ក្រុងលីវើភូល: ភាពរឹងមាំរបស់តារាឆ្នើម Mohamed Salah អនាគតរបស់ Philippe Coutinho និងវត្តមានរបស់ Virgil van Dijk សុទ្ធសឹងជាបញ្ហាដ៏ចម្បងទាំង ៣ ដែល Liverpool កំពុងប្រឈមមុខ ខណៈដែលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុមជិតខាង Everton ក្នុងការប្រកួតពាន FA Cup ជុំទី ៣ នៅរាត្រីនេះ។
Salah ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ Liverpool ដោយរកបាន ២៣ គ្រាប់ បានអវត្តមានក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Burnley ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ ដោយសារតែបញ្ហារបួសក្រលៀន ហើយលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅ បានបញ្ជាក់ថា រូបគេនៅតែស្ថិតក្នុងភាពស្រពេចស្រពិល។
បើទោះបីបែបនោះក៏ដោយ ប៉ុន្តែ លោក Klopp ពិតជារីករាយក្នុងការអនុញ្ញាតឲ្យខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Sal-ah និងខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane ក្នុងការអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅកាន់ប្រទេសហ្គាណា ដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានកីឡាករឆ្នើមប្រចាំទ្វីបកាលពីថ្ងៃព្រហស្បតិ៍។
កីឡាករទាំងពីរសុទ្ធសឹងស្ថិតក្នុងបញ្ជីបេក្ខភាពដែលត្រូវឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិក ហើយលោក Klopp បានបញ្ជាក់ថា វាពិតជាសំខាន់ណាស់ដែលពួកគេមានវត្តមានក្នុងកម្មវិធីនោះ បើទោះបីវាប្រកៀកគ្នាទៅនឹងការប្រកួតជាមួយ Everton ក៏ដោយ។
Salah, Mane, Coutinho និង Roberto Firmino សុទ្ធសឹងត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធសំខាន់ទាំង ៤ របស់ Liverpool បើទោះបី Mane គឺជាកីឡាករតែម្នាក់ដែលលេងក្នុងជម្រើសដំបូងនៅលើទឹកដីក្រុម Burnley ក៏ដោយខណៈ Dominic Solanke ត្រូវបានអនុញ្ញាតឲ្យលេងក្នុងជម្រើសទាំង ១១ នាក់ក៏កម្រ។
Van Dijk ក៏មានសិទ្ធិក្នុងការចូលលេងផងដែរ ក្រោយពីបំពេញការផ្ទេររបស់គេពីក្លិប Southampton ក្នុងតម្លៃខ្លួន ៧៥ លានផោន (ស្មើ ១០២ លានដុល្លារ) កាលពីថ្ងៃចន្ទ។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ២:៥៥ ទៀបភ្លឺ៕