ក្រុងមេនឆេស្ទ័រ: តារា​ឆ្នើម Lionel Messi នឹង​ចាប់ផ្តើម​ការ​ធ្វើ​ដំណើរ​របស់​គេ​ទៅ​កាន់​យុទ្ធនាការ World Cup នៅ​រាត្រី​នេះ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ ដោយ​សង្ឃឹម​ថា អាច​ឈ្នះ​ពាន​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​អាជីព​ដ៏​ត្រចះ​ត្រចង់​របស់​គេ។

ក្នុង​ក្លិប Barcelona ខ្សែប្រយុទ្ធ​ឆ្នើម Messi បាន​ជួប​បទពិសោធ​នៃ​ការ​ទទួល​ជោគជ័យ​ដ៏​ធំ​ធេង តាមរយៈ​ការ​ឈ្នះ​ពាន La Liga ៨ លើក និង​ពាន​ក្របខ័ណ្ឌ Champions League ៤ លើក ស្រប​ពេល​ដែល​រូបគេ​ក៏​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់​ពិភពលោក FIFA''s Ballon d''Or ៥ លើក​ផង​ដែរ។

ប៉ុន្តែ ការ​ស្ថិតក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្ទៃមេឃ និង​ឆ្នូតស​របស់​ក្រុម​អាហ្សង់ទីន បាន​ផ្តល់នូវ​ពេលវេលា​ដ៏គួរ​ឲ្យ​ឈឺ​ចាប់​បំផុត​នៃ​អាជីព​របស់​គេ។

ស្រប​ពេលដែល​កម្រ​ទទួលបាន​ជោគជ័យ​ជាមួយនឹង ក្រុម​អាហ្សង់ទីន មិន​ដូច​ទៅ​នឹង​ការ​លេង​ឲ្យ​ក្លិប Barcelona កីឡាករ Messi បាន​ស៊ូទ្រាំ​ទៅ​នឹង​ការ​រិះគន់​ផ្សេងៗ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​លើក។ ពិត​ណាស់ មិន​មាន​នរណា​មិន​ចាត់​ទុក​ថា Messi ជា​កីឡាករ​ម្នាក់​ដ៏​ឆ្នើម​បំផុត​របស់​ពិភពលោក​ឡើយ ប៉ុន្តែ អ្នក​គាំទ្រ​ជា​ច្រើន​ក្នុង​ប្រទេស​អាហ្សង់ទីន ជឿជាក់​ថា រូបគេ​មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា មាន​កម្រិត​ដូច​ទៅ​នឹង​លោក Diego Maradona ឡើយ លុះ​ត្រា​តែ​រូបគេ​ឈ្នះ​ពាន​រង្វាន់​ធំ​មួយ​ជាមួយ​នឹង​ប្រទេស​របស់​គេ ខណៈ​ដែល​លោក Maradona បាន​ឈ្នះ​ពាន World Cup ឆ្នាំ ១៩៨៦។

អ្វីដែល​កាន់តែ​ឈឺចាប់​ទៅទៀត​នោះ​គឺថា Messi បាន​រង​បរាជ័យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ​ធំ ៣ លើក ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ អាហ្សង់ទីន ស្រប​ពេល​ដែល​ពាន World Cup ឆ្នាំ ២០១៤ និង​ពាន​ក្នុង​ព្រឹត្តិការណ៍ Copa America ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ សុទ្ធ​សឹង​បាន​របូត​ចេញ​ពី​ដៃ​របស់​គេ។

Messi បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍​អាហ្សង់ទីន La Cornisa កាល​ពី​ពេល​ថ្មីៗ​ថា៖ «ខ្ញុំ​បាន​យំ​ជា​ច្រើន​លើក ដោយសារ​តែ​ការ​ប្រកួត​បែប​នេះ សម្រាប់​ការ​ចាញ់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ សម្រាប់​អ្វី​ដែល​ពាន​ទាំង​នោះ​មានន័យ​ចំពោះ​ខ្ញុំ និង​សម្រាប់​ការ​មិន​អាច​សម្រេច​ក្តី​សុបិន​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ។វា​ជា​ការ​ខកចិត្ត​ដ៏​ធំ​មួយ​ដែល​លំបាក ក្នុងការ​ទទួល​យក»។

យុទ្ធនាការ World Cup ជា​លើក​កាលពី​ឆ្នាំ ២០១៤ ពិតជា​បានផ្តល់​ការ​ខក​ចិត្ត​ដ៏​ធំ​ចំពោះ Messi ខណៈ​ដែល​រូបគេ​បាន​ខ្ជះខ្ជាយ​ឱកាស​មាស​មួយ​ក្នុង​ការ​ជួយ​ឲ្យ​អាហ្សង់ទីន​មាន​គ្រាប់​បាល់​នាំ​មុខ​មុន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​បាន​បន្ត​យក​ឈ្នះ ១-០ នៅ​នាទី​បន្ថែម​ ១៥ នាទី ២ ដង។

អ្វីដែល​កាន់តែ​ល្វីង​ជូរចត់​ទៅទៀត​នោះ​គឺថា រូបគេ​បាន​ស៊ុតបាល់​ប៉េណាល់ទី​កាត់​សេចក្តី​មិន​ចូល​ទី​ជា​លើក​ទី ១ ក្នុង​អាជីព​របស់​គេ នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ចាញ់​ក្រុម​ជម្រើស​ជាតិ​ស៊ីលី ក្នុងការ​ប្រកួត Copa America វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី ២ ឆ្នាំ​មុន។

បើទោះបី Messi នៅតែ​ស្ថិត ក្នុង​កម្រិត​លេង​ដ៏​កំពូល​របស់គេ​ក៏ដោយ ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ​រូប​នេះ ដឹង​ថា World Cup នៅ​រុស្ស៊ី ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មិថុនា អាច​នឹង​ក្លាយជា​ឱកាស​ជា​លើក​ចុង​ក្រោយ​របស់​គេ ក្នុងការ​ដណ្តើម​យក​ពាន​មាស​ដ៏​ល្បីល្បាញ​បំផុត​មួយ​នេះ។ រូបគេ​អាច​នឹង​នៅ​តែ​លេង​ក្នុង​អាជីព​ជា​កីឡាករ​របស់​គេ នៅ​ត្រឹម​យុទ្ធនាការ World Cup ឆ្នាំ ២០២២ ក្នុង​ប្រទេស​កាតា ប៉ុន្តែ វ័យ​របស់​គេ​ក៏​កាន់​តែ​ចាស់​ផង​ដែរ។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ២:៤៥ ទៀបភ្លឺ៕