ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកំណត់គោលដៅជាយុទ្ធសាស្ត្រក្នុងផែនការ គឺធ្វើយ៉ាងណាឲ្យកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន ៩៦ ដើម្បីឲ្យកម្ពុជា អាចឈរក្នុងប្រទេសទាំង៥ ដែលដណ្តើមបានមេដាយមាសច្រើនជាងគេ (Top5) ក្នុងចំណោមប្រទេសទាំង ១១ នៅអាស៊ាន ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣ គឺយើងបានត្រៀមដាក់ប្រភេទកីឡាចំនួន ៣៤ ក្នុងនោះមាន ១៥ ប្រភេទ ដែលកម្ពុជាធ្លាប់ឈ្នះបានមេដាយ និងមានសក្តានុពល ក្នុងការប្រកួតស៊ីហ្គេម កន្លងមក»។
លោកបានបន្ថែមថា៖ «តាមផែនការយុទ្ធសាស្ត្រ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ គឺយើងបានដាក់គោលដៅ ត្រូវឈ្នះមេដាយមាស ឲ្យបាន ២២ នៅស៊ីហ្គេម ឆ្នាំ ២០១៩ និងដាក់គោលដៅ ឈ្នះមេដាយមាសឲ្យបាន ៥៦ នៅស៊ីហ្គេម ឆ្នាំ ២០២១ ហើយនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងដាក់គោលដៅឈ្នះមេដាយមាស ឲ្យបាន ៩៦ ទើបយើងអាចឈរ ក្នុងលំដាប់កំពូលក្នុងប្រទេសទាំង ៥ បាន ព្រោះការហ្វឹកហាត់ និងការអភិវឌ្ឍ ក្នុងវិស័យកីឡា គេក៏ប្រឹង យើងក៏ប្រឹង និងមានការវិវឌ្ឍដូចគ្នាទាំងអស់គ្នា»។
ជាមួយគ្នានេះ NOCC ក៏បានបង្ហាញពីចំនួនមេដាយ ដែលកម្ពុជាដណ្តើមបាន ពីការប្រកួតស៊ីហ្គេម ឆ្នាំ ១៩៩៥ រហូតដល់បច្ចុប្បន្ន ផងដែរ ដោយមានមេដាយមាសសរុបចំនួន ២៣ ប្រាក់ ៥៨ និងសំរឹទ្ធចំនួន ១៣៥ ហើយប្រភេទកីឡា ដែលដណ្តើមបានមេដាយមាសទាំង ២៣ នោះ មានក្រុមប៉េតង់ បានមាស ១០ ចំបាប់បាន៥ វ៉ូវីណាមបាន៤ ខណៈក្រុមតេក្វាន់ដូ សីដក់ សូរិនហ្ស៊ិកាំប៉ូ និងប្រដាល់គុនខ្មែរ ឈ្នះបានមេដាយមាស១ដូចគ្នា។
លោក ចំរើន បានលម្អិតថា៖«ការហ៊ានអះអាង និងដាក់គោលដៅ ផែនការយុទ្ធសាស្ត្របែបនេះ គឺយើងផ្អែកលើការដឹកនាំហ្វឹកហាត់ តាមបច្ចេកទេស ដោយមានបញ្ជូនអត្តពលិក ទៅក្រៅប្រទេស ពិសេសការប្រកួតកន្លងមក យើងមានទិន្នន័យ និងសក្តានុពល ពីប្រភេទកីឡា ដែលកម្ពុជាមានខ្ទង់១០ប្រភេទ គួរទុកចិត្តបាន ដូចជា ប៉េតង់ ចំបាប់ វ៉ូវីណាមតេក្វាន់ដូ សីប៉ាក់តាក្រឈិនឡូន (សីដក់) សូរិនហ្ស៊ិកាំប៉ូ គុនខ្មែរ ល្បុក្កតោ ប្រដាល់សកល ជាដើម។
លោកបន្ថែមថា ចំពោះប្រភេទកីឡាបាល់ទាត់ កម្ពុជាបានដាក់គោលដៅឲ្យឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ ដែលចាត់ទុកថា ជាជោគជ័យហើយ។ ចំណែកកីឡាបាល់ទះ បាល់បោះ និងកីឡាជាក្រុមផ្សេងទៀត យើងនឹងកំណត់ឲ្យបានយ៉ាងហោចណាស់ត្រូវឈ្នះ២ប្រកួត ដើម្បីឈានចូលវគ្គពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ។
ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា៖ «ការកំណត់គោលដៅ របស់អ្នកជំនាញកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាឈរក្នុងលំដាប់ Top5 នោះ គឺសមរម្យ អាចយើងដណ្តើមបាន ក្នុងចំណាត់ថ្នាក់នេះ។ ប៉ុន្តែបើធ្វើជាម្ចាស់ផ្ទះ មិនដណ្តើមបានមេដាយក្នុងលំដាប់កំពូលទាំង៥នោះទេ គឺយើងមិនទទួលបានជោគជ័យឡើយ»៕