ក្រុងឡុងដ៍: ការ​ធ្វើ​ដំណើរ​របស់​ក្រុម Manchester United ទៅ​កាន់​ទឹកដី​ក្រុម Sevilla ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ គឺជា​ប្រភេទ​នៃ​ឱកាស​សម្រាប់​ក្រុម​យក្ស​របស់​អង់គ្លេស​មួយ​នេះ ក្នុង​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន ក្រោយ​ពី​បាន​ចំណាយ​ប្រាក់ ៨៩ លាន​ផោន (ស្មើ ១២៥ លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​យក Paul Pogba ក្នុង​រយៈពេល​ត្រឹម​តែ ៤ ឆ្នាំ ក្រោយ​ពី​រូបគេ​បាន​ចាក​ចេញ​ពី​កីឡដ្ឋាន Old Trafford ទៅ​កាន់ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន។

ប៉ុន្តែ វា​នៅតែ​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ អាច​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​នា​កីឡដ្ឋាន Sanchez Pizjuan សម្រាប់​ការ​ប្រកួត​ជើង​ទី ១ នៃ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង និង​បញ្ហា​នៃ​ភាព​រឹងមាំ​របស់​គេ ឬ​យ៉ាង​ណា​ឡើយ។

Pogba មិន​ធ្លាប់​លេង​ឲ្យ​បាន​រយៈពេល ៩០ នាទី​ពេញ​សោះ ក្នុង​រយៈពេល ១ ខែ​មក​ហើយ ខណៈ​ដែល​រូបគេ​មិន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​លោក Jose Mourinho ឡើយ​ក្នុង​ពេល​ពួកគេ​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Tottenham និង Newcastle ស្រប​ពេល​រូបគេ ក៏​ត្រូវ​បាន​មើល​រំលង​ដោយ គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ផង​ដែរ ក្នុង​ពេល​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Huddersfield នា​កីឡដ្ឋាន Old Traford។

បណ្តញ​សារ​ព័ត៌មាន​ជាច្រើន​ក្នុង​ប្រទេស​បារាំង បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា Pogba មិន​ពេញ​ចិត្ត​នឹង​តួនាទី​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​រូបគេ​ដោយ​លោក Mourinho ឡើយ ជា​ពិសេស​ការ​ដាក់​ឲ្យ រូបគេ​លេង​ក្នុង​តំបន់​ការពារ​ដោយ​គ្រូបង្វឹក​រូប​នេះ។

លោក Mourinho បាន​បញ្ជាក់​ថា Pogba នឹង​លេង​ក្នុង​តួនាទី​ដែល​រូបគេ​ពេញ​ចិត្ត​នៅ​តំបន់​បម្រើ​ស្លាប ក្នុង​ពេល Man United ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ពាន FA Cup លើ​ទឹកដី​ក្រុម Huddersfield កាល​ពី​ថ្ងៃ​សៅរ៍ ប្រសិន​បើ​រូបគេ​មិន​ត្រូវបាន​លុប​ឈ្មោះ​ចេញ​នៅ​មុន​ពេល​ការ​ប្រកួត​ដោយសារ​តែ​បញ្ហា​ជំងឺ​ទេ​នោះ។

វត្តមាន​របស់​តារា​ឆ្នើម Alexis Sanchez នៅ​តំបន់​ប្រយុទ្ធ​ខាងឆ្វេង​របស់ Man United កាល​ពី​ខែ​មករា កាន់​តែ​ធ្វើ​ឲ្យ​មិន​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​កាន់​តែ​ខ្លាំង ខណៈ​ដែល Pogba និង​តារា​ឆ្នើម​អន្តរជាតិ​ស៊ីលី​រូបនេះ មិន​ទាន់​បាន​ចូល​លេង​រួម​ជាមួយ​គ្នា​រយៈពេល ៩០ នាទី​ពេញ​នៅ​ឡើយ​ទេ។

លោក Mourinho បាន​ចាត់​ទុក​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ​ទៅ​លើ​ការ​បែក​បាក់​ទំនាក់​ទំនង​រវាង​រូប​លោក និង Pogba គឺជា​រឿង​កុហក ប៉ុន្តែ លោក​មិន​បាន​លាក់បាំង​ពី​ការ​រិះគន់​របស់​លោក​លើ​ទម្រង់​លេង​របស់​កីឡាករ​វ័យ ២៤ ឆ្នាំ​រូប​នេះ​ឡើយ។

គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «នៅ​ពេល​នេះ រូបគេ​លេង​មិន​បាន​ល្អ​ឡើយ ហើយ​ក្រុម​ក៏ត្រូវ​ការ​រូបគេ​ក្នុង​កម្រិត​ដ៏​ល្អ​មួយ​ដែរ»។

ការ​ប្រកួត​ទាំង ២ គូ នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៤៥ ទៀប​ភ្លឺ៕