Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - NOCC សុំ​ឲ្យ​បាល់​ទាត់​បាល់ទះ បង្កើត​ក្រុម​នារី ត្រៀម​ស៊ីហ្គេម

Content image - Phnom Penh Post
សកម្មភាព​ប្រកួត​បាល់​ទាត់​នារី ដែល​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​រៀបចំ​កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

NOCC សុំ​ឲ្យ​បាល់​ទាត់​បាល់ទះ បង្កើត​ក្រុម​នារី ត្រៀម​ស៊ីហ្គេម

ភ្នំពេញៈ លោក ថោង ខុន ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​សុំ​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បង្កើត​ឲ្យ​មាន​ជា​ក្រុម​បាល់​ទាត់ និង​បាល់ទះ​នារី ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា។

លោក ថោង ខុន បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បង្កើត​ឲ្យ​មាន​ក្រុម​បាល់​ទាត់​នារី ព្រោះ​យើង​ធ្វើជា​ម្ចាស់​ផ្ទះ ត្រូវ​តែ​មាន​ហើយ ឯខាង​បាល់ទះ​ក៏​អ៊ីចឹង​ដែរ។ ខាង​បាល់​ទាត់ និង​បាល់ទះ​នេះ ជា​កម្លាំង​ធំ​ណាស់ សំខាន់​លុយ ព្រោះ​បាល់​ទាត់​មាន​ការ​ជួយ​ពី FIFA ផង និង​អ្នក​ឧបត្ថម្ភ​ពី​ខាងក្រៅ​ផង ចំណែក​ខាង​បាល់​ទះ ហា​ទៅ​ណា​ក៏​លុយ​ដែរ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អ ក្នុងការ​បង្កើត​ក្រុម​នារី ដើម្បី​យក​មេដាយ​មាស​ឲ្យ​កម្ពុជា»។

ការលើក​ឡើង​របស់​លោក ថោង ខុន ត្រូវបាន​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ កាល​ពី​ថ្ងៃ​អង្គារ នៅ​ទីស្នាក់ការ NOCC គឺ​នៅ​ពេល​លោក បាន​សាកសួរ​ទៅ​កាន់​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ១០ ជុំវិញ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ការ​បណ្តុះ​បណ្តាល​ធនធាន ត្រៀម​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣។

លោក ម៉ៃ តុលា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ជុំវិញ​សំណើ​សុំ​ឲ្យ​មាន​ការ​បង្កើត​ឲ្យ​មាន​ក្រុម​បាល់ទាត់​នារី។ «បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង គឺ​ការ​ប្រកួត​បាល់​ទាត់​បុរស យើង​មាន​ការ​លំបាក​ខ្លាំង ក្នុងការ​ដណ្តើម​យក​មេដាយ តែ​ក្រុម​បាល់ទាត់​នារី យើង​មាន​សក្តានុពល​ជាង​ក្រុម​បាល់ទាត់​បុរស»។

លោក​បាន​បន្ថែម​ថា៖ «បើសិន​ជា​ក្រសួង​អប់រំ និង NOCC ច្បាស់​ថា ត្រូវ​តែ​មាន​ក្រុម​បាល់ទាត់​នារី ក្នុង​ស៊ីហ្គេម ឆ្នាំ ២០២៣ យើង​នឹង​រៀបចំ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា យើង​មិន​ដែល​មាន​ការ​ប្រមូល​ផ្តុំ​ក្រុម​ធំ​បាល់ទាត់​នារី កន្លង​មក​ទេ ដោយសារ​តែ​ពួកគាត់​លេង​ត្រឹម​អាយុ ១៧ ឬ ១៨ ឆ្នាំ ក៏​ឈប់​ទៅ»។

លោក ម៉ៃ តុលា បញ្ជាក់​ថា៖ «ហេតុនេះ​បើសិន​ជា​ច្បាស់​ថា យើង​ត្រូវ​តែ​ខំប្រឹង និង​មាន​ការ​គាំទ្រ ទៅ​ឆ្នាំ ២០២៣ គឺ​ត្រូវ​តែ​មាន​ការ​ធានា​ថា នៅ​ពេល​អាជីព​បាល់ទាត់​ផុត​ទៅ ពួក​គាត់​មិន​យឺត​ពេល ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ទៅ​ចូល​បំពេញ​ការងារ​លើ​ជំនាញ​របស់​គាត់ ក្នុង​ស្ថាប័នរដ្ឋ​ណាមួយ ទើប​អ្វីៗ​ដែល​យើង​គ្រោង​នឹង​ធ្វើ​ត្រៀម​ឆ្នាំ ២០២៣ ទទួល​បាន​ការ​គាំទ្រ»។

ចំណែក​លោក បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ហាក់​មិន​ជឿជាក់​ថា ការ​បង្កើត​ឲ្យ​មាន​ក្រុម​បាល់ទះ​នារី នឹង​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​បាន​មេដាយ ក្នុងការ​ប្រកួត​នៅ​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ នោះ​ទេ។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​កិច្ច​ប្រជុំ​ថា៖ «បើ​សិន​ជា NOCC និង​ក្រសួង​អប់រំ តម្រូវ​ឲ្យ​មាន​ក្រុម​បាល់ទះ​នារី សម្រាប់​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០២៣ យើង​នឹង​ប្រឹង​ប្រែង​បង្កើត​ឲ្យ​មាន ប៉ុន្តែ​យើង​មិន​ហ៊ាន​ធានា​ចំពោះ​លទ្ធផល ដែល​យើង​នឹង​ទទួល​បាន​នោះ​ទេ។ យើង​ផ្តោត​ខ្លាំង​តែ​ទៅ​ការ​គ្រប់គ្រង​ក្រុម​បាល់ទះ​បុរស គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​ពង្រឹង​ក្រុម​នេះ​ឲ្យ​បាន​ខ្លាំង ដើម្បី​ដណ្តើម​ឲ្យ​បាន​មេដាយ​កម្រិត​ណា​មួយ ទោះបី​យើង​មិន​រំពឹង​ឈ្នះ​ដល់​មេដាយ​មាស»។

ជាមួយនឹង​បញ្ហា​ប្រឈម គឺ​ការខ្វះ​ការគាំទ្រ​ពី​មហាជន ពិសេស​អ្នក​ឧបត្ថម្ភ បាន​ធ្វើ​ឲ្យ​គម្រោង​ចង់​បង្កើត​ក្រុម​បាល់ទាត់ និង​បាល់ទះ​នារី សម្រាប់​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០២៣ ហាក់​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក ថោង ខុន បាន​ប្រាប់​ថា លោក​នឹង​យក​បញ្ហា​ទាំង​នេះ​ទៅ​ពិគ្រោះ​ជាមួយ​រដ្ឋាភិបាល ព្រោះ​ការ​បង្កើត​ឲ្យ​មាន​ក្រុម​បាល់ទាត់​នារី និង​ក្រុម​បាល់ទះ​នារី ពិត​ជា​មាន​សារៈ​សំខាន់ នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣៕

0

Comments

Please, login or register to post a comment