ភ្នំពេញៈ កុមារា កុមារី ពិការជើង មិនអាចដើរបាន មកពីខេត្តជាច្រើន ត្រូវបានអង្គការផ្កាយសមុទ្រ (ISF) ប្រមូលផ្តុំមកហ្វឹកហាត់កីឡាបាល់បោះអង្គុយលើរទេះ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកទាំងនោះឲ្យមានភាពសប្បាយរីករាយ ក្នុងសកម្មភាពកីឡាលើទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ នៅភូមិនិង ឃុំព្រះធាតុ ស្រុកកណ្តាលស្ទឹង។
លោកស្រី ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រ ប្រាប់ថា ISF ដែលមានទស្សនវិស័យតម្រង់ទិសផ្តោតលើការអប់រំ និងកីឡា បានផ្តល់ឱកាសដល់ក្មេងៗ គ្មានទីពឹង មិនបានចូលសាលារៀន ឲ្យមកទទួលសេវារៀនសូត្រ និងលេងកីឡា ហើយក្រៅពីបង្វឹកផ្នែកបាល់ទាត់ ដែលមានក្មេងជិត ៨០០០ នាក់ អង្គការ បានយកចិត្តទុកដាក់បង្កើតបាល់ទាត់ ជាមួយក្មេងគថ្លង់ និងក្មេងមានផ្ទុកមេរោគអេដជ៍ ទៀតផង។
លោកស្រី បញ្ជាក់ថា៖ «ឥឡូវនេះយើងកំពុងបណ្តុះបណ្តាលអត្តពលិកពិការជើងឲ្យលេងបាល់បោះអង្គុយលើរទេះ ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូបង្វឹកខ្មែរ និងមកពីអូស្ត្រាលី ដើម្បីផ្តល់ឲ្យពួកគេ បានលេងកីឡាកែប្រែស្ថានភាពស្មុគ្រស្មាញ មកកាន់ការសប្បាយរីករាយក្នុងជីវិត ដូចក្មេងធម្មតា»។
លោក ភី វឌ្ឍនា ជំនួយការសម្របសម្រួល ISF និយាយថា៖ «បច្ចុប្បន្នក្មេងៗពិការ កំពុងហ្វឹកហាត់បាល់បោះជិះរទេះ មានជាង ២០ នាក់ ហើយពួកគេត្រូវហ្វឹកហាត់ជាប្រចាំ ក្រៅពីសិក្សា និងការប្រកួតនៅចុងសប្តាហ៍ ដើម្បីឲ្យពួកគេទទួលបានភាពកក់ក្តៅក្នុងជីវិត ជាមួយ ISF ដែលបានធ្វើការជាមួយដៃគូជាអង្គការក្រៅរាជរដ្ឋាភិបាល ជាច្រើន ក្នុងការលើកស្ទួយ បណ្តុះបណ្តាលដល់កុមារ ដែលគ្មានលទ្ធភាពចូលរៀនសាលារដ្ឋ ឬឯកជន ដោយសារគ្មានអាណាព្យាបាល ឬឪពុកម្តាយ មានជីវភាពក្រីក្រលំបាក៕