «ស្អាតស្អំ» ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ដោយ​មិន​តំណាង​ឲ្យ​ប្រទេស​ណាមួយ​ឡើយ។

ពួ

កគេ​បានធ្វើ​ការប្រកួត​ដោយ​តំណាង​ឲ្យ​អត្តពលិក​អូឡាំពិក មក​ពី​រុស្ស៊ី ក្រោម​ការ​ណែនាំ​យ៉ាង តឹង​រ៉ឹង ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​បម្រាម​លើ​ការ​ប្រើ​ប្រាស់​ទង់ជាតិ ពណ៌​តំណាង​ជាតិ និង​ចម្រៀង​ជាតិ​របស់​រុស្ស៊ី ផង​ដែរ។

ការបោះឆ្នោត​ក្នុងការ​រក្សាទុក​នូវ​បម្រាម​នេះ បាន​កើត​ឡើង ក្រោយ​ពី​មាន​ការ​ណែនាំ​មួយ​ពី​សំណាក់​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់ IOC ដែល​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ និង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ម្សិលមិញ ដើម្បី​កំណត់​ជោគ​វាសនា​របស់​រុស្ស៊ី។ IOC «អាច​ធ្វើ​ការ​ពិចារណា​ក្នុងការ​លុប​ចោល​ការ​ដាក់​ពិន័យ​ព្យួរ​នេះ ក្រោយ​ពី​អត្តពលិក​អូឡាំពិក មក​ពី​ប្រទេស​រុស្ស៊ី បាន​គោរព​ការ​សម្រេច​ចិត្ត​របស់ IOC កាល​ពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ»។ នេះ​បើ​យោង​ទៅ​តាម​ការបញ្ជាក់​របស់​លោក Thomas Bach ដែល​ជា​ប្រធាន​របស់ IOC។

លោក Bach បាន​ឲ្យ​ដឹងថា៖ «ប៉ុន្តែ អត្តពលិក​រុស្ស៊ី ២ នាក់ ត្រូវបាន​ពិនិត្យ​ឃើញ​ជា​វិជ្ជមាន​សម្រាប់​ការ​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់​នៅ​ទីនេះ​ក្នុង​ទីក្រុង​ព្យុងឆាង។ នេះ​គឺជា​រឿង​ខកចិត្ត​ដ៏ធំ​មួយ និង​មិន​អនុញ្ញាត​ឲ្យ IOC លុប​ចោល​ការ​ដាក់​ពិន័យ​ព្យួរ​លើ​រុស្ស៊ី សម្រាប់​កម្មវិធី​បិទ​ការ​ប្រកួត​ឡើយ»៕