ក្រុងមុយនិក: ខ្សែប្រយុទ្ធ Thomas Mueller បានបញ្ជាក់ថា ក្រុម Bayern Munich អាចឈ្នះពានក្នុងរដូវកាលតែមួយដូច កាលពីឆ្នាំ ២០១៣ ដែរ ក្រោយពីបានផ្តួលក្រុមសល់សមាជិកត្រឹមតែ ១០ នាក់ Besiktas ក្នុងការប្រកួតជើងទី ១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ។
ក្រុម Bayern កំពុងតែបោះ ១ ជំហានឆ្ពោះទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ខណៈដែល Besiktas ប្រឈមមុខនឹងការការងារដែលស្ទើរតែមិនអាចទៅរួចសម្រាប់ការប្រកួតជើងទី ២ ក្នុងទីក្រុង Istanbul នាថ្ងៃទី ១៤ ខែមីនា។
ទាំង Mueller និងខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ដូចគ្នា ខណៈដែល Bayern បានបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួចក្នុងតង់ទី ២ នៅលើទឹកដីអាល្លឺម៉ង់។
នៅពេលដែលត្រូវបានចោទសួរថា Bayern អាចឈ្នះពានដូចកាលពីឆ្នាំ ២០១៣ ដែលរួមមានពាន Champions League, Bundesliga និង German Cup ឬ យ៉ាងណា Mueller បានឆ្លើយថា៖ «រាល់អ្វីៗទាំងអស់គឺអាចទៅរួច»។
ប៉ូន្តែ ទោះបីជាយ៉ាងណា លោកគ្រូបង្វឹក Jupp Heynckes វ័យ៧២ឆ្នាំ ដែលបានដឹកនាំឲ្យក្រុម Bayern ឈ្នះពាន ៣ ក្នុងរដូវកាលតែមួយកាលពី៥ឆ្នាំមុន បានបញ្ជាក់ថា Bayern ត្រូវតែធ្វើឲ្យបានល្អប្រសើរជាងនេះ ប្រសិនបើពួកគេចង់ឈ្នះពានទាំង ៣ ម្តងទៀត។
លោក Heynckes បានឲ្យដឹងថា៖ «ការនិយាយបែបនេះគឺជាការងាររបស់អ្នកកាសែត ព្រោះ Champions League គឺជាយុទ្ធនាការខុសគ្នាមួយ ហើយយើងត្រូវតែធ្វើឲ្យបានល្អប្រសើរជាងនេះ»៕ IS