ភ្នំពេញ: កីឡាករ​យុទ្ធ​គុន​ចម្រុះ​របស់​ថៃ Kritsada “Dream Man” Kongsrichai នឹង​សម្លឹង​ការ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​សង្វៀន​ដាក់​ទ្រុង នៅ​ពេល​ដែល​រូបគេ​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​ហ្វីលីពីន Robin “The Ilonggo” Catalan ក្នុង​ព្រឹត្តិការណ៍ ONE: Irion Will នៅ​ពី​មុខ​អ្នក​​ទស្សនា​ដ៏​ច្រើន​កុះករ នា​ថ្ងៃ​សៅរ៍ ទី ២៤ ខែ​មីនា ខាង​មុខ​នេះ។

កីឡាករ​ទាំង ២ នឹង​ត្រូវ​ធ្វើការ​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៥៦,៧ កីឡូក្រាម នៅ​លើ​សង្វៀន Impact Arena ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ១២០០០ នាក់ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

Kongsrichai គឺជា​ម្ចាស់​ជើងឯក​ក្នុង​កីឡា​ចំបាប់​របស់​ថៃ ១៣ សម័យកាល ខណៈ​រូបគេ​មានកំណត់​ត្រា​ឈ្នះ​ដល់​ទៅ ១៨០ លើក និង​ចាញ់ ២០ ក្នុង​កីឡា​នេះ។ កីឡាករ​ថៃ​រូប​នេះ​បាន​ពន្យល់​ថា៖ «ខ្ញុំ​បាន​ចាប់ផ្តើម​ក្នុង​នាម​ជា​កីឡាករ​ចំបាប់​ម្នាក់។ ជាមួយ​នឹង​ការ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​អ្នក​ប្រយុទ្ធ​ថៃ​ផ្សេង​ទៀត​ក្នុង​កីឡា​នេះ ឬ​ក្នុង​អង្គភាព​នេះ ខ្ញុំ​មិន​មាន​ប្រភព​មក​ពី​ក្បាច់​មួយ​ថៃ​ឡើយ។ វា​ជា​រឿង​ចម្លែក​បន្តិច ប៉ុន្តែ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​រៀន​ជា​ច្រើន។ ខ្ញុំ​បាន​ដឹង​ថា មាន​ឧទាហរណ៍​ជាច្រើន​ដែល​ល្អ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ភាព​ផ្សេង​គ្នា»។

ជាមួយនឹង​ការ​មានកំណត់​ត្រា​ឈ្នះ ៦ លើក និង​ចាញ់ ៣ លើក មុននឹង​ឈាន​ជួប Catalan កីឡាករ Kongsrichai គិត​ថា រូបគេ​នៅ​តែ​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ខ្លួន ក្រោយ​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ ២ លើក​ជាប់ៗ​គ្នា​ក្នុងការ​ប្រកួត​របស់​គេ​កាល​ពី​ឆ្នាំ ២០១៧។

ក្រោយពី​ចាញ់​ដោយ​ស្នៀត​ក្លេ​ក្រោម​ស្នាដៃ​កីឡាករ Joshua Pacio កាលពី​ខែ​សីហា ឆ្នាំ ២០១៦ Kongsrichai បាន​កសាង​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​ត្រឡប់​មក​វិញ តាមរយៈ​ការ​ផ្តួល​កីឡាករ​ឥណ្ឌូនេស៊ី Adrian Matheis ដោយ​ការ​ប្រើ​ស្នៀត​ក្លេ​បំពង់​ខ្យល់​ក្នុង​ទឹក​ទី ១ កាល​ពី ១ ឆ្នាំ​មុន។ រយៈ​ពេល ៩ ខែ​ក្រោយ​មក Kongsrichai បាន​យក​ឈ្នះ​លើ​បង​ប្រុស​របស់ Robin តាម​រយៈ​ការ​ផ្តួល​ឲ្យ​រូប​គេ​សន្លប់​ក្នុង​ទឹក​ទី ១។

Kongsrichai បាន​បញ្ជាក់ថា៖ «ខ្ញុំ​ជាម​នុស្ស​ប្រកប​ដោយ​ភាព​វិជ្ជមាន​ម្នាក់។ ខ្ញុំ​យក​ជ័យជម្នះ និង​ការ​ចាញ់​នីមួយៗ​ជា​មេរៀន ក្នុង​ការ​រៀន និង​ដើម្បី​អភិវឌ្ឍ។ ខ្ញុំ​នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ»។

ទោះបីជា​យ៉ាងណា Kritsada មិន​ហាន​មើល​ស្រាល​លើ​ដៃគូ​ឡើយ ដោយ​គេ​បាន​លើក​ឡើង​ថា៖ «រូបគេ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ម្នាក់។ ខ្ញុំ​គិត​ថា រូបគេ​ក៏​ចង់​សម្រេច​ក្តី​សុបិន​របស់​គេ​ក្នុង​កីឡា​នេះ​ផង​ដែរ។ ប៉ុន្តែ នៅ​ថ្ងៃទី ២៤ ខែ​មីនា ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​ដែល​ទទួល​ជ័យ​ជម្នះ។ នេះ​នឹង​ក្លាយជា​សង្គ្រាម​មួយ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ឈ្នះ​ការ​ប្រកួត​នេះ​ពី​មុខ​ប្រជាជន​របស់​ខ្ញុំ»។

ជាមួយគ្នានេះ កីឡាករ​ហ្វីលីពីន Catalan ក៏មាន​កំណត់ត្រា​ឈ្នះ ៦ លើក និង​ចាញ់ ៣ លើក​ដូចគ្នា ផង​ដែរ​៕