ក្រុងមែលប៊ន: កីឡាការិនីវាយកូនបាល់មានចំណាត់ថ្នាក់លេខ៤ក្នុងពិភពលោក Petra Kvitova បាននិយាយថា នាងប្តេជ្ញាថា នឹងប្រើប្រាស់ព្រឹត្តិការណ៍ Australian Open នៅឆ្នាំនេះ ដើម្បីធ្វើការជួសជុលផ្សេងៗទៅលើការធ្លាក់ចេញទាំងអាម៉ាស់ក្នុងជុំទី១របស់នាងក្នុងយុទ្ធនាការនេះកាលពីឆ្នាំ២០១៤។ កីឡាការិនីសញ្ជាតិឆែករូបនេះ បានឈានទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុនក្នុងនាមជាកីឡាការិនីមានចំណាត់ថ្នាក់លេខ៦ប្រចាំព្រឹត្តិការណ៍ ប៉ុន្តែ បានធ្លាក់ចេញទាំងភាពអាម៉ាសក្រោមស្នាដៃកីឡាការិនីថៃ Luksika Kumkhum ក្នុងការប្រកួតបើកឆាក។ ខណៈដែលកំពុងតែរីករាយជាមួយនឹងការមានទម្រង់លេងយ៉ាងល្អ និងពោរពេញដោយការជឿជាក់ ក្រោយពីការឈ្នះពាន Sydney International កាលពីសប្តាហ៍មុន Kvitova បានប្រកាសថា នាងនៅតែមានការចងចាំដ៏ខកចិត្តចំពោះការធ្លាក់ចេញកាលពីឆ្នាំមុន និងចង់បំភ្លេចការរងបរាជ័យដ៏អាម៉ាស់នោះ។ កីឡាការិនីរូបនេះបានឲ្យដឹងថា៖ «ខ្ញុំចង់បំភ្លេចការធ្លាក់ចេញកាលពីឆ្នាំមុន ប៉ុន្តែ ជាអកុសល វាមិនអាចទៅរួចនោះឡើយ។ ប៉ុន្តែ ខ្ញុំដឹងថា ខ្ញុំអាចធ្វើបានល្អប្រសើរជាងមុន ហេតុនេះ វាជារឿងដ៏ល្អ»។ Kvitova បានប្រាប់ឲ្យដឹងបន្តថា៖ «ខ្ញុំពិតជារំភើបដើម្បីប្រកួត ពិតណាស់ វាជាកម្មវិធី Grand Slam មួយ។ វាជាអ្វីដែលខ្ញុំចង់លេង។ ខ្ញុំនឹងធ្វើរាល់អ្វីទាំងអស់ដែលខ្ញុំអាចដើម្បីធ្វើឲ្យល្អជាងឆ្នាំមុន ពីព្រោះវាជារឿងដ៏ខកចិត្តមួយ។ វាមិនបានក្លាយជាពេលដ៏ល្អសម្រាប់ខ្ញុំឡើយ»។ កីឡាការិនីរូបនេះ នឹងធ្វើការប្រកួតបើកឆាករបស់នាងក្នុង Australian Open នៅថ្ងៃអង្គារ នៅពេលដែលនាងជួបជាមួយនឹងកីឡាការិនីសញ្ជាតិហូឡង់ Richel Hogenkamp។ Kvitova ម្ចាស់ជើងឯក Wimbledon ពីរសម័យកាល មានប្រវត្តិគួរឲ្យកត់សម្គាល់មួយក្នុងទីក្រុង Melbourne តាមរយៈការឈានទៅវគ្គ៨នាក់ចុងក្រោយកាលពីឆ្នាំ២០១១ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេលមួយឆ្នាំក្រោយមក ប៉ុន្តែ មិនបានឆ្លងផុតជុំទី២ក្នុងការបង្ហាញខ្លួន៤លើកផ្សេងទៀតក្នុងកម្មវិធី Grand Slam ដំបូងគេប្រចាំរដូវកាលមួយនេះឡើយ។ ប៉ុន្តែ ម្ចាស់ជើងឯកឆ្នាំ២០១៤ Li Na របស់ចិន ដែលនឹងមិនធ្វើការការពារពាន Australian Open របស់នាង ក្រោយពីបានប្រកាសចូលនិវត្តន៍កាលពីខែកញ្ញានោះ បានប្រកាសថា កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ នឹងក្លាយជាកីឡាការិនីដ៏ខ្លាំងដែលត្រូវផ្តួលក្នុងយុទ្ធនាការនៅឆ្នាំនេះ។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com