ភ្នំពេញ: កីឡាករ​ប្រដាល់​របស់​ថៃ Kreang Krai ត្រូវបាន​រំពឹង​ទុក​ថា នឹង​បន្ថែម​ស្ថិតិ​ឈ្នះ​បាន ៣ ពិន្ទុ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ជឹម ចិត្រា ក្នុង​ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៥ គីឡូក្រាម នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ នា​រសៀល​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០១៨ ក្នុង​សប្តាហ៍​ទី ៦ ជុំ​ទី ៣ ខណៈ​ដែល ២ ប្រកួត​កន្លង​មក រូប​គេ​ឈ្នះ​កីឡាករ​ខ្មែរ​ទាំង ២ ប្រកួត។

ការយក​ឈ្នះ​លើ​ជឹម ចិត្រា មក​ពី​ក្លិប​ខ្លារខិន​នោះ ទំនង​មិន​មែន​ជា​ឧបសគ្គ​ធំ​សម្រាប់​កីឡាករ​ថៃ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​កក់​កៅអី​ផ្តាច់​ព្រ័ត្រ​នោះ​ឡើយ។ កីឡាករ​កម្ពុជា​ម្នាក់​ទៀត​មឿន សុខហ៊ុច ត្រូវ​ប្រឈម​ទៅ​នឹង​ជើង​ខ្លាំង​ថៃ​ដូចគ្នា ដោយ​រូប​គេ​ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង Sen Khum ស្រប​ពេល​ដែល​សុខហ៊ុច និង​ជឹម ចិត្ត្រា ប្រកួត​កន្លង​មក ឈ្នះ ១ និង​ចាញ់ ១ ប្រកួត មាន ៤ ពិន្ទុ​ដូច​គ្នា។

ទោះបី​អ្នក​ប្រដាល់​ខ្មែរ​ទាំង ២ នាក់​នេះ​ចាញ់​បន្តទៀត​មាន​ពិន្ទុ​តិច​ក៏​នៅ​តែ​មាន​ឱកាស​បាន​ឡើង​ម្នាក់​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ផង​ដែរ​ពីព្រោះ​ង៉ែត្រ​រដ្ឋា និង គឹម វាសនា បាន​ចាញ់ ២ ប្រកួត​ម្នាក់​ទៅ​ហើយ។

Kreang Krai មាន​វ័យចាស់​បន្តិច​មែន ប៉ុន្តែ ២ ប្រកួត​របស់​គេ បាន​បញ្ចប់​ក្នុង​លទ្ធផល​ល្អ ដោយ​បាន​ផ្តួល​កីឡាករ​កម្ពុជា​ង៉ែត្រ រដ្ឋា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ៤ និង​ឈ្នះ​គឹម វាសនា ដោយ​ពិន្ទុ។

គេ​ជា​អ្នក​ប្រដាល់​ដែល​ចាស់វស្សា​ចិត្តធ្ងន់ ល្អ​ជង្គង់ កែង និង​កណ្ដាប់ដៃ មិន​តែ​ប៉ុណ្ណោះ​គេ​មាន​ស្នៀត​ការពារ​បាន​ល្អ​ផង​ដែរ។ Kreang Krai មាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៤ លើក ឈ្នះ ៧២ លើក​ចាញ់ ១៩ ដង ស្មើ​ពិន្ទុ ៣ លើក និង​វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​បាន ១២ លើក។

ជឹម ចិត្ត្រា ពេលខ្លះ​រូបគេ​វាយ​បានល្អ តែ​ពេលខ្លះ​ក៏​យ៉ាប់ និង​ឆាប់​សន្លប់​ដែរ។ ២ ប្រកួត​របស់​ចិត្រា ក្នុង​ព្រឹត្តិការណ៍​នេះ បាន​បញ្ចប់​ដោយ​ឈ្នះ​បាន ១ ប្រកួត និង​ចាញ់ ១ ប្រកួត។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៣ លើក ឈ្នះ ៥៨ លើក ចាញ់ ១៤ លើក ស្មើ​ពិន្ទុ ១ លើក និង​វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​បាន ១០ ដង។

លោកស្រី​ឡុង រ៉ាវី អ្នក​គ្រប់គ្រង​ជឹម ចិ​ត្ត្រា បាន​បញ្ជាក់ថា កីឡាករ​រូបនេះ​ហ្វឹកហាត់ និង​ត្រៀម​បាន​ល្អ ប៉ុន្តែ​ការ​ប្រកួត​មិន​ហ៊ាន​និយាយ​ពី​ជ័យ​ជម្នះ​មុន​នោះ​ទេ ពី​ព្រោះ​សុទ្ធ​តែមាន​ក្បាច់​ប្តូរ​គ្នា។ ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី​បាន​បញ្ជាក់​ថា ការ​ចាញ់ ឬ​ឈ្នះ គឺជា​ការ​វាយ​អស់​ពី​សមត្ថភាព ហើយ​ក៏​សូម​ផ្តាំ​ទៅ​អ្នក​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​មិន​ចាំ​បាច់​បន្ធូរ​ដៃ​ឡើយ​គឺ​ចាញ់ ឬ​ឈ្នះ​តាម​សមត្ថភាព​ពិត។

មឿន សុខហ៊ុច ក្លិប​ពុទ្ធ​សេរីវង្ស ត្រូវ​ប៉ះ Sen Khum។ ក្នុងការ​ប្រកួត ២ លើក​កន្លង​មក Sen Khum បាន​ឈ្នះ​ទាំង ២ ប្រកួត មាន ៦ ពិន្ទុ​ដូច Kreang Krai ដែរ។ ចំពោះ សុខហ៊ុច វិញ ២ ប្រកួត​របស់​គេ ឈ្នះ​មួយ​ប្រកួត ចាញ់ ១ ប្រកួត មាន ៤ ពិន្ទុ។

SenKhum ប្រកួត​ចំនួន ៦៩ ដង ឈ្នះ ៦២ ចាញ់ ៦ និង​ស្មើ​ពិន្ទុ ១ ដង ខណៈ​សុខ​ហ៊ុច មាន​ប្រវត្តិ​ប្រកួត​ចំនួន ១៣៨ ដង ឈ្នះ ១១០ ដង ចាញ់ ២៤ ដង និង​ស្មើ​ពិន្ទុ ៤ ដង៕