Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - KRE ចាប់ផ្តើម​ប្រជែង ជាមួយ​ឈ្មោះ​ថ្មី

Content image - Phnom Penh Post
ការប្រកួត​រវាង​ក្រុម Glant FC (ក្រហម) និងក្រុម​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ស្រេង ម៉េងស្រ៊ុន

KRE ចាប់ផ្តើម​ប្រជែង ជាមួយ​ឈ្មោះ​ថ្មី

ភ្នំពេញៈ ការប្រកួត​បាល់ទាត់​អាជីព​ចម្រុះ​ខ្មែរ​រៀល​អ៊ីស្ទេត លើក​ទី ៦ ឆ្នាំ ២០១៧ បាន​ចាប់​ដំណើរការ​ប្រកួត​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​ទៅវគ្គ​បន្ត​ហើយ ប៉ុន្តែ​អ្នក​ផ្តួចផ្តើម​បង្កើត​ព្រឹត្តិការណ៍​មួយ​នេះ បាន​សម្រេច​ប្តូរ​ឈ្មោះ​ការប្រកួត​ពីការ​ប្រកួត​ពាន Khmer Real Estate Cup 2017 ទៅជា​ការ​ប្រកួត​លីក Khmer Real Estate League 2017 (KRE League) វិញ​ម្តង ដើម្បី​តម្រូវ​ទៅតាម​ស្ថានភាព​ជាក់ស្តែង និងឲ្យ​កាន់តែ​មាន​ភាពងាយ ក្នុងការ​គ្រប់គ្រង។

លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដែល​ជា​ផ្តួចផ្តើម​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង បាន​ថ្លែង​នៅក្នុង​ពិធី​បើកការ​ប្រកួត​នៅ​ទីលាន​ដំរីស កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា៖ «ពិត​ណាស់ យើង​បាន​ប្តូរការ​ប្រកួត​ពាន​រង្វាន់ Khmer Real Estate Cup របស់​យើង​ទៅជា​ការប្រកួត​លីក​វិញម្តង​គឺ Khmer Real Estate League ដែល​កំណត់​យកតែ ១៦ ក្រុម​ចូលរួម​ទេ ហើយ​ការផ្លាស់​ប្តូរ​លេងតាម​រូបមន្ត​លីក ១ ជុំ រួច​យក ៤ ក្រុម​មាន​ពិន្ទុខ្ពស់​ជាងគេ​ទៅ​ប្រកួត​នៅវគ្គ​ខ្វែង និង​ផ្តាច់ព្រ័ត្រ​នេះ យើង​ក៏មាន​ភាពងាយ​ស្រួល​គ្រប់គ្រង ជាង​ការប្រកួត​កាលពី​ឆ្នាំ​មុនៗ ដែលមាន​ការបែង​ចែក​ជាពូល​ផងដែរ»។

គួររំឭក​ថា ការ​សម្តេច​ផ្លាស់ប្តូរ​មកជា​ការប្រកួត​បាល់ទាត់​ចម្រុះ​អាជីព​លីក​ខ្មែររៀល​អ៊ីស្ទេត ប្រចាំ​ឆ្នាំ ២០១៧ វិញ​នេះ គឺធ្វើ​ឡើង​បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការប្រកួត​នេះ មិនអាច​រកទីលាន​ថ្មី​មួយ​ទៀត ក្រៅពី​ទីលាន​ដំរី​ស ដើម្បី​ទទួល​ក្រុម​ផ្សេងទៀត​ឲ្យ​ចូលរួម​តាម​គម្រោង​បាន​ព្រាងទុក​គឺ ២៤ ក្រុម ព្រោះ​ពេលវេលា​នៃការ​ប្រកួត​មាន​កំណត់។

យ៉ាង​ណា​ក៏ដោយ លោក គីម ហ៊ាង ដែល​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ផង​នោះ នៅតែ​បាន​បង្ហាញ​ពី​មោទនភាព​ដែល​ព្រឹត្តិការណ៍​មួយ​នេះ នៅតែ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំងពី​អ្នក​ចូលរួម ដែល​មាន​គ្រប់​ស្រទាប់ រួមទាំង​កីឡាករ​អាជីព និង​កីឡាករ​បរទេស​ផងដែរ។

លោក គីម ហ៊ាង បាន​បញ្ជាក់​ថា៖ «ការប្រកួត​នេះ មាន​អ្នក​ចូលរួម​ចម្រុះ គឺមាន​ទាំង​អ្នក​ជាប់​សែ​ក្រឡាយ​រាជវង្ស អ្នកមាន​ងារ​ជាលោក​ឧកញ៉ា ឯកត្តម មន្ត្រី​រាជការ ប៉ូលិស អ្នក​ជំនួញ ហើយ​ក៏មាន​កីឡាករ​កំពុង​លេង​នៅលីក​កំពូល​កម្ពុជា និង​កីឡាករ​បរទេស ដែល​មាន​ពី៥ទៅ៦សញ្ជាតិ។ ជារួម​ក្នុង​ចំណោម​កីឡាករ​ចូលរួម​ជិត ៤០០ នាក់ គឺមាន​កីឡាករ​បរទេស​ប្រហែល ៤០ នាក់ កីឡាករ​អាជីព​កំពុង​លេង​នៅលីក​កំពូល​កម្ពុជា ប្រហែល ២០ នាក់ ឯ​អតីត​កីឡាករ​អាជីព និង​យុវជន មាន​ច្រើន​តែម្តង»។

សម្រាប់​ការប្រកួត​បើក​រដូវកាល កាល​ពីថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ម្សិលមិញ ក្រុម Anvaya បាន​ឈ្នះ​ក្រុម Havas ១-០ ឯក្រុម White Tiger បាន​ឈ្នះ​ក្រុម HHK ៣-០ ប៉ុន្តែ​ក្រុម Blue Dragon បាន​ចាញ់​ក្រុម Goodhill ៣-២។

ចំណែក​ក្រុម Avatar បាន​លត់​ក្រុម Kon Khmer ៦-២ ហើយ​ក្រុម Bayon បានស្មើ​ក្រុម Khmer United ២-២ ខណៈ​ក្រុម​កំពង់ចាម បាន​វាយបក​យក​ឈ្នះ​ក្រុម Glant FC ៤-២។ រីឯ​ក្រុម​និស្ស័យ បាន​លត់ក្រុម V.Train ៥-០ ហើយ​ក្រុម Narita ជាមួយ​ក្រុម Bassac ៣-៣៕

0

Comments

Please, login or register to post a comment