ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ស័ង្កសី​ពណ៌​ដំបូង​គេ​នៅ​កម្ពុជា ISI PALM រួម​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាន់​គុន​ខ្មែរ និង​ទូរទស្សន៍ CNC បាន​រួម​គ្នា​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ដណ្តើម​ពាន​អន្តរជាតិ «កំពូល​អ្នកប្រដាល់​កណ្តាប់ដៃ​ដែក ISI PAlM» ដែល​ព្រឹត្តិការណ៍​នេះ​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ការ​ប្រកួត​សព្វ​ដង។

តាម​ខ្លឹមសារ ដែល​ត្រូវ​បាន​ប្រកាស​នៅក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ នឹង​ធ្វើ​នូវ​រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ១១:០០ ដល់​ម៉ោង ១:៣០ នៅ​សង្វៀន CNC គឺ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ តទៅ ហើយ​កីឡាករ​កម្ពុជា ៤ នាក់ ត្រូវ​ដាក់​ឲ្យ​ប្រកួត​សន្សំ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ ២ នាក់ និង​ឡាវ ២ នាក់ ដើម្បី​រក​ម្ចាស់​ពាន និង​ទឹក​ប្រាក់ ២៤ លាន​រៀល ឬ​ផ្ទះ​មេគង្គ​ម៉ូដែល ៦៦២ ដែល​មាន​តម្លៃ​ស្មើ​នឹង ២៨ លាន​រៀល។

លោក ហួរ រតនៈ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ទូរទស្សន៍ CNC បាន​ថ្លែង​ថា៖ «នេះ​ជា​ទំព័រ​ថ្មី​មួយ​ទៀត សម្រាប់​ដើម​ឆ្នាំ ២០១៨ នេះ ដែល CNC និង​ក្រុមហ៊ុន ISI STEEL ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ នេះ​ឡើង គឺ​មានន័យ​ថា ពួក​យើង​បាន​និង​កំពុង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក លើ​ទិសដៅ​លើក​ស្ទួយ ក៏​ដូចជា​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ខ្មែរ ឲ្យ​កាន់​តែ​រីក​ចម្រើន និង​ពង្រីក​មុខ​មាត់​ថែម​ទៀត លើ​ឆាក​អន្តរជាតិ»។

កីឡាករ ឡៅ ចន្ទ្រា, ពុទ្ធ ឆាយ​រិទ្ធី, ឆៃ សារ៉ា និង មាស សុជាតិ គឺជា​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា ដែល​ត្រូវ​ប្រកួត​ពាន​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម​នេះ ជាមួយ​កីឡាករ​ថៃ Neungtrakan, Rongnakoha កីឡាករ​ឡាវ Chanchai និង Phanchai ហើយ​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ៤ នាក់ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ។

ចំណែក​លោក សុខ វិចិត្រ នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន ISI STEEL និង​ផលិតផល​ស័ង្កសី​ពណ៌ ISI PALM បាន​ថ្លែង​ថា៖ «ISI PALM ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន ISI STEEL បាន​រួម​សហការ ជាមួយ CNC បង្កើត​នូវ​កម្មវិធី​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM ដើម្បី​ជាការ​លើក​ស្ទួយ និង​អភិរក្ស​វិស័យ​កីឡា​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ ក៏​ដូចជា​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន ដែល​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ផង​ដែរ»។

ចំណែក​លោក ម៉ិល កាដូ អគ្គនាយករង​កីឡា​តំណាង​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេ​ខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ស្វាគមន៍​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «នេះ​ជាការ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ក្បាច់​គុន​បុរាណ​ខ្មែរ ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន និង​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ អ៊ីចឹង​ក្នុង​នាម​ខ្ញុំ​តំណាង​ឲ្យ​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ គឺ​យើង​សន្យា​ថា នឹង​ខិតខំ​រៀបចំ​ការ​ប្រកួត​នេះ​ប្រកប​ដោយ​យុត្តិធម៌ ដើម្បី​ស្វែង​អ្នក​ឈ្នះ​ពាន​ដ៏​ពិត​ប្រាកដ​មួយ​រូប គឺ​អ្នកឈ្នះ​ដឹង​ឈ្នះ និង​ចាញ់​ដឹង​ចាញ់»៕