ភ្នំពេញៈ គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំ​ពិកកម្ពុជា (NPCC) បាន​បញ្ចប់​ការ​ប្រកួតជ្រើសរើស​អត្តពលិក​ជន​ពិការ សម្រាប់​ដាក់​ចូល​ក្នុងក្រុម​ជម្រើសជាតិ ឆ្នាំ​ ២០១៨ ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ការ​ប្រភេទ​កីឡា​ចុង​ក្រោយ​គឺ ហែល​ទឹក បាន​បញ្ចប់​ការ​ប្រកួត នៅ​អាង​ហែក​ទឹក​​នៃ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក យី វាសនា អគ្គលេខាធិការ NPCC បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «​ខ្ញុំ​អាច​និយាយ​​បាន​ថា នេះជា​ថ្ងៃ​ចុង​ក្រោយ ដែល​យើង​រៀបចំ​ការ​ប្រកួតកីឡា​ហែល​ទឹក ​ជ្រើសរើស​រក​អត្តពលិក​ មាន​សមត្ថ​ភាព ចូលជា​ជម្រើសរើសជាតិ ឆ្នាំ​ ២០១៨​ ខណៈ​ប្រភេទ​កីឡា​អត្តពលកម្ម វាយកូនឃ្លី​លើតុ បាល់​ទះ​អង្គុយ បាញ់​ធ្នូ ​បាញ់​កាំ​ភ្លើង បាល់ឱប​ជិះ​រទេះ និងបាល់បោះ​ជិះ​រទេះ យើង​បាន​ធ្វើ​រួច​រាល់​ហើយ»។

យ៉ាង​ណា​ក៏ដោយ គណៈកម្មការ​នៅ​លើ​​ប្រភេទ​កីឡា​នីមួយៗ នៅ​មិន​ទាន់​​បាន​សម្រេច ឬ​​​បញ្ចេញ​បញ្ជី​ឈ្មោះ​​បេក្ខភាព ដែល​ត្រូវ​ដាក់​ឲ្យ​ចូល​ហ្វឹក​ហាត់ ​ក្នុង​ក្រុម​ជម្រើសជាតិ​កីឡាជន​ពិការ ក្នុង​ឆ្នាំ​នេះ​នៅ​​ឡើយ​ទេ ដោយ​ត្រូ​វ​ពេល​វេលា​ពិភាក្សា​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យការ​ជ្រើសរើស​នេះ មាន​តម្លា​ភាព និង​យុត្តិធម៌។

ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡា​បាញ់​កាំភ្លើង ត្រូវ​បាន​លោក យី វាសនា ​ប្រាប់​ថា មិន​មាន​ការ​ជ្រើស​រើសអត្តពលិក ដាក់​ក្នុងក្រុម​ជម្រើសជាតិ នៅ​ឆ្នាំ​ ​២០១៨​ នេះ​ទេ ព្រោះ​មាន​អ្នក​ចូល​រួម​ប្រកួត​តិចពេក ជា​ពិសេស​ប្រភេទ​កីឡា​នេះ ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្តង់​ដារ​អន្តរជាតិ ជា​មុន​សិន។

កីឡាករ យូ សុជា បាន​ទទួល​​កញ្ចប់​ថវិកា​ពី​លោក យី វាសនា ដែលលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន និង​លោក​ស្រី ប៊ុនរ៉ានី ហ៊ុន សែន បាន​ចង់​ដៃ​អាពិពាហ៍​ពិពាហ៌​របស់​គេ ដែល​ត្រូវ​ចូល​រោង នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ រូបថត ឈន ណន

គួរ​បញ្ជាក់​ថា ក្រុម​កីឡាជន​ពិការ ត្រូវ​បាន​ក្រសួងអប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​​មាន​ការ​​ប្រមូល​ផ្តុំ​ជា​ក្រុម​ជម្រើសជាតិ ជា​លើក​ដំបូង ដោយ​ក្នុង​នោះ​​ក្រសួង​អប់រំ ​បាន​កំណត់​ឲ្យ​មាន​កីឡាករ​ ១៧ នាក់ កីឡាការិនី​ ៥ ​នាក់ គ្រូ​បង្វឹក​៨ ​នាក់ និង​អនុរក្ស ​២ ​នាក់ សរុប​ ៣២​ នាក់។

យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​ប្រភេទ​កីឡា​ហែល​ទឹកចុង​ កាល​ពី​ព្រឹក​មិញ​នេះ មាន​អ្នក​ចូល​រួម​​ប្រកួត​ប្រជែង​ចំនួន​ ២៣​ នាក់ គឺ​លើស​ពី​ឆ្នាំ ​២០១៧ ដែល​មាន​ត្រឹម ​១៤ ​នាក់ ហើយ​នៅ​ក្នុង​នោះ​កីឡាករ​ពិការ​ជើង យូ សុជា ដែល​​ត្រូវ​ចូល​រោងការ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ ក៏​បាន​ចូល​រួម​​ប្រកួត​ប្រជែង​នឹង​គេ​ដែរ។

វត្តមាន​របស់​ យូ សុជា ក្នុងការ​​​​ប្រកួត​កីឡា​ហែល​ទឹក​នេះ ត្រូវ​បានលេចឮ​ទៅ​ដល់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំ​ពិកកម្ពុជា តាម​រយៈ​លោក យី វាសនា ហើយ​ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម លោក ហ៊ុន សែន និងលោក​ស្រី ប៊ុនរ៉ានី ហ៊ុន សែន ​បាន​ចូល​រួម​ចង​ដៃ​ពិធី​ការ​របស់ យូ សុជា ចំនួន​ ១ លានរៀល ដែល​ថវិកា​នេះ ត្រូវ​​បាន​លោក យី វាសនា ប្រគល់​​ឲ្យ យូ សុជា ភ្លាមៗ​តែ​ម្តង។

ជាមួយ​គ្នា​នេះ លោក យី វាសនា បាន​បន្ថែម​ថា៖​​ «បើ​ទោះ​បីជា​ បង​ប្អួន​ជន​ពិការ​ទាំង​អស់ មិន​បាន​ជាប់​ជម្រើស​ជាតិ​ពេញ​សិទ្ធិ ក្រោយ​ពី​ការ​សម្រេច​របស់គណៈកម្មការ​ ក៏​យើង​នឹង​ដាក់​ពួក​គាត់ ​ជាអត្តពលិក​​ត្រៀម​ជម្រើសជាតិ ផង​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់»។

លោក​បាន​បន្ថែម​ទៀត​ថា៖​«ជាមួយ​គ្នា​នេះ ​ខ្ញុំ​សូមអំពាវ​នាវឲ្យ​​អាណាព្យាបាល និង​ប្អូនៗ​ទាំង​អស់ ដែល​ចូល​ចិត្ត​​លេង​កីឡា សូម​មក​ចុះ​ឈ្មោះ​នៅ គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំ​ពិកកម្ពុជារបស់​យើង ដើម្បី​យើង​មាន​លទ្ធភាព​រៀបចំ​ឲ្យ​មាន​ការ​ហ្វឹក​ហាត់​ ជា​បន្ត​បន្ទាប់ ព្រោះបើ​ចង់​ជាប់​ជម្រើស​ជាតិ ត្រូវការ​ហ្វឹក​ហាត់​យ៉ាង​តិច​ពី​​ ១ ​ឆ្នាំ ទៅជាង​ ១ ​ឆ្នាំ ដើម្បី​អាច​បាន​កម្រិត​ចូល​ជម្រើសជាតិ បាន»៕